ថោន​ បញ្ជាក់​រឿង​ក្រសួង​ចេញ​វិធាន​ការ​ព្រមាន​បទ "ជីវិតអ្នកប្រដាល់"

  • 2016-10-25 20:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ក្រសួង​ចេញ​វិធានការ​៦​ចំណុច​​ពាក់​ព័ន្ធ​នឹង​បទ​ចម្រៀង​​ "ជីវិត​អ្នក​ប្រដាល់"​ របស់​តារា​ចម្រៀង​ខេម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​បងប្អូន​កីឡាករ​ប្រដាល់​ និង​ទស្សនិកជន​មួយ​ចំនួន​នោះ​​ ​លោក អ៊ា វឌ្ឍនា អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​ថោន​​ប្រាប់​ថា​រឿង​នេះ វា​បាន​កន្លង​ផុត​ទៅ​ ជាង​២​ខែ​ហើយ​ ភាគី​ទាំង​សង្ខាង​ក៏​បាន​ជួប​ពិភាក្សា​ដោះស្រាយ​គ្នា​រួច​អស់​ហើយ។​​​

 

អ្នក​ចាត់​ការ​ទូ​ទៅ​ក្នុង​ផលិតកម្ម​ថោន​ខាង​លើ​​ថ្លែង៖ "ការពិត​រឿង​រ៉ាវ​​នេះ​​បាន​បញ្ចប់​ទៅ​យូរ​​ណាស់​ដែរ​ហើយ​ ក្នុង​នោះ​ខាង​ពួក​ខ្ញុំ​ក៏​បាន​ជួប​ពិភាក្សា​ និង​ធ្វើ​សេចក្តី​ព្រមព្រៀង​រាល់​កំហុស​ដែល​​បាន​កើត​ឡើង​ដោយ​អចេតនា ជាមួយ​ខាង​ក្រសួង​រួច​រាល់​អស់​ហើយ​ដែរ។ ប៉ុន្តែ​មិន​ដឹង​ថា​បណ្ដា​ផេគ​មួយ​ចំនួន​ ហេតុ​អ្វី​បាន​សើរើ​យក​មក​ផុស​វិញ​យ៉ាង​ដូច្នេះ"។

 

 

​​យ៉ាង​ណា​មិញ​​លោក​ អ៊ា វឌ្ឍនា​ បញ្ជាក់​​ទៀត​ថា​​បទ "ជីវិត​អ្នក​ប្រដាល់" ដែល​ពីដំបូង​ឡើយ​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​បងប្អូន​កីឡាករ​ប្រដាល់់​ក៏ដូចជា​ទស្សនិកជន​មួយ​ចំនួននោះ​ ពេល​នេះ​បាន​កែ​ទំនុក​ច្រៀង​​សាជាថ្មី មិន​មាន​ពាក្យ​ពេចន៍​ដូច​អ្វី​ដែល​ក្រសួង និង​ខាង​សហព័ន្ធ​ភាពកីឡា​​បាន​លើក​ឡើង​ត្រង់​ពាក្យ​ថា​ "តិរច្ឆាន" ដូច​កាល​ពីមុន​ឡើយ​ ​ទៀត​សោត​បទ​នេះ​​​មិន​មាន​យក​ទៅ​ធ្វើ​អាជីវកម្ម​ផលិត​ជា​ MV ​នោះ​ទេ។​​​​

 

ជាក់​ស្តែង​​នៅ​ក្នុង​កម្មវិធី​​ "ស៊ីអារម្មណ៍" របស់​ស្ថានីយ៍​ទូរទស្សន៍​ PNN បាន​អញ្ជើញ​​តារា​ចម្រៀង ខេម ឡើង​ច្រៀង​កាល​ពី​ប្រមាណ​មួយ​ខែ​មុន​ ឃើញ​ថា​រាល់​ពាក្យ​ពេជន៍​​ក្នុង​បទ​ចម្រៀង​គឺ​​បាន​ផ្លាស់​ប្តូរ​ ជាពិសេស​ត្រង់​ឃ្លា​ "ថ្ងៃ​ខ្លះ​ខ្លួន​ខ្សោយ​ទប់​ទល់​​លែង​បាន ដូច​សត្វ​តិរច្ឆាន ត្រូវ​គេ​វាយ​ដំ " ជំនួស​ដោយ​ឃ្លា "ថ្លៃ​ខ្លះ​ខ្លួន​ខ្សោយ​ទប់​ទល់​លែង​បាន​ ឈឺហួស​ប្រមាណ ​ត្រូវ​គេ​វាយ​ដំ" វិញ។

 

 

ជួប​ជាមួយ​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​ដូច​នឹង​លោក អ៊ា វឌ្ឍនា បាន​បញ្ជាក់​ដែរ​ថា​វា​បាន​កន្លង​ផុត​ទៅ​យូរ​ហើយ​។ ក្នុង​នោះ​ភាគី​ខាង​ផលិតកម្ម​ និង​រូប​លោក​ផ្ទាល់​ក៏​បាន​ជួប​ពិភាក្សា​​​គ្នា​ពី​បទ​ "ជីវិត​អ្នក​ប្រដាល់"​ នេះ​រួច​រាល់​ដែរ។

 

រាល់​បទ​ចម្រៀង​ដែល​ខាង​ផលិតកម្មនានា​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ ខាង​​ក្រសួង​មិន​បាន​ពិនិត្យ​មុន​ឡើយ​ ប៉ុន្តែ​បើ​ករណី​រាល់​បទ​ចម្រៀង​ដែល​​ចេញ​មក​​ ធ្វើ​ឲ្យ​ប្រាសចាក​ពី​ក្រម​សីលធម៌​​ ឬ ប្រពៃណី​ជាតិ​ខ្មែរ​ នោះ លោក​ ស៊ិន ចន្ទសាយ៉ា​ ថា​​ខាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នឹង​មាន​វិធាន​ការ​នានា ដោយ​ផ្អែក​ទៅ លើ​ខ្លឹម​សារ​នៃបទ​ទាំង​នោះ។

 

 

ប្រធាន​នាយក​ដ្ឋាន​រូប​នេះ​បញ្ជាក់​ទៀត​ថា​៖ "ខ្ញុំ​មិន​ដឹង​ថា​ផេគ​ណា ​យក​ពត៌មាន​នៃ​បទ​នេះ​មក​សើរើ​ឡើង​វិញ​នោះ​ទេ ព្រោះ​វា​បាន​កន្លង​​ផុត​ទៅ យូរ​ដែរ​ហើយ​។ យើង​ក៏បាន​ដោះស្រាយ​គ្នា​រួច​អស់​ហើយ​ដែរ​។ វិធាន​ការ​ព្រមាន​ទាំង​៦​ចំណុច​ ទាំង​សង្ខាង​គឺ​បាន​ព្រម​ព្រៀង​គ្នា​រួច​អស់​ហើយ​។ បើ​ចេះ​តែ​មាន​ផុស​បន្ត​បន្ទាប់​ដូច្នេះ ពេល​ណា​បទ​នេះ​នឹង​កប់​បាត់​"។

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​ដែល​បាន​កើត​ឡើង​​លោក ស៊ិន ចន្ទសាយ៉ា សំណូម​ពរ​ក៏​ដូចជា​ស្នើ​សុំ​គ្រប់​បណ្តា​ផេគ​ក្នុង​បណ្ដាញ​សង្គម​ និង​សិល្បករ​​នានា​ សូមឈប់​បន្ត​យក​បទ​ "ជីវិត​អ្នក​ប្រដាល់"​​នេះ​មក​ច្រៀង​ និង​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏បាន​ធ្វើ​​សេច​ក្តី​ហាម​ប្រាម​ទៅ​ដល់​ខាង​ផលិតកម្ម​រួច​ហើយ​ ថា​ឲ្យ​ដក​បទ​នេះ​ចេញ​ពី​ក្នុង​ប្រព័ន្ធ​យូធូប​ផ្លូវការ​​ថោន​៕ ​​ ​អត្ថបទ​៖ ថា ម៉ាលីដា​

អត្ថបទពេញនិយម
អត្ថបទថ្មី