Pacquiao ​ថា​នឹង​ឡើង​វ៉ៃ​ទៀត​ ហើយ​​ចង់​សងសឹក​យក​ឈ្នះ​ Floyd វិញ

  • 2016-11-07 17:16:35
  • ចំនួនមតិ

ចន្លោះមិនឃើញ

ស្ដេច​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao ​បាន​លើក​ឡើង​​ថា ​ខ្លួន​នឹង​ឡើង​សង្វៀន​ប្រកួត​​ទៀត​ មិន​ទាន់​​ចូល​និវត្តន៍​ទេ ​និង​​​ចង់​សងសឹក​​យក​ឈ្នះ​​​អតីត​កំពូល​អ្នកប្រដាល់​អាមេរិក​ Floyd Mayweather ​​​វិញ​ឲ្យ​បាន​ ដើម្បី​ប៉ូវ​សង​អ្នកគាំទ្រ​របស់​ខ្លួន​ បើ​សិន​ជា​មាន​ឱកាស។

 

Pacquiao ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក WBO ម្សិលមិញ

 

Pacquiao ​​បាន​វ៉ៃ​ឈ្នះ​​ពិន្ទុ​ អ្នក​ប្រដាល់​វ័យ​ក្មេង​អាមេរិក​ Jessie​ Vargas ​កាល​ពី​ម្សិល​មិញ​ និង​បាន​គ្រង​ខ្សែ​ក្រវាត់​ពិភពលោក​លើក​ទី​១១ ​ក្នុង​អាជីព​របស់​ខ្លួន​ បន្ទាប់​ពី​ត្រឡប់​​ពី​ការ​ចូល​​និវត្តន៍ ​កាល​ខែ​មេសា ឆ្នាំ​២០១៦។ ​​អ្នកប្រដាល់​វ័យ​ ៣៧​ឆ្នាំ​រូប​នេះ​​ ធ្លាប់​វ៉ៃ​ចាញ់​ពិន្ទុ​ Floyd ​​កាល​ខែ​ឧសភា ឆ្នាំ​២០១៥ ខណៈ​ដែល​ពេល​​នោះ​ មាន​សេចក្ដីរាយការណ៍​ខ្លះ​​ថា កំពូល​អ្នកប្រដាល់​អាស៊ី​រូប​នេះ​ ឡើង​សង្វៀន​ប្រដាល់​ទាំង​មាន​បញ្ហា​របួស​ស្មា ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​គេ​ជា​ច្រើន​ មិន​អស់​ចិត្ត​​ចំពោះ​ការ​បរាជ័យ​នោះ​ទេ។

 

Pacquiao ​​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ម្សិល​មិញ​ថា៖ "យើង​មិន​ទាន់​ពិភាក្សា​គ្នា​ពី​ការ​ប្រកួត​​លើក​ទី​២​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​ឡើង​សង្វៀន​ម្ដង​ទៀត។ បើ​អ្នកគាំទ្រ​ត្រូវ​ការ​ ហេតុ​អ្វី​ខ្ញុំ​មិន​អាច..”។ ចំពោះ​សំនួរ​ឡើង​វ៉ៃ​ជាមួយ​ Floyd ម្ដង​ទៀត​ Pac Man ​បាន​បញ្ជាក់​ថា៖ "បើ​យើង​ឡើង​វ៉ៃ​ម្ដង​ទៀត ខ្ញុំ​នឹង​​ខំ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ ដើម្បី​យក​ឈ្នះ​វិញ​ ជូន​អ្នកគាំទ្រ។ ​ពួកគេ​នឹង​មិន​ខក​​ចិត្ត​ម្ដង​​ទៀត​ទេ ​បើ​ការ​ប្រកួត​កើត​ឡើង​មែន។ ខ្ញុំ​សន្យា​​​ថា អ្នកគាំទ្រ​​ទាំង​អស់​ប្រាកដ​ជា​ពេញ​ចិត្ត”។

 

Pacquiao (ស្តាំ) វ៉ៃជាមួយ Vargas ម្សិលមិញ

 

Floyd ទៅ​ទស្សនា​ផ្ទាល់​ Pacquiao វ៉ៃ​ម្សិលមិញ

 

Floyd ​វ័យ​៣៩​ឆ្នាំ​ ​បាន​ប្រកាស​ខ្លួន​ចូល​និវត្តន៍​ ​កាល​ខែ​កញ្ញា ឆ្នាំ​២០១៥ ​បន្ទាប់​​ពី​វ៉ៃ​ឈ្នះ​ពិន្ទុ​លើ​ Andre Berto ​ក្នុង​ប្រកួត​ចុង​ក្រោយ​របស់​គេ ដែល​វ៉ៃ​សរុប​​៤៩​ដង ឈ្នះ​ទាំង​៤៩​ដង។ ទោះ​ជា​យ៉ាង​ណា កំពូល​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ​ អាច​នឹង​ឡើង​សង្វៀន​​ជា​ថ្មី​ វ៉ៃ​ជាមួយ​ ​Pacquiao ម្ដង​ទៀត​ នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​បង្គ្រប់​ប្រកួត​ទី​៥០​របស់​គេ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail