KHM​ Champions League​ ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី បង្ហាញ​គោល​ដៅ​២

  • 2016-10-25 18:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​​នៅ​រដូវ​កាល​ទី​១ ពាន​រង្វាន់​បាល់​​ទាត់​មិន​អាជីព KMH Champions League​ ចាប់​ផ្ដើម​រដូវ​កាល​ទី​២​ហើយ​ដែល​ការ​​ប្រកួត​បើក​ឆាក​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ និង​បង្ហាញ​គោល​បំណង​សំខាន់​២​ដើម្បី​វិស័យ​បាល់ទាត់​កម្ពុជា។​

 

លោក កាំង សេន

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ កាំង​ សេន​ ជា​អ្នក​រៀបចំ​ការ​ប្រកួត​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​បើក​ការ​ប្រកួត KMH Champions League​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រកួត​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​នេះ​បង្កើត​ឡើង​មាន​គោល​បំណង​ពីរ​​គឺ​ទី១​ KMH Champions League​ ចង់​ចូល​រួម​ជំរុញ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចំរើន​និង​​សំបូរ​បែប​ ហើយ​​ទី២​ ចង់​ចូល​រួម​ជា​មួយ​កីឡាករ​ទាំង​អាជីព​និង​មិន​អាជីព​ដើម្បី​ធ្វើ​អ្វី​ដែល​រីក​ចំរើន​ដល់​សង្គម​ជាតិ​។​

 

ក្រុមនិមួយៗឈរក្នុងកម្មវិធីបើ់កការប្រកួត

 

អ្នក​រៀបចំ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ដោយ​មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ក៏​ដូច​ជា​បណ្ដា​ក្រុមហ៊ុន​ឧបត្ថម្ភ​ទើប​ KMH Champions League​ បង្កើន​ប្រាក់​រង្វាន់​កាន់​តែ​ច្រើន​ជាង​មុន។​ សម្រាប់​ជើង​ឯក​ពាន​ KMH Champions League​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់​ទៅ​១​ម៉ឺន​ដុល្លារ​អាមេរិក​​  និង​​ជើង​ឯកពាន​​ KHM Cup​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៥​ពាន់​ដុល្លារ​​អាមេរិក។​

 

ក្នុង​ឱកាស​បើក​នោះ​ដែរ លោក កាំង សេន ​បាន​​សំណូម​ពរ​ឲ្យ​កីឡាករ​ទាំង​អស់​ខិតខំ​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​កាន់​តែ​ល្អ​ទៅ​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន ​និង​ធ្វើ​ឲ្យ​ KMH Champions League​ កាន់​តែ​ល្បី​​​សុះសាយ​ថែម​ទៀត។​​

 

KMH Champions League​ ចាប់​ផ្ដើម​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​ទី២២​ ខែ​តុលា​ ឆ្នាំ​២០១៦​ កន្លងទៅនេះ។​ ម្ចាស់​ជើង​ឯក​ KMH Champions League​ រដូវ​កាល​ចាស់​ក្រុម​បាល់ទាត់​ Salt FC​ បាន​ត្រឹម​ស្មើ​ ១-១​ ជា​មួយ​ក្រុម​ ISI Group​ តែ​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​បើក​ឆាក​ប្រកួត​៕

 

អត្ថបទ៖​ នួន​ ស៊ីណា​