នរណា​ថា​ អ្នក​កំពង់​ឆ្នាំង​អត់​ហូប​ម្អម ​ឥឡូវ​​​គេ​ពេញ​និយម​សឹង​អី​

  • 2016-10-19 16:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​មុន​មក ​​ធ្លាប់​ឮ​គេ​​និយាយ​ត​ៗ​គ្នា​ថា ​អ្នក​កំពង់ឆ្នាំង​មិន​ហូប​ម្អម​​ទេ​ ដោយសារ​គិត​ថា​វា​​ជាប់​នឹង​អប្បិយ​ជំនឿ​​ដែល​ម្អម​ជា​រោម​យោនី​របស់​នាង​កង្រី ​ជា​មហេសី​របស់​ព្រះ​ពុទ្ធិសែន។ ការ​ជឿ​ដូច្នេះ​គឺ​ស្រប​ពេល​ដែល​នៅ​ចង្កេះ​ភ្នំ​កង្រី​នោះ ​មាន​ម្អម​ដុះ​ច្រើន​ណែន​តាន់តាប់​តែ​ម្ដង​ ​ទើប​គេ​ដំណាល​ថា​អ្នក​ស្រុក​នៅ​ទី​នេះ​ មិន​បរិភោគ​តែ​ម្ដង។

 

ទោះ​យ៉ាង​ណា​ ​នៅ​ពេល​ក្រុម​ការងារ​«ផ្លូវ​ទៅ​ស្រុក»​បាន​មក​ដល់​ និង​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​ស្រុក​នៅ​តំបន់​នេះ គឺ​ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា​វា​មិន​ពិត​នោះ​ទេ​ ​ពោល​គឺ​​ប្រជាជន​នៅ​តំបន់​នេះ​បរិភោគ​ធម្មតា​ ហើយ​សម្ល​ភាគ​ច្រើន​ដាក់​ម្អម​ទៀត​ផង​ ​ដើម្បី​ឱ្យ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។

 

 

អ្នក​បើកបរ​ទូក​ម្នាក់​ដែល​ជូន​ក្រុម​ការងារ​ ផ្លូវ​ទៅ​ស្រុក​ជិះ ជុំ​វិញ​ភ្នំ​នាង​កង្រី ​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ដូច្នេះ​ថា៖ “បង​អើយ ​ណុង​គ្រាន់​តែ​រឿង​គេ​និយាយ​ត​ៗ​គ្នា​ទេ​ ​តែ​​ជាក់​ស្ដែង​ទៅ​គេ​ហូប​គ្រប់​គ្នា​ហ្នឹង។ សូម្បី​តែ​ខ្ញុំ​ក៏​ហូប​ដែរ។ ​មិន​ជឿ​បង​ឯង​ដើរ​សួរ​គេ​ ​ផ្សេង​ទៅ​ ដូច​តែ​គ្នា​ហ្នឹង”។

 

ឆ្លើយ​ដូច​គ្នា​នេះ​ដែរ លោក សេង សាលី ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង​ផ្ទាល់ ​បាន​និយាយ​ទាំងអស់​សំណើច​ថា​ រឿង​អ្នក​កំពង់​ឆ្នាំង​មិន​ហូប​ម្អម​នោះ​ ​មិន​ពិត​នោះ​ទេ ពោល​គឺ​គេ​ហូប​ធម្មតា​ដូច​អ្នក​ស្រុក​ដទៃ​ទៀត​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ