ប្រយ័ត្ន! ​ត្បូង​ឥឡូវ​មាន​ប្រើ​ជាតិ​គីមី ​អាច​ប៉ះ​ពាល់​សុខភាព​អ្នក​ពាក់​បាន

  • 2016-10-29 19:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​តែ​ចរន្ត​នៃ​ការ​ប្រើប្រាស់​ត្បូង ​មាន​ការ​ពេញ​និយម​ខ្លាំង​ទាំង​បរទេស​និង​អ្នក​ក្នុង​ស្រុក​ផង​នោះ ​បច្ចុប្បន្ន​នេះ​មាន​អ្នក​លក់​ត្បូង​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ជាតិ​គីមី​ធ្វើ​ដើម្បី​រចនា​ត្បូង​និង​ពន្លឺ​ឱ្យ​ទាក់ទាញ​កាន់​តែ​ស្អាត ប៉ុន្តែ​វា​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ប្រើ​ផង​ដែរ។

 

 

បើ​តាម​លោក គី វាសនា ​ម្ចាស់​កន្លែង​លក់​និង​ច្នៃ​ត្បូង​នៅ​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ការ​ប្រើប្រាស់​ត្បូង​នៅ​ពេល​នេះ មិន​អន់​ជាង​ពេជ្រ​នោះ​ទេ។ ដោយ​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​ពាក់​វា ព្រោះ​មាន​តម្លៃ​ថោក​ជាង​ពេជ្រ ប៉ុន្តែ​បើ​និយាយ​ពី​ភ្លឺ​ចែងចាំង​វិញ ​ក៏​មិន​អន់​ដែរ។ ភ្ញៀវ​នៅ​ក្នុង​ស្រុក​ភាគ​ច្រើន ចូល​ចិត្ត​ម៉ូដ​កាន់​តែ​ចាំង​កាន់​តែ​ល្អ ​ខណៈ​ដែល​អ្នក​ខ្លះ​មិន​ទាន់​យល់​ច្បាស់​ពី​ត្បូង​នៅ​ឡើយ​ទេ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​បរទេស​វិញ ​គេ​ចូល​ចិត្ត​តែ​បែប​ធម្មជាតិ​ដែល​អាច​ជំនួយ​ដល់​សុខភាព​គេ​បាន។

 

ដោយសារ​តែ​កត្តា​នេះ​ហើយ ​បាន​ជា​ធ្វើ​ឱ្យ​មាន​ឈ្មួញ​មួយ​ចំនួន​មាន​ល្បិច​ច្រើន ​ដោយ​អាច​យក​ត្បូង​មិន​ល្អ ទៅ​កែ​ច្នៃ ដុត​ឱ្យ​ចេញ​ជា​ត្បូង​មាន​ពន្លឺ​និង​ស្រស់​ស្អាត​បាន។ ការ​ដុត​ប្រែ​ពណ៌​ត្បូង​នោះ ​គឺ​ពួកគេ​អាច​បញ្ចូល​ជាតិ​គីមី​ឬ​ថ្ម​កែវ​នៅ​ក្នុង​គ្រាប់​ត្បូង​នោះ ​ឱ្យ​ចេញ​ជា​ត្បូង​មួយ​គ្រាប់​ភ្លឺ​ស្អាត​ខ្លាំង​ណាស់។ ទន្ទឹម​និង​ការ​ទាក់ទាញ​នេះ ​លោក​ គី វាសនា ​បញ្ជាក់​ថា​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​នៃ​អ្នក​ប្រើ​ប្រាស់​ដែរ ពោល​គឺ​ប្រើ​បាន​តែ​ប៉ុន្មាន​ខែ ជាតិ​គីមី​នៅ​ក្នុង​ត្បូង​នោះ​នឹង​ជ្រាប​ចេញ ​ហើយ​អាច​ប៉ះ​ពាល់​ដល់​ស្បែក​មនុស្ស​បាន។

 

ជា​ដំណោះ​ស្រាយ ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​បាន​ត្បូង​១​គ្រាប់​ដែល​ល្អ​ហើយ​មាន​សុវត្ថិភាព​ទៀត​នោះ ​ត្រូវ​ទៅ​រក​កន្លែង​ដែល​មាន​លិខិត​ចេញ​ឱ្យ​ត្រឹមត្រូវ​នៅ​ពេល​ទិញ ព្រោះ​ប្រសិន​បើ​មាន​អ្វី​កើត​ឡើង ​នោះ​អ្នក​ទិញ​អាច​ទៅ​ទាក់ទង​កន្លែង​លក់​វិញ​បាន៕

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទពេញនិយម