ជិះ​ទូក​​-កាណូត​ ៣ម៉ោង​ ស្វែង​យល់​អស់​ពី​ជីវិត​ពិត​អ្នក​ភូមិ​ឆ្នុក​ទ្រូ ​

  • 2016-10-19 17:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​មួយ​បាន​ប្រើប្រាស់​ជីវិត​រស់​នៅ​លើ​ផ្ទៃ​ទឹក ​នៃ​ដៃបឹង​​ទន្លេសាប​ នៅ​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង។ ទាំង​ចាស់ ទាំង​ក្មេង​សុទ្ធតែ​អាច​ចេះ​ហែល​ទឹក និង អាច​អុំទូក ឬ​បញ្ជា​កាណូត​តូច ធំ បាន​យ៉ាង​ស្ទាត់​ជំនាញ ព្រោះ​ពួកគេ​បាន​យក​ទូក​ ឬ​កាណូត​ជា​យាន​ដ៏​សំខាន់​នៅ​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​សព្វ​បែប​យ៉ាង​នៃ​ការ​រស់​នៅ​លើ​ភូមិ​ផ្ទះ​បណ្ដែត​ទឹក​មួយ​នេះ។ ដូច្នេះ​ប្រសិន​បើ​ទស្សនិកជន​ចង់​ដឹង​អំពី​ជីវិត​ពិត​របស់​ពួកគេ គឺ​អាច​ជួល​កាណូត​ឈើ ឬ​ស្មាច់​ ជិះ​ទស្សនា​ភូមិ​បណ្ដែត​ទឹក​មួយ​នេះ​ដោយ​ប្រើប្រាស់​រយៈពេល​តែ ៣ម៉ោង​ ប៉ុណ្ណោះ។

 

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក"ថា នៅ​តំបន់​នេះ​ភាគច្រើន​មាន​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ ជួល​ទូក​ជិះ​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ជីវភាព​ប្រជាជន​នៅ​ក្នុង​ភូមិ​នេះ។ ដូច្នេះ​ហើយ ​ប្រសិន​បើ​ភ្ញៀវ​ទេសចរណ៍​ចង់​ទស្សនា​នៅ​តំបន់​នេះ គឺ​ចំណាយ​ពេល​ពី​ ១ម៉ោង​កន្លះ ទៅ ៣ម៉ោង ដោយ​អាច​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក​ ព្រៃ​លិច​ទឹក និង សត្វ​ផ្សេង​ៗ ដូចជា​ សត្វ​ក្អែក​ កុក ក្រៀល ជាដើម។

 

លោក គួយ ស៊ីណា អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង និង​ជា​រកស៊ី​បើក​ទូក​ស្មាច់​បាន​រៀបរាប់​ថា ភ្ញៀវ​ខ្មែរ​ភាគច្រើន​ជួល​ទូក​មើល​ត្រឹម​ផ្ទះ​បណ្ដែត​ទឹក​របស់​អ្នក​ភូមិ​ដែល​ចំណាយ​ពេល​ត្រឹម​ ១-៣ម៉ោង​ប៉ុណ្ណោះ។ ប៉ុន្តែ ភ្ញៀវ​បរទេស​ភាគច្រើន​ទៅ​ទស្សនា​ទី​កន្លែង​ព្រៃ​លិច​ទឹក និង សត្វ​ផ្សេង​ៗ ដូចជា ស្វា និង​​សត្វស្លាប​​​ជាដើម។

 

ចង់​ដឹង​ពី​តម្លៃ​ជិះទូក សូម​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

ស៊ីណា ដែល​មាន​កូន​ពីរ​នាក់​នៅ​តូច​ៗ​នៅ​ឡើយ​បាន​និយាយ​ថា អ្នក​ភូមិ​នៅ​ទី​នេះ​ពឹង​ផ្អែក​លើ​របរ​រកត្រី និង ការ​លក់​ដូរ​ចាប់​ហ៊ួយ​តិចតួច​នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក ហើយ​រដូវ​វស្សា​វិសាលភាព​ដៃ​បឹង​ទន្លេសាប​កាន់​តែ​ធំ​ដែល​ផ្ទះ​ក៏​អណ្ដែត​តាម​ហ្នឹង ឯ​រដូវ​ប្រាំង​ផ្ទះ​អ្នក​ភូមិ​បាន​ស្រក​តាម​ទឹក​នោះ​ដែរ។

 

បុរស​ពឹង​ផ្អែក​របរ​បើក​ទូក​ស្មាច់​ជូន​ភ្ញៀវ​ទស្សនា​ភូមិ​បណ្ដែត​ទឹក​ និង ទស្សនា​សត្វ​នៅ​ភូមិ​ឆ្នុកទ្រូ​នេះ បាន​​ស្នើ​ឲ្យ​ភ្ញៀវ​ទាំង​ឡាយ​មក​ទស្សនា​នៅ​តំបន់​នេះ ព្រោះ​ការ​មក​ចូលរួម​ទស្សនា​ គឺជា​ផ្នែក​សំខាន់​នៃ​ការ​ផ្ដល់​ចំណូល​ដល់​អ្នក​ភូមិ​តាមរយៈ​ការ​ដឹក​ភ្ញៀវ​ជាដើម៕

 

សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៉ុណ្ណា​

អត្ថបទពេញនិយម