​សេន ប៊ុន​ថេន​ « ​របួស​​ប៉ុណ្ណឹង​​!​ មិន​អាច​ឲ្យ​ខ្ញុំ​បោះ​បង់​អាជីព​នេះ​បាន​ទេ​»

  • 2016-10-31 17:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​ជើង​ចាស់​​ សេន ប៊ុន​ថេន បាន​អះអាង​​ពី​ជំហរ​របស់​ខ្លួន​​នឹង​នៅ​តែ​បន្ត​អាជីព​ឈឺ​ខ្លួន​មួយ​នេះ​ពោល​រូប​គេ គិត​ចង់​ឡើង​សង្វៀន​វិញ​ម្ដង​ទៀត​​ក្រោយ​ជាសះស្បើយ​​​​របួស​របូត​សន្លាក់​ដើម​ដៃ​។

 

 

ជើង​ខ្លាំង​ប្រភេទ​ទម្ងន់​ធ្ងន់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​របួស​ដៃ​របស់​គេ​ នឹង​អាច​ជាសះស្បើយ​ប្រហែល​ជា​ពីរ​ឬ​បី​ខែ​​ទៀត។ ​បន្ទាប់​មក​ទៀត​​​​នឹង​ឡើង​សង្វៀន​វិញ​ ក្រោយ​ជា​សះស្បើយ​​ដៃ​ ពី​ព្រោះ​រូប​គេ​មើល​ឃើញ​ថា ខ្លួន​នៅ​មាន​កម្លាំង​កាយ​​អាច​វាយ​​​​៥​ទឹក​ពេញ​បាន​។

 

​​​​​​​អ្នក​លេង​ទម្ងន់​ជើង​រូប​នេះ​​បាន​និយាយ​ថា « ​របួស​​ប៉ុណ្ណឹង​​! មិន​អាច​ឲ្យ​ខ្ញុំ​បោះ​បង់​អាជីព​នេះ​បាន​ទេ។ ខ្ញុំ​ខំ​សាង​វា​ឡើង​មក​ច្រើន​ឆ្នាំហើយ​ បើ​បោះ​បង់​នៅ​ពេល​នេះ​ស្ដាយ​ណាស់ ​​»។ ​​ប៊ុន​ថេន បន្ថែម​ថា ឲ្យ​តែ​ជា​សះស្បើយ​​​ភ្លាម​ នឹង​ប្រឹងប្រែង​ហ្វឹកហាត់​​ឡើង​វិញ​។

 

​ ​​អ្នក​ប្រដាល់​រូប​នេះ​បាន​​បង្ហាញ​ពី​ជំនួយ​ក្នុង​ការ​ឧបត្ថម្ភ​​​មក​លើ​ខ្លួន​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មួយ​ចំនួន​គឺ​បាន​ជិត​ ៥​រយ​ដុល្លារ​អាមេរិក​​។ ចំណែក​ការ​​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​វិញ​​អស់​ប្រហែល​​ជា​​៣០០​ដុល្លារ​អាមេរិក​​ និង​នៅ​មាន​ទិញ​ថ្នាំ​លេប​នៅ​ផ្ទះ​ជា​ប្រចាំ​បន្ថែម​ទៀត។

 

​សេន ប៊ុន​ថេន បាន​រង​របួស​របូត​សន្លាក់​ឆ្អឹង​ដើម​ដៃ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ ​​ពេល​កំពុង​ប្រកួត​​ជា​មួយ​កីឡាករ​ថៃ Dee Bunchoung ​ក្នុង​កំឡុង​ពាក់​កណ្ដាល​ទឹក​ទី​៥​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ដែល​​ពេល​នោះ​កីឡាករ​កម្ពុជា​រូប​នេះ​ចាញ់​ដោយ​ពិន្ទុ ក្រោយ​មក​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម