“ក្មេង​ប្រុស​ទិញ​ផ្កា​ជូន​ម្ដាយ" រឿង​អប់រំ​ អាន​ហើយ​ចង់​យំ​តាម

  • 2016-10-23 13:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ហាង​លក់​ទំនិញ​មួយ ពេល​ឃើញ​អ្នក​គិត​លុយ​ម្នាក់​កំពុង​និយាយ​ជាមួយ​ក្មេង​ប្រុស​ដែល​មើល​ទៅ​អាយុ​ស្របាល​ ៥-៦ឆ្នាំ។ អ្នក​គិត​លុយ​និយាយ​ថា «បង​សុំ​ទោស តែ​លុយ​អូន​មិន​គ្រប់​នឹង​ទិញ​តុក្កតា​នេះ​ទេ»។ ​ក្មេង​ប្រុស​នោះ​ក៏​ងាក​មក​សួរ​ខ្ញុំ «ពូ​ៗ លុយ​ខ្ញុំ​ពិត​ជា​អត់​គ្រប់​មែន​ហ្អ៎?»

 

ខ្ញុំ​រាប់​លុយ​គេ ហើយ​ក៏​ឆ្លើយ​ថា «លុយ​នេះ​មិន​គ្រប់​សម្រាប់​ទិញ​តុក្កតា​ទេ អូន​សម្លាញ់»។ ក្មេង​ប្រុស​​នៅ​ស្ងៀម​ដោយ​នៅ​តែ​កាន់​តុក្កតា​មួយ​នោះ​ជាប់​នឹង​ដៃ។ ទី​បំផុត​ ខ្ញុំ​ដើរ​ទៅ​ជិត​គេ​ម្ដង​ទៀត និង​សួរ​ថា​តើ​គេ​ចង់​ទិញ​តុក្កតា​នោះ​ឲ្យ​អ្នក​ណា។ «វា​ជា​តុក្កតា​ដែល​ប្អូន​ស្រី​ខ្ញុំ​ស្រឡាញ់​និង​ចង់​បាន​បំផុត។ ខ្ញុំ​ចង់​ទិញ​វា​ជា​កាដូ​សម្រាប់​ថ្ងៃ​ខួប​កំណើត​នាង។ ខ្ញុំ​ត្រូវ​ផ្ញើ​វា​ឲ្យ​នាង​តាម​ម៉ាក់ ព្រោះ​ម៉ាក់​នឹង​ទៅ​ជួប​នាង​ឆាប់​ៗ» ក្មេង​ប្រុស​និយាយ​ដោយ​កែវ​ភ្នែក​ក្រៀមក្រំ​ជា​ទី​បំផុត។

 

 

«ប្អូន​ស្រី​ខ្ញុំ​បាន​ទៅ​នៅ​ឋានសួគ៌​ហើយ។ ប៉ា​ប្រាប់​ថា​ម៉ាក់​ខ្ញុំ​នឹង​ទៅ​នៅ​ទី​នោះ​ជាមួយ​នាង​ដែរ​នា​ពេល​ឆាប់​ៗ ដូច្នេះ​ខ្ញុំ​គិត​ថា​គាត់​គួរ​តែ​អាច​យក​តុក្កតា​មួយ​នេះ​ទៅ​ផ្ញើ​ប្អូន​ស្រី​ខ្ញុំ»។ បេះដូង​ខ្ញុំ​ស្ទើរ​តែ​ឈប់​លោត ពេល​ឮ​គេ​និយាយ​ដល់​ត្រឹម​នេះ។ ក្មេង​ប្រុស​ងើយ​មុខ​សម្លឹង​មក​ខ្ញុំ ហើយ​និយាយ​ថា «ខ្ញុំ​បាន​ប្រាប់​ប៉ា​ឲ្យ​ជួយ​ឃាត់​ម៉ាក់​កុំ​អាល​ទាន់​ទៅ។ ខ្ញុំ​ចង់​ឲ្យ​គាត់​ចាំ​ខ្ញុំ​ត្រលប់​ពី​ទិញ​តុក្កតា​វិញ​សិន»។ បន្ទាប់​មក​គេ​បាន​បង្ហាញ​រូប​ថត​របស់​គេ​ដែល​មាន​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត ហើយ​និយាយ​ថា «ខ្ញុំ​ចង់​ឲ្យ​ម៉ាក់​យក​រូប​ថត​នេះ​ទៅ​ដែរ ដូច្នេះ​ប្អូន​ស្រី​ខ្ញុំ​នឹង​មិន​ភ្លេច​ខ្ញុំ​ទេ ខ្ញុំ​ស្រឡាញ់​ម៉ាក់​ណាស់ ខ្ញុំ​អត់​ចង់​ឲ្យ​គាត់​ចាក​ចេញ​ពី​ខ្ញុំ​ទេ ប៉ុន្តែ​ប៉ា​និយាយ​ថា​គាត់​ត្រូវ​តែ​ទៅ​រស់​នៅ​ជាមួយ​ប្អូន​ស្រី​ខ្ញុំ»។

 

ក្រោយ​មក​គេ​សម្លឹង​មើល​តុក្កតា​ម្ដង​ទៀត​ជាមួយ​កែវ​ភ្នែក​សោកសៅ ដោយ​ស្ងៀម​ស្ងាត់។ ខ្ញុំ​ដក​កាបូប​លុយ​ចេញ និង​និយាយ​ទៅ​កាន់​គេ​ថា «ឲ្យ​ពូ​មើល​លុយ​ម្ដង​ទៀត​មើល ក្រែង​លោ​លុយ​ឯង​គ្រប់​តែ​ពូ​រាប់​ខុស»។ ខ្ញុំ​បាន​ថែម​លុយ​ខ្ញុំ​ចូល​ជាមួយ​លុយ​របស់​គេ ហើយ​ក៏​ចាប់​ផ្ដើម​រាប់​មុខ​គេ​ម្ដង​ទៀត។ លុយ​នោះ​គ្រប់​ ហើយ​សល់​ខ្លះ​ទៀត​ផង។

 

«អរគុណ​ព្រះ​ជា​ម្ចាស់ ខ្ញុំ​មាន​លុយ​គ្រប់​ហើយ!» ក្មេង​ប្រុស​តូច​និយាយ​ទាំង​រំភើប។ «យប់​មិញ​មុន​ចូល​គេង ខ្ញុំ​បាន​បន់​ព្រះ​បួងសួង​ឲ្យ​ខ្ញុំ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​តុក្កតា។ គាត់​លឺ​ការ​បួងសួង​របស់​ខ្ញុំ​ហើយ! ខ្ញុំ​ក៏​ចង់​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ទិញ​ផ្កា​កូឡាប​ស​ឲ្យ​ម៉ាក់​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​ហ៊ាន​សុំ​ព្រះ​ច្រើន​ពេក​ទេ។ ឥលូវ​នេះ​ខ្ញុំ​មាន​ទាំង​លុយ​ទិញ​តុក្កតា​ហើយ​អាច​ទិញ​ផ្កា​ឲ្យ​ម៉ាក់​ទៀត»។

 

ត្រលប់​ចេញ​ពី​ហាង​វិញ ក្មេង​ប្រុស​នោះ​នៅ​តែ​ស្ថិត​ក្នុង​ខួរ​ក្បាល​ខ្ញុំ​រហូត។ ក្រោយ​មក​ខ្ញុំ​ក៏​ចាំ​បាន​ព័ត៌មាន​មួយ​កាល​ពី​ពីរ​ថ្ងៃ​មុន ដែល​ចុះ​ផ្សាយ​ពី​បុរស​ស្រវឹង​ស្រា​​ម្នាក់​បើកបរ​ឡាន​ដឹក​ទំនិញ ទៅ​បុក​នឹង​ឡាន​មួយ​ទៀត​ដែល​មាន​អ្នក​ដំណើរ​ជា​ស្ត្រី​វ័យ​ក្មេង​ម្នាក់​និង​កូន​ស្រី​តូច។ កូន​ស្រី​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្ដាយ​បាន​រង​របួស​ធ្ងន់ធ្ងរ។ តើ​នេះ​ជា​គ្រួសារ​របស់​ក្មេង​ប្រុស​នោះ​មែន​ទេ?

 

ពីរ​ថ្ងៃ​ក្រោយ​ជួប​ក្មេង​តូច​នោះ ខ្ញុំ​បាន​អាន​កាសែត​ដែល​សរសេរ​ថា​ម្ដាយ​ដែល​រង​របួស​ធ្ងន់​នោះ​បាន​ស្លាប់​ហើយ។ ខ្ញុំ​ទប់​អារម្មណ៍​មិន​បាន ក៏​​ទៅ​ទិញ​ផ្កា​កូឡាប​ស​មួយ​បាច់ និង​ទៅ​ផ្ទះ​ប្រារព្ធ​ពិធី​បុណ្យ​សព តាម​អាសយដ្ឋាន​ក្នុង​ព័ត៌មាន។ នៅ​កន្លែង​តម្កល់​សាកសព​ដើម្បី​ឲ្យ​ភ្ញៀវ​ចូល​គោរព ក្នុង​មឈូស​នោះ​នារី​រង​គ្រោះ​បាន​ឱប​ផ្កា​កូឡាប​នៅ​នឹង​ដៃ​ជាមួយ​តុក្កតា​និង​រូបថត​ក្មេង​ប្រុស​ម្នាក់​នោះ​ជាប់​ដើម​ទ្រូង។ ខ្ញុំ​បាន​ចាកចេញ​ពី​កន្លែង​នោះ​ទាំង​ស្រក់​ទឹក​ភ្នែក​ ហើយ​រឿង​នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ចងចាំ​មិន​អាច​បំភ្លេច​បាន។

 

រហូត​ដល់​ពេល​នេះ ក្ដី​ស្រឡាញ់​ដែល​ក្មេង​ប្រុស​មាន​ចំពោះ​ម្ដាយ​និង​ប្អូន​ស្រី​របស់​គេ​គឺ​នៅ​តែ​មាន​ច្រើន ច្រើន​មិន​អាច​វាស់វែង​បាន។ ហើយ​អ្នក​ដែល​យក​គ្រប់​យ៉ាង​ទាំង​នេះ​ចេញ​ពី​គេ​គឺ អ្នក​បើកបរ​ស្រវឹង​ស្រា ៕

 

គំនិត​អប់រំ៖ ត្រូវ​គោរព​ច្បាប់ គោរព​ជីវិត​អ្នក​ដទៃ។ កុំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ត្រូវ​មក​រង​ទុក្ខ​ដោយ​សារ​កំហុស​របស់​អ្នក។ មួយ​ទៀត គួរ​ជួយ​យក​អាសា​អ្នក​ដែល​ខ្វះ​ខាត​និង​កំពុង​មាន​ទុក្ខ ព្រោះ​ជួន​កាល​ការ​លះបង់​បន្តិចបន្តួច​របស់​អ្នក​អាច​ផ្លាស់​ប្ដូរ​ជីវិត​គេ​បាន ៕​

 

ចុចអាន៖រឿង​ពិចារណា៖ ការ​ព្យាយាម​អាច​មាន​​ដូច​គ្នា​តែ​ភាព​ឆ្លាត​វៃ​អាស្រ័យ​លើ​មនុស្ស

ចុចអាន៖មើល​វីដេអូ​នេះ​អ្នក​នឹង​ដឹង​ថា​គ្មាន​ក្ដី​ស្រលាញ់​ណា​ធំ​ជាង​ម្ដាយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ បរទេស

អត្ថបទពេញនិយម