​ណាហ្គាវើល​ នាំ​​ចូល​កីឡាករ​កម្ពុជា​បាន​​៣​រូប​ហើយ ត្រៀម​រដូវ​កាល​ថ្មី​​

  • 2016-11-03 16:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក មាស ចាន់​ណា គ្រូ​បង្វឹក​ក្លឹប​ណាហ្គាវើល​បាន​ធ្វើ​ការ​នាំ​ចូល​កីឡាករ​​មក​ពង្រឹង​ក្រុម​​របស់​ខ្លួន​ចំនួន​​៣​រូប​​ហើយ​ បើ​គិត​ត្រឹម​ថ្ងៃ​​ទី​៣ ខែ​​វិច្ឆិកា ឆ្នាំ​២០១៦​​​ ដើម្បី​ត្រៀម​លេង​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup ​រដូវ​កាល​២០១៧។

 

 

​ក្លឹប​បាល់ទាត់​ណាហ្គាវើល​​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣​​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា ​និង​ធ្លាក់​ត្រឹម​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​រដូវ​កាល​២០១៦​។ ​ដោយ​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​របស់​ក្រុម​លោក មាស ចាន់​ណា ​បាន​ធ្វើ​ការ​នាំ​ចូល​កីឡាករ​ល្អ​ៗ​ចំនួន​បី​រូប​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​គឺ​ សួង វីរៈ, សំរឹទ្ធ សីហា, និង​ សុខ សេង​តារា។ ​

 

​ទាក់​ទង​នឹង​ការ​នាំ​កីឡាករ​ទាំង​បី​នាក់​ខាងលើ​​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ខ្សែ​ប្រយុទ្ធ សួង វីរៈ និង​​អ្នក​ចាំ​ទី​ សំរឹទ្ធ សីហា មក​ពី​ក្លឹប​ Cambodia Tiger ​​ស្រប​ពេល​​​​ខ្សែ​ការពារ​កណ្ដាល​ សុខ សេង​តារា មក​ពី​ក្លឹប​អាស៊ីអឺរ៉ុប។ ​​​ចំពោះ​បច្ចេកទេស​លោក​មើល​ឃើញ​ថា​ ពួក​គេ​នឹង​ដើរ​តួ​យ៉ាង​សំខាន់​នា​រដូវ​កាល​ក្រោយ​​ ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​ដែល​ក្លឹប​មាន​សព្វ​ថ្ងៃ។

 

 

​​លោក​បន្ថែម​ថា ​កីឡាករ សួង វីរៈ​ ជា​ក្ដី​សង្ឃឹម​​របស់​លោក​ក្នុង​ការ​​ប្រជែង​ទាំង​លីគ​កំពូល​កម្ពុជា​ និង​ Hun Sen Cup ​នា​រដូវ​កាល​ក្រោយ​។ ​ខណៈ​​ពេល​នេះ​កីឡាករ​ទាំង​​បី​​រូប​​សុទ្ធ​សឹង​តែ​ត្រូវ​បាន​លោក​កំពុង​បង្ហាត់​ និង​បង្ហាញ​យុទ្ធសាស្ត្រ​ថ្មីៗ​​​​។ លើស​ពី​នេះ​​លោក​នៅ​មាន​គម្រោង​នាំ​ចូល​កីឡាករ​បរទេស​ និង​កម្ពុជា​បន្ថែម​ទៀត​នា​ពេលក្រោយ។

 

​​ជា​មួយ​គ្នា​នោះ​​គ្រូ​បង្វឹក​ដែល​ជួយ​​ណាហ្គាវើល​ទទួល​បាន​ជើង​ឯក​រង​ទាំង​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup កាល​ពី​ឆ្នាំ​២០១៥ ​សូម​ធ្វើ​ការ​ស្នើ​ទៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​មេត្តា​ផ្ដល់​ព័ត៌មាន​ពី​កម្មវិធី​ប្រកួត​រដូវ​កាល​ថ្មី​២០១៧​ ​និង​ការ​កំណត់​​ឲ្យ​ប្រើ​ប្រាស់​កីឡាករ​បរទេស​ ដើម្បី​ធ្វើ​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​៕

 

អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា​
អត្ថបទពេញនិយម