កំពង់​ឆ្នាំង​ប្រភព​ធ្វើ​ក្អម​-ឆ្នាំង​ ក្មេង​ជំនាន់​ក្រោយ​ខ្លះ​ចង់​បោះបង់

  • 2016-10-19 18:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ជា​ពិសេស​យុវតី​មួយ​ចំនួន​តូច​ចង់​បោះបង់​ចោល​ការ​ងារ​ធ្វើ​ក្អម​ឆ្នាំង​ ដោយ​ចង់​ធ្វើ​ការងារ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ និង អាច​ចេញ​ដើរ​បាន​ច្រើន​ ខណៈ​ការងារ​ក្អម-ឆ្នាំង​ ​នៅ​តែ​ក្នុង​ផ្ទះ​ហើយ​រក​ប្រាក់​ចំណូល​បាន​តិចតួច។

 

 លោក សេង សាលី

 

យុវតី​ម្នាក់​​កំពុង​វាយ​ដី​ភក់​ល្បាយ​ដី​ស្កាត​បិត​គូថ​​ឆ្នាំង​នៅ​ក្រោម​ផ្ទះ​​ក្បែរ​ភ្នំ​ក្រាំង​ដីមាស​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក"​ថា "បើ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ធ្វើ​ការងារ​ណា​អាច​ដើរ​ឆ្ងាយ​និង​ស្គាល់​គេ​ច្រើន​ ហើយ​យើង​ក៏​រៀន​បាន​ច្រើន​ដែរ​ចង់​ធ្វើ​ការងារ​​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់"។

 

ប៉ុន្តែ​យុវតី​សម្បុរ​ស​ភ្នែក​ធំៗ​រូប​នេះ ក៏​មិន​ចង់​បោះបង់​កេរមរតក​ដូនតា​នោះ​ដែរ​ ​ដោយ​ថា​ សិប្បកម្ម​ក្អម​ឆ្នាំង គឺជា​មុខរបរ​មួយ​របស់​ដូនតា​រាប់​សិប​ជំនាន់​នៅ​ក្នុង​ភូមិ​អណ្ដូង​ឬស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង គ្រាន់តែ​នៅ​ក្មេង​ចង់​ធ្វើ​ការងារ​ស្គាល់​គេ​ឲ្យ​បាន​ច្រើន។ ឯ​ការងារ​ក្អម​ ឆ្នាំង គឺ​ស័ក្ដិសម​បំផុត​សម្រាប់​វ័យ​កណ្ដាល។ ដូច្នេះ​ ​ប្រសិន​ជា​អាច​យុវតី​វ័យ​១៧ ឆ្នាំ​រូប​នេះ​ថា អនាគត​ចង់​ក្លាយ​ជា​ឈ្មួញ​កណ្ដាល​ទិញ​ក្អម​ ​ឆ្នាំង​ ​ច្រើន​ជាង​ធ្វើ​ខ្លួន​ឯង។

 

ទាក់ទង​បញ្ហា​នេះ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក"​ថា ខេត្ត​កំពង់​ឆ្នាំង គឺជា​ប្រភព​នៃ​ការ​ផលិត​ក្អម​ ​ឆ្នាំង​ បាន​ល្អ​ជាង​គេ ដែល​សល់​តាំង​ពី​ដូន​តា​ ហើយ​ភូមិ​អណ្ដូង​ឬស្សី ឃុំ​ស្រែថ្មី គឺជា​ប្រភព​ដ៏​សំខាន់។ ដូច្នេះ​ ​ប្រសិន​បើ​យុវវ័យ​ ឬ យុវតី​ចង់​បោះបង់​ការងារ​ផលិត​ក្អម ឆ្នាំង​មែន​នោះ គឺជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ។

 

 

ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ ​និង​ ​កេរមរតក​ដូន​តា នៃ​ការ​ធ្វើ​ក្អម​ ឆ្នាំង​នេះ លោក​ សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​អំពាវនាវ​ដល់​យុវវ័យ​ជាពិសេស​យុវតី​ជំនាន់​ក្រោយ​បន្ត​ធ្វើ​ក្អម​ឆ្នាំង​ ​ព្រោះ​មុខរបរ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​​នារី​គ្រប់លក្ខណ៍​ ដូច​ការ​ពិពណ៌នា​ក្នុង​បទ​ចម្រៀង​របស់​តារា​ចម្រៀង​សំឡេង​មាស​ ​ស៊ីន ស៊ីសាមុត គឺ​បទ​ "ស្រអែម​លាក់​ខ្លួន"។

 

ទន្ទឹម​នឹង​នេះ លោក សេង សាលី បាន​ឲ្យ​ដឹង​ទៀត​ថា សិប្បកម្ម​ក្អម-ឆ្នាំង កំពុង​ទទួល​ការ​គាំទ្រ​ទាំង​ក្នុង​ស្រុក និង ក្រៅ​ប្រទេស ហើយ​ភ្ញៀវ​បរទេស​ជាច្រើន​បាន​ទៅ​មើល​កន្លែង​ធ្វើ​ក្អម ឆ្នាំង ដែល​ជា​មុខមាត់​ដ៏​ផូរផង់​របស់​អ្នក​ភូមិ​អណ្ដូង​ឬស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង៕​

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​

អត្ថបទពេញនិយម