“អូន​អើយ! ​ថ្ងៃ​ណា​ក៏​ឃើញ​តែ​ភ្ញៀវ​ខាង​ថៃ​គេ​មក​លេង​រហូត តែ​​ខ្មែរ​​យើង​អត់​សូវ​មាន​ទេ” សម្ដី​ទាហាន​ខ្មែរ​លើ​ប្រាសាទ​តា​ក្របី

  • 2016-11-07 21:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​តា​ក្របី ស្ថិត​នៅ​ក្នុង​ភូមិ​សែន​ជ័យ ឃុំ​គោកមន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ ​ដោយ​ប្រាសាទ​នេះ​ស្ថិត​នៅ​ក្បែរ​និង​ប្រាសាទ​តាមាន់​តែ​ម្ដង។ ​បើ​តាម​ទាហាន​យាម​នៅ​ប្រាសាទ​នេះ បាន​បញ្ជាក់​ថា​រាល់​ថ្ងៃ​មិន​សូវ​មាន​ប្រជាជន​ខ្មែរ​ទៅ​លេង​ទេ ដោយ​ភាគ​ច្រើន​សិស្ស​និស្សិត​ខាង​ថៃ​ទៅ​លេង​រាល់​ថ្ងៃ ​មិន​ដែល​ខាន​ឡើយ។

 

 

លោក ថែន ធួន ​នាយ​ទាហាន​នៅ​យាម​លើ​ប្រាសាទ​តា​ក្របី​បាន​រៀប​រាប់​ដូច្នេះ​ថា​៖ “អូន​អើយ! ​ម្ងៃ​ៗ ​ឃើញ​តែ​ភ្ញៀវ​ខាង​ថៃ​គេ​មើល​លេង​រហូត ​ជា​ពិសេស​សិស្ស​សាលា​គេ​តែ​ម្ដង ហើយ​ខាង​ខ្មែរ​យើង​វិញ ​មិន​សូវ​មាន​អ្នក​មក​លេង​ទេ។ សឹង​តែ​ថ្ងៃ​ខ្លះ​គ្មាន​ផង។ ខាង​គេ​មក​ម្ដង​ៗ ឡើង​ពេញ​ៗ ​មាន​ដល់​ថ្ងៃ​ខ្លះ​២ ៣​ពាន់​នាក់​នោះ។ បង​គ្មាន​អី​ទេ ​ក្រៅ​ពី​ចង់​ឃើញ​បងប្អូន​យើង​មក​លេង​ផង ​ព្រោះ​នេះ​ជា​របស់​ខ្មែរ ​មិន​មែន​របស់​ថៃ​ទេ”។

 

មូលហេតុ​ដែល​មិន​សូវ​មាន​អ្នក​ទៅ​លេង​នេះ ត្រូវ​បាន​គេ​គិត​ឃើញ​ថា​តំបន់​នេះ​ធ្លាប់​ជា​តំបន់​ប្រយុទ្ធ​គ្នា​ខ្លាំង​រវាង​កងទ័ព​កម្ពុជា ​និង​ថៃ​កាល​ពី​ជំលោះ​គ្នា​ក្នុង​ឆ្នាំ​២០០៨​កន្លង​ទៅ។ ខណៈ​ដែល​ភ្ញៀវ​មួយ​ចំនួន​ខ្លាច​មិន​មាន​សុវត្ថិភាព​ទើប​មិន​សូវ​ហាន​ឡើង​ទៅ​លេង​នៅ​លើ​ប្រាសាទ​នេះ​ទេ។

 

ចំពោះ​រឿង​សុវត្ថិភាព​នេះ​ដែរ ​នាយ​ទាហាន​ ថែន ធួន ​បាន​បញ្ជាក់​ថា​គ្មាន​អ្វី​ត្រូវ​ខ្លាច​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​សភាព​ការ​បាន​ត្រលប់​ទៅ​រក​សន្តិភាព​វិញ​ហើយ ​បើ​ទោះ​ជា​នៅ​លើ​ប្រាសាទ​មាន​ទាហាន​ថៃ​២​នាក់​និង​ខ្មែរ​២​នាក់​នៅ​យាម​ក៏​ដោយ។

 

“ទៅ​ខ្លាច​អី​អូន! ​នៅ​នេះ​សុវត្ថិភាព​ណាស់។ ទាហាន​ថៃ​និង​ខ្មែរ ​យាម​នៅ​នេះ​ដេក ស៊ី ​ជាមួយ​គ្នា​និង គ្មាន​អី​ទេ ​យើង​រាប់​អាន​គ្នា​ដូច​បងប្អូន​តើ។ កុំ​​​​​​​ឱ្យ​តែ​​យើង​ទៅ​ចូល​ដី​គេ​ទៅ​បាន​ឃើញ ព្រោះ​គេ​ដាក់​បម្រាម​ដែរ។ ហើយ​បើ​ច្រឡំ​ដើរ​ចូល​ទៅ​ក៏​គ្មាន​អី​ដែរ គេ​ហៅ​យើង​ឱ្យ​បក​ក្រោយ​វិញ តា​ប៉ុណ្ណឹង”។

 

ប្រសាទ​តា​ក្របី ​កាល​ពី​មុន​មាន​ឈ្មោះ​ថា​ប្រាសាទ​ព្រះ​តង្វាយ ​ហើយ​ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូរ ​ដូច​ទៅ​នឹង​ប្រាសាទ​ព្រះវិហារ ​ប្រាសាទ​តាមាន់​ដែរ៕

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទពេញនិយម