Mi Note 2 ជួយ​​អ្នក​គាំទ្រ​​​កាត់​ចិត្ត​​ Galaxy Note 7 បាន

  • 2016-10-25 23:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ Galaxy Note 7 ច្បាស់​ជា​នៅ​មាន​អារម្មណ៍​ខូច​ចិត្ត​ពេល​ដែល​​បាន​ដឹង​ថា​ Samsung បញ្ឈប់​ការ​ផលិត​ស្មាតហ្វូន​កំពូល​មួយ​នេះ។ ប៉ុន្តែ​ជា​មួយ​វត្តមាន​របស់​ Mi Note 2 ដែល​ក្រុមហ៊ុន​ Xiaomi ទើប​ប្រកាស​មុន​នេះ​ប្រហែល​ជា​អាច​ជួយ​អ្នក​ឲ្យ​​កាត់​ចិត្ត​ពី​​ Note 7 បាន។

 

 

​រូបរាង​ខាង​ក្រោយ​របស់​​ Mi Note 2 ស្រដៀង​គ្នា​នឹង​ Galaxy Note 7 ដោយ​សារ​តែ​មាន​​ផ្ទាំង​កញ្ចក់​រៀង​កោង​ទាំង​ផ្នែក​ខាង​មុខ​ និង ខាង​ក្រោយ។ ផ្ទាំង​អេក្រង់​របស់​ Mi Note 2 មាន​ទំហំ​ធំ​ដល់​ ៥,៧ អ៊ីញ ជា​អេក្រង់​ប្រភេទ OLED និង​ មាន​តួ​ខ្លួន​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម។ Mi Note 2 មាន​ផ្ទុក​ដោយ​បន្ទះ​ Chip ​ជំនាន់​ចុង​ក្រោយ​របស់​ Qualcomm គឺ​ Snapdragon 821 ដែល​មាន​ល្បឿន​ 2.35 GHz, មាន​ RAM ទំហំ​ 6 GB មាន​អង្គ​ផ្ទុក​ទិន្នន័យ​ម៉ាស៊ីន​ទំហំ​ដល់​ 128 GB និង​ មាន​ថាមពល​ថ្ម​ 4070 mAh។

 

 

នៅ​ពី​ក្រោយ Mi Note 2 មាន​​បំពាក់​កាមេរ៉ា​​​របស់​ក្រុមហ៊ុន​ Sony ទំហំ​ដល់​ទៅ 22.56 MP ដោយ​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​រូប​ភាព​បែប​អេឡិចត្រូនិក​ និង មាន​ភ្លើង​ LED ចំនួន​ ២ គ្រាប់។ នៅ​ពី​មុខ​មាន​កាមេរ៉ា​ Selfie កម្រិត 8 MP ដែល​មាន​មុខងារ​ Autofocus និង មាន​ Aperture f/2.0។

 

 

Mi Note 2 នឹង​មាន​លក់​ក្នុង​ជម្រើស​ពីរ​ ដោយ​ប្រភេទ​ទី​​មួយ​ មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 64 GB និង មាន​ RAM 4 GB តម្លៃ​​ប្រមាណ​ ៤១៣ ដុល្លារ។ ចំណែក​ប្រភេទ​ទី​ពីរ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 128 GB និង មាន​ RAM 6 GB តម្លៃ​ប្រមាណ​ ៤៨៧ ដុល្លារ។ Xiaomi នៅ​មិន​ទាន់​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ចេញ​លក់​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​នៅ​ឡើយ​ទេ៕

 

​​​​

 

​​ចុច​អាន៖ ស្មាតហ្វូន​ Samsung ចេញ​ឆ្នាំ​ ២០១៧ នឹង​មាន​ RAM ដល់​ 8GB

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CultofMac