អនាគត​​ទេសចរណ៍​កម្ពុជា​មិន​អាច​ផ្ដាច់​ចេញ​ពី​ទេសចរ​ចិន

  • 2016-10-25 23:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​លោក ថោង ខុន​ បាន​គូស​បញ្ជាក់​ថា ​អនាគត​នៃ​ទេសចរណ៍​កម្ពុជា​គឺ​មិន​អាច​កាត់​ផ្ដាច់​ចេញពី​ការ​ស្រូប​ទាញ​កំណើន​នៃ​លំ​ហូ​ទេសចរ​ចិន​និង​​វិនិយោគិន​​ចិន​បាន​ឡើយ។

 

 

វត្តមាន​ទេស​ចរ​ចិន​​​នៅ​កម្ពុជា​បាន​ជួយ​បង្កើន​សេដ្ឋកិច្ច​និង​ជំរុញ​អភិវឌ្ឍន៍​ទេសចរណ៍​ឲ្យ​ឆ្ពោះ​ទៅ​មុខ ​តាម​រយៈ​ការ​បង្កើន​ការ​ងារ​ ទី​កន្លែង​ស្នាក់​នៅ​រួម​មាន​សណ្ឋាគារ ភោជនីយដ្ឋាន​ជា​ដើម។​ មិន​តែ​ប៉ុណ្ណោះ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត ​ធ្លាប់​ថ្លែង​ថា ​សេដ្ឋកិច្ច​កម្ពុជា​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​នឹង​សេដ្ឋកិច្ច​ប្រទេស​ចិន តាមរយៈ​ជំនួយ​អភិវឌ្ឍន៍ លំហូរ​វិនិយោគ​និង​ភ្ញៀវ​ទេសចរ​។

 

ម្ល៉ោះ​ហើយ​ លោក ថោង​ ខុន​ បញ្ជាក់​ថា​តាម​រយៈ កិច្ច​សហប្រតិបត្តិ​ការ​ល្អ​​ជា​យុទ្ធសាស្ត្រ​​និង​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា​និង​ចិន បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​វិនិយោគ​ចិន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​។

 

​ទេសចរ​ចិន​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​ក្នុង​ពិភពលោក។ បើ​និយាយ​ពី​ពាណិជ្ជកម្ម​ចិន​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​ បាន​កើន​ឡើង​ដល់​ប្រមាណ​ ៤ទ្រី​លាន​ដុល្លារ​អាមេរិក ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា​ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​និង​ជា​ប្រភព​កាន់​តែ​សំខាន់​​នៃ​ការ​វិនិយោគ​ផ្ទាល់​​ពី​បរទេស​នៅ​ទូទាំង​ពិភពលោក ក៏​ដូច​ជា​អាស៊ាន​លើ​គ្រប់​វិស័យ​រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ។

 

 

​​​​​​​​ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​ទេសចរ​ចិន ក្រសួង​ទេសចរណ៍​បាន​រៀបចំ​​ផែន​ការ​យុទ្ធសាស្ត្រ​(២០១៦-២០២០) ពិសេស​ការ​ដាក់​ចេញ​នូវ សៀវ​ភៅ​ស​ស្តី​ពី​ China Ready សម្រាប់​ទេសចរ​កម្ពុជា ព្រម​ទាំង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​កម្ពុជា ចិន សំដៅ​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​យ៉ាង​តិច​ឲ្យ​បាន​ ២លាន​នាក់​នៅ​ឆ្នាំ​២០២០​ទៀត​ផង។

 

លើស​ពី​នេះ អំពី​ការសម្រួល​ការ​ធ្វើ​ដំណើរ​បាន​ផ្ដល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ទិដ្ឋាការ​អេ​ឡិច​ត្រូ​និច E-visa និង​ផ្ដល់​ទិដ្ឋាការ​ចេញ​ចូល​ច្រើន​ដង​សម្រាប់​រយៈពេល​១ឆ្នាំ ២ឆ្នាំ ៣​ឆ្នាំ​ដល់​ទេសចរ​ចិន​ផង​ដែរ៕

 

អត្ថបទ៖ លឹម សុ​នា​​​​​​​​​​