ផេក​លក់​ទំនិញ​អនឡាញប្រយ័ត្ន Security Page ប្លន់​យក​ទិន្នន័យ

  • 2016-10-25 18:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Security Page កំពុង​អុកឡុក​បណ្តាញ​សង្គម ដោយ​បាន​ក្លែង​​ជា​ផេក​ក្រុមហ៊ុន Facebook បង្ហោះ​ព័ត៌មាន បោកប្រាស់​បណ្តា​គណនី​និង​ផេក​លក់​ទំនិញ​អនឡាញ។ ផេក​នេះ​បោក​ឲ្យ​ម្ចាស់​គណនី​ទាំងអស់ វាយ​ទិន្នន័យ​ផ្ទាល់​ខ្លួន រួច​លួច​យក​ទិន្នន័យ​ពួកគេ​ទៅ​ប្រើ។

 

 

បើ​តាម​ការ​អះអាង​ពី​លោក ផាន់ណារិទ្ធ ប្រធាន​គ្រប់គ្រង​សុវត្ថិភាព ICT ឲ្យ​ដឹង​ថា ផេក​ក្លែងក្លាយ​មួយ​នេះ​បាន​ចែក​រំលែក (Share) Post របស់​ផេក​លក់​ទំនិញ​និង​គណនី​ជា​ច្រើន ដោយ​បាន​សរសេរ Status រៀប​រាប់​ពី​ការ​ល្មើស​គោលការណ៍​ហ្វេសប៊ុក​ពី​ម្ចាស់​គណនី​ទាំង​នោះ។

 

ពេល​ចុច​ចូល​លីង​លើ Status របស់ Security Page នេះ ម្ចាស់​ផេក​ទាំងអស់​នឹង​តម្រូវ​ឲ្យ​វាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន (លេខ​សម្ងាត់ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ពិត​ជាដើម) ដើម្បី​បញ្ជាក់​ថា​ពួកគេ​ជា​ម្ចាស់​គណនី​ស្រប​ច្បាប់។ ក្រោយ​វាយ​ទិន្នន័យ​ទាំង​អស់ គណនី​អ្នក​ប្រើប្រាស់​ទាំង​នោះ​នឹង​ត្រូវ​ប្លន់ ដែល​អាច​ប្រឈម​នឹង​ការ​លួច​យក​ប្រាក់​ធនាគារ និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ទៀត។

 

 

លោក ផាន់ណារិទ្ធ ថា បើ​តាម​លោក​ដឹង ផេក​នេះ​ទើប​តែ​បង្កើត ហើយ​អាច​នឹង​កើត​ឡើង​បន្តបន្ទាប់​ក្រោយ Security Page ដួល។

 

ជា​ការ​ក្រើនរំឮក អ្នក​ជំនាញ​រូប​នេះ ទទួច​ឲ្យ​ម្ចាស់​គណនី​ទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​មិន​ត្រូវ​វាយ​ទិន្នន័យ​ផ្តេសផ្តាស​លើ​លីង​របស់​ផេក​ក្លែងក្លាយ​នេះ​ដាច់​ខាត ជៀស​វាង​ហានិភ័យ​ផ្សេងៗ​កើតឡើង៕

 

នេះ​ជា​ផេក​ Facebook Security ផ្លូវការ​​របស់ Facebook ដែល​មាន​សញ្ញា ធីក បញ្ជាក់​ (Verified Page) ​ខាង​ចុង​ឈ្មោះ។

 

អត្ថបទ៖ ប៉ែត ផាន់និត