នំ​​ផ្លែ​អាយ​​ មាន​​ប្រវត្តិ​មិន​នឹក​ស្មាន​ដល់​ ​គួរ​ឲ្យ​ចាប់​អារម្មណ៍

  • 2016-10-19 15:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​ផ្លែ​អាយ ​ជា​​បង្អែម​​ស្រស់​​​​មួយ​ប្រភេទ ដែល​បង​ប្អូន​ខ្មែរ​​​ធ្វើ​ដោយ​ម្សៅ​អង្ក​​ដំណើប​លញ់​ស្រោប​ដុំ​ស្ករ​ត្នោត​នៅ​ខាង​ក្នុង បង្កើត​​បាន​ជា​រសជាតិ​​ផ្អែម​ស្អិត គួរ​​​ឲ្យ​ចង់​ពិសា។  

នៅ​តាម​តំបន់​មួយ​ចំនួន​ ​​​​​គេ​ហៅ​ឈ្មោះ​វា​​​​​​​​​​ផ្សេង​​ៗ​គ្នា​ ដូច​ជា​ នំ​ខាំ​ស្ករ នំ​បង្កប់​ស្ករ​ ជា​ដើម ប៉ុន្តែ​ ឈ្មោះ​​នំ "ផ្លែ​អាយ " មាន​​ឈ្មោះ​ដើម​ថា នំ​បំពួន​ស្ករ។ នេះ​បើ​តាម​ឯកសារ​​វចនានុក្រម​ខ្មែរ​​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត។ ពី​ព្រោះ​វា​មាន​​ន័យ​ត្រឹម​ត្រូវ​តាម​​អត្ថន័យ​របស់​នំ ដែល​​ដុំ​ស្ករ​ត្នោត​ដាក់​​បង្កប់​ខាង​ក្នុង​។ ​​​​​​​​​​​​​​​​​​​​​  

​តាម​ឯកសារ​ដដែល​​បាន​ឲ្យ​ដឹង​ថា នំ​ផ្លែ​អាយ ខ្មែរ​ហៅ​​ឈ្មោះ​​បាន​៣​​យ៉ាង​គឺ នំ​ផ្លែ​អាយ នំ​កើត​ក្ដី ​ឬ​​នំ​បំពួន​ស្ករ​។ ចំពោះ​អត្ថន័យ​នៃ​​​ឈ្មោះ​ទាំង​​​​នោះ​​គឺ​មាន​រឿង​រ៉ាវ​​​ទាក់​ទង​​ដូច​ខាង​ក្រោម៖  

នំ​ផ្លែ​អាយ៖ ចាស់​ៗ​​បាន​តំណាល​ប្រាប់​ថា ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​​អង្គ​ឌួង គេ​ច្រើន​យក​​នំ​នេះ​ទៅ​ដាក់​ភ្ជាប់​​លើ​មែក​ឈើ​ ឬ​មែក​ឫស្សី​ដែល​គេ​កាត់​យក​មក​ដោត​លើ​កំណាត់​ដើម​ចេក។ គេ​ភ្ជាប់​នំ​​នេះ​​តម្រៀប​គ្នា​ ស្រដៀង​នឹង​ឈើ​មាន​ផ្លែ រហូត​គេ​សន្មត​ឈ្មោះ​ថា នំ​ផ្លែ​អាយ​ (គឺ​ទុក​ដូច​ជា​ឈើ​ផ្លែ​នៅ​អាយ)។  

នំ​កើត​ក្ដី​៖ តាម​រឿង​ព្រេង​មួយ​ថា មាន​បុរស​ពីរ​នាក់​ជា​សម្លាញ់​នឹង​គ្នា កំពុង​អង្គុយ​ហូប​នំ​​នេះ​ជា​មួយ​គ្នា។ បុរស​ម្នាក់​អង្គុយ​​ហូប​​តាម​ធម្មតា តែ​បុរស​ម្នាក់​ទៀត​ហូប​នំ​នេះ​ដោយ​ខាំ​ចំ​ពាក់​កណ្ដាល​ ក៏​ខ្ទាត​ទឹក​ស្ករ​ខាង​ក្នុង​បាញ់​​ត្រូវ​មុខ​​​​​​​​​​​បុរស​ម្នាក់​​ទៀត។ បុរស​នោះ​ខឹង​ក៏​ងើប​វាយ​តប់​គ្នា កើត​ជា​ក្ដី​ប្ដឹង​ផ្ដល់​គ្នា ទើប​ចៅ​ក្រម​​ឲ្យ​ឈ្មោះ​​បង្អែម​​នេះ​ថា​ជា នំ​​កើត​ក្ដី​​ ចាប់​តាំង​ពី​ពេល​នោះ​មក។  

ចំពោះ​ពាក្យ​​ថា "នំ​កើត​​​ក្ដី​ "​ គេ​មិន​សូវ​ហៅ​ឈ្មោះ​​នេះ​ទេ ព្រោះ​វា​​​ជា​ពាក្យ​សាមញ្ញ ដោយ​ខ្មែរ​យើង​និយម​ហៅ​តែ​ នំ​បំពួន​ស្ករ និង​នំ​ផ្លែ​អាយ​​នេះ​ឯង៕​​​​​​​

​អត្ថបទ៖ រតនា

​​​​