ការ​ព្រួយ​​បារម្ភ និង​បញ្ហា​របស់​សិស្ស​​​ក្នុង​​ការ​ជ្រើសរើស​​មុខ​វិជ្ជា​សិក្សា​នៅ​មហាវិទ្យាល័យ​

  • 2016-10-25 20:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​មួយ​ចំនួន ​ដែល​ទើប​តែ​​​ប្រឡងជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុបថ្មីៗ​ មាន​ការ​ព្រួយ​​បារម្ភ​ និង​ពិបាក​​ក្នុង​​ការ​ជ្រើសរើស​​មុខ​វិជ្ជា​របស់ខ្លួន ដើម្បី​យក​មក​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ ពីព្រោះ​ពួក​គេ​មិន​ដឹង​ថា​ត្រូវ​​ជ្រើសរើស​មុខ​វិជ្ជា​អ្វី។

 

ទាំង​អស់​នេះ ​គឺ​ផ្ដើម​ពី​កង្វះ​ខាត​​ព័ត៌មាន​​នៃ​ការ​សិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា​ ហើយ​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួនបាន​​សម្រេច​ចិត្ត​ជ្រើសរើស​មុខ​វិជ្ជា​ទៅ​តាម​ក្តី​ប្រាថ្នា​របស់​ឪពុក​ម្ដាយ។ សិស្ស​ខ្លះ​ជ្រើសរើស​ទៅ​តាម​ការ​អូស​ទាញ​​របស់​មិត្ត​ភ័ក្តិ ដោយ​ឡែក​សិស្ស​មួយចំនួន​​ទៀត​បាន​សម្រេចចិត្ត​ទៅ​តាម​តម្រូវការ​នៃ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​។

 

 

យុវជន ហ៊ីង បូរី អាយុ១៩ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​រៀម​រាប​ ដែល​ទើប​ប្រលង​ជាប់​បាក់​ឌុប​ថ្មីៗ​ ​​បាន​និយាយ​ថា ដំបូង​ឡើយ​​ខ្លួន​ហាក់​ដូច​ជា​មាន​​ការ​ព្រួយ​​បារម្ភ​ និង​ពិបាក​ខ្លះ​ដែរ​​ក្នុង​​ការ​ជ្រើសរើស​​មុខ​វិជ្ជា​មក​សិក្សា​បន្ត​ តែ​ដោយសារ​មាន​ដុង​ទៅ​ខាង​គណិតវិទ្យា ក៏​សម្រេច​ចិត្ត​ជ្រើសរើស​យក​មុខ​វិជ្ជា​គណិតវិទ្យា​មក​សិក្សា​បន្ត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ម្ដង​ទៅ​។

 

ដូចគ្នា​នេះ​ដែរ ​យុវជន​ សុខ ជីវ័ន្ត ​​​ដែល​បាន​សម្រេច​ចាប់​យក​មុខ​វិជ្ជា​ព័ត៌មានវិទ្យា មក​សិក្សា​បន្ត​នៅ​​​សាកលវិទ្យាល័យ​ន័រតុន​ បាន​រៀប​រាប់​ថា ​ការដែល​ខ្លួន​​ចាប់​យក​ជំនាញ​​នេះ ​គឺ​មាន​ការ​ជំរុញ​ពី​គ្រួសារ ដោយ​គាត់​យល់​ថា បច្ចុប្បន្ន​នេះ​គឺ​ជា​សម័យ​បច្ចេកវិទ្យា។ ដូច្នេះ​អ្វី​គ្រប់​យ៉ាង​ពឹង​ផ្នែក​លើ​បណ្ដាញ​ទំនាក់ទំនង​តាម​រយៈ​ម៉ាស៊ីន​កុំព្យូទ័រ និង​គន្លឹះ​ផ្សេង​ទៀត​ដែល​ដឹង​មិន​ទាន់​ច្បាស់។

 

ជីវ័ន្ត បាន​បន្ត​ថា ដំបូង​ឡើយ​ខ្លួន​មាន​ការ​ពិបាក​ដែរ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មុខ​វិជ្ជា​មក​រៀន​បន្ត​ ដោយសារ​តែ​គិត​ថា​បើ​សម្រេច​ចិត្ត​ខុស វា​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ឱកាស​ការងារ​ទៅ​អនាគត​តែ​បន្ទាប់​ពី​មាន​ការ​ជំរុញ​ពី​គ្រួសារ​​ ហើយ​ជា​ចំណង់​ចំណូល​​ផង​នោះ ជីវ័ន្ត ក៏​សម្រេច​​ចិត្ត​​ចាប់​យក​មុខ​វិជ្ជា​ IT តែ​ម្ដង។

 

សម្រាប់ យុវតី​ ហូយ​ ផាណែត​ អាយុ ២១ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​ បាន​និយាយ​ថា៖ "ពេល​ដែល​ខ្ញុំ​ប្រលង​ជាប់​បាក់​ឌុប​ ខ្ញុំ​មាន​ការ​ពិបាក​ និង​មាន​ការ​រារែក​ចិត្ត​ ដោយ​ពេល​ខ្លះ​ចង់​រៀន​ពេទ្យ ហើយ​ពេល​ខ្លះ​ទៀត​គិត​ថា​ចង់​រៀន​ផ្នែក​​អក្សរសាស្ត្រ​អង់គ្លេស ហើយ​ក៏​មាន​មិត្តភក្ភិ​ខ្លះ​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ជ្រើសរើស​យក​​​មុខ​វិជ្ជា​ធនាគារ និង​ ហិរញ្ញវត្ថុ"។

 

ផាណែត បាន​បន្ត​ទៀត​ថា៖ "ក្នុង​ការ​​រៀន​ពេទ្យ​ត្រូវ​ចំ​ណាយ​ថវិកា​ច្រើន​ ដោយ​គ្រួសារ​មិន​មាន​សមត្ថភាព​ ម្យ៉ាងទៀត​ដោយ​មាន​អូស​ទាញ​ពី​មិត្តភ័ក្ដិ​ផង​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចាប់​យក​​​​មុខ​វិជ្ជា​ធនាគារ និង​ ហិរញ្ញវត្ថុ សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ចេន​ឡា ​​​ទាំង​ដែល​ចិត្ត​ខ្លួន​មិន​ចង់ ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​"។

 

ដូច្នេះ​ការ​កង្វះ​ខាត​ពី​ការ​ទទួល​បាន​នូវ​ព័ត៌មាន​​នៃ​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​របស់​សិស្ស ក៏​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​សិស្ស​​ជ្រើសរើស​មុខ​វិជ្ជា​​ខុស ដែល​ជាហេតុ​ផល​​មួយ​​នាំ​អោយ​ពួក​គេ​មិន​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​សិក្សា​​ និង​ជីវិត។

 

ក្នុង​សិក្ខាសាលា​ស្ដី​ពី «ការ​តម្រង់​ទិស​លើ​មុខ​ជំនាញ​ថ្នាក់​ឧត្ដម​សិក្សា សម្រាប់​សិស្ស​ជាប់​បាក់ឌុប និង​ការ​ងារ» ប្រចាំ​ឆ្នាំ​២០១៦​ កន្លង​មក​នេះ រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បាន​លើក​ឡើង​ថា ​បញ្ហា​ប្រឈម ដែល​ជះ​ឥទ្ធិពល​ដល់​ឱកាស​ការងារ​របស់​សិស្ស​ភាគ​ច្រើន​មក​ពី​ការ​ជ្រើស​រើស​មុខ​ជំនាញ ឬ​មុខវិជ្ជា​ខុស​ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ​។

 

​ក្នុង​សិក្ខាសាលា​នោះ​ដែរ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ក៏​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​ដែល​ជាប់​បាក់​ឌុប គួរ​សិក្សា​ជំនាញ​បច្ចេកទេស​ដូច​ជា វិទ្យាសាស្ត្រ​មូលដ្ឋាន ទេសចរណ៍ វិស្វកម្ម និង​វិស័យ​កសិកម្ម​ជាដើម​ព្រោះ​កម្ពុជា​នៅ​តែ​ប្រឈម​​នឹង​បញ្ហា​កង្វះ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ រីឯ​ទីផ្សារ​ការងារ​ក៏​កំពុង​តែ​ត្រូវការ​ផង​ដែរ៕

 

អត្ថបទ៖ CCJ ​