ក្រុម​អ្នក​លេង​ចិន ចាប់​ជំរិត​ក្មេង រួច​ធ្វើ​ឲ្យ​ពួក​គេ​ពិការ ហើយ​បង្ខំ​ឲ្យ​ដើរ​សុំទាន

  • 2016-10-24 18:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស៊ើបអង្កេត​ដោយ​សារព័ត៌មាន​អនឡាញ​របស់​ម៉ាឡេស៊ី The Star បាន​រក​ឃើញ​ថា «ក្រុម​អ្នក​សុំទាន» មួយ បាន​ដំណើរការ​ដោយ​ក្រុម​អ្នក​លេង​ចិន ដែល​មាន​ជំនាញ ក្នុង​ការ​ចាប់​ជំរិត​ក្មេង រួច​ធ្វើ​ឲ្យ​ពួក​គេ​ពិការ និង​បង្ខំ​ឲ្យ​ពួក​គេ​ដើរ​សុំទាន នៅ​តាម​ដង​ផ្លូវ ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

 

 

ក្រុម​អ្នក​លេង ដែល​ដឹក​នាំ​ដោយ​បងប្អូន​ជនជាតិ​ចិន ២​នាក់​នោះ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ថា បាន​ធ្វើ​ការ​ជា​មួយ ក្រុម​ក្មេង​ទំនើង​ម៉ាឡេស៊ី ខណៈ​ព័ត៌មាន​ទាំង​នេះ ទទួល​បាន​ពី​ការ​សម្ភាសន៍ ជា​មួយ​នឹង អ្នក​សុំទាន​ជនជាតិ​ចិន ២​នាក់ ដែល​បាន​ទទួលរង​ពិការ​ភាព​ធ្ងន់ធ្ងរ។

 

អ្នក​យក​ព័ត៌មាន​មក​ពី សារព័ត៌មាន The Star បាន​តាមដាន​អ្នក​សុំទាន នៅ​តាម​ដង​ផ្លូវ​ដែល​មាន​មនុស្ស​ច្រើន​កុះករ នៅ Chinatown ក្នុង​ទីក្រុង​កូឡាឡាំពួរ ដោយ​រក​ឃើញ អ្នក​សុំទាន​ជា​ជន​ពិការ យ៉ាង​ហោច​ណាស់ ចំនួន​៣០​នាក់ ស្ថិត​ក្នុង​ប្រតិបត្តិការ​ដើរ​សុំទាន នៅ​កន្លែង​សម្បូរ​ភ្ញៀវ​ទេសចរ ក្នុង​ទីក្រុង។

 

អ្នក​សុំទាន​ម្នាក់ មាន​ឈ្មោះ​ថា Xiu Yuan អាយុ​៣៣​ឆ្នាំ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​កើត​មក​មាន​សុខភាព និង​រាងកាយ​ល្អ​ធម្មតា ប៉ុន្តែ​ក្រោយ​មក ត្រូវ​ក្រុម​អ្នក​លេង​ធ្វើ​ឲ្យ​ពិការ ពេល​គាត់​ស្ថិត​នៅ​វ័យ​ក្មេង ហើយ​ត្រូវ​គេ​ចាប់​ទុក អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មុន​ពេល​បញ្ជូន​ទៅ​ក្រៅ​ប្រទេស ពោល​គឺ​គាត់​ត្រូវ​ដើរ​សុំទាន នៅ​តាម​ដង​ផ្លូវ ក្នុង​ប្រទេស​ចិន រហូត​ទទួល​បាន​ឯកសិទ្ធិ ចេញ​ទៅ​ក្រៅ​ប្រទេស។

 

 

លោក Xiu Yuan ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់ ប្រទេស​ម៉ាឡេស៊ី ដោយ​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍ ហើយ​ត្រូវ​ចំណាយ​ពេល​ច្រើន ដើម្បី​ដើរ​សុំទាន​គេ​នៅ​តាម​ផ្លូវ។ ប្រាក់​ចំណូល​ដែល​រក​បាន ត្រូវ​ប្រគល់​ឲ្យ​មេ​ដឹកនាំ នៃ​ក្រុម​អ្នកលេង​នោះ។

 

អ្នក​សុំទាន​ម្នាក់​ទៀត មក​ពី​ទីក្រុង Zhengzhou មាន​ឈ្មោះ​ថា Do Feng អាយុ​៣០​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា «យើង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តាក់ស៊ី ហើយ​ថ្លៃ​ឈ្នួល គឺ​មេ​ជា​អ្នក​ចាត់​ចែង។ ការងារ​របស់​យើង គឺ​ត្រូវ​ដើរ​សុំទាន​គេ​ឲ្យ​បាន​តិច​បំផុត ២៨០​ដុល្លារ ក្នុង​មួយ​ថ្ងៃ»។

 

លោក Feng បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ក្នុង​អំឡុង​ថ្ងៃ​ចុង​សប្ដាហ៍ អ្នក​សុំទាន​ម្នាក់ អាច​រក​បាន​រហូត​ដល់​ទៅ ៧០០​ដុល្លារ ដោយ​ផ្អែក​លើ​ចំនួន​នៃ​ភ្ញៀវ​ទេសចរ តែ មេ នឹង​ដក​យក ៣៥០​ដុល្លារ បូក​ទាំង​ថ្លៃ​ឈ្នួល​តាក់ស៊ី»៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist