រំឭក​ព្រះរាជ​បូជនីយ​កិច្ច​ទាម​ទារ​ឯករាជ្យ​ពី​បារាំង របស់​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម​ សីហនុ​

  • 2016-11-10 04:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួប​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា របស់​ប្រជាជន​កម្ពុជា​បាន​រំលង​ផុត​ទៅ ៦៣​ដង​ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ ប៉ុន្តែ​ស្នាដៃ​ទាំង​ឡាយ​ដែល​​ព្រះ​បរម​រតនកោដ្ឋ ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ សម្រេច​បាន​សម្រាប់​ថ្ងៃ​នោះ មិន​បាន​រលត់​សាបសូន្យ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា ព្រះរាជ​បូជនីយកិច្ច​​សំខាន់​ៗ​របស់​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ កាល​ដែល​ទ្រង់​ទាមទារ​ឯករាជ្យ​ពី​បារាំង៖ ​ ​​ តាម​រយៈ​សន្ធិ​សញ្ញា​ចុះ​ថ្ងៃ​ទី ៨​ វិច្ឆិកា​ ឆ្នាំ​ ១៩៤៩​ បារាំង​បាន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​​​ឯក​រាជ្យ​របស់​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា។​ ប៉ុន្តែ​ជា​ការ​អនុវត្តន៍​ បារាំង​មិន​បាន​​ប្រគល់​នូវ​ អធិបតេយ្យ​ភាព​ខាង​យុត្តិធម៌​ ប៉ូលិស បញ្ជា​ការ​យោធា​ ការ​ទូត​ ការ​ចាយ​ធន​ប័ត្រ​ទាំង​ស្រុង​នោះ​ឡើយ​។​

ថ្ងៃ​ ១៥ មិថុនា​ ឆ្នាំ​១៩៥២​ ព្រះ​បាទ​នរោត្តម​ សីហនុ​ បាន​ប្រកាស​ប្រាប់​ប្រជារាស្ត្រ​យ៉ាង​ឱឡារិក​​ថា​ ទ្រង់​នឹង​ទាម​ទារ​យក​ឯក​​រាជ្យ​ទាំង​ស្រុង​ពី​ប្រទេស​បារាំង​យ៉ាង​យូរ​បំផុត​៣​ឆ្នាំ​។​​ ក្រោយ​មក​ព្រះ​អង្គ​ក៏​យាង​ទៅ​ប្រទេស​បារាំង​ ​ដើម្បី​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​បារាំង។

ថ្ងៃ​ ទី​ ៥​​ មីនា​ឆ្នាំ​ ១៩៥៣​ ព្រះ​អង្គ​បាន​ផ្ញើ​ព្រះរាជ​សារ​ជូន​ប្រធានាធិបតី​បារាំង​ វាំង​សង់​ អូ​រីយ៉ូល​។ ក្នុង​ព្រះរាជសារ​នោះ​គឺ​រៀប​រាប់​អំពី​ ភាព​ចាំ​បាច់​ ដែល​បារាំង​ត្រូវ​ពង្រីក​ឯករាជ្យ​ភាព​មក​អោយ​កម្ពុជា​។ ​បន្ទាប់​មក​ព្រះ​អង្គ​ក៏​បាន​ផ្ញើ​ព្រះ​រាជ​សារ​ចំនួន​២​ច្បាប់​ថែម​ទៀត​ជូន​ប្រធានាធិបតី​ និង រដ្ឋាភិបាល​បារាំង​​ គឺ​នៅ​ឯ​ដឺឡាណាពូល​ ថ្ងៃ​ទី​ ១៨​ មីនា​ ឆ្នាំ​១៩៥៣​ និង នៅ​ហ្វុង​តែន​ណា​ប្លូ​ ថ្ងៃ​ទី​ ៣​ មេសា​ឆ្នាំ​១៩៥៣។​​​​​​​​​

នៅ​ចំពោះ​មុខ​ការ​លាក់​លៀម​របស់​រដ្ឋាភិបាល​បារាំង​ នា​ថ្ងៃ​ ១១ មេសា ឆ្នាំ​ដដែល​ ព្រះ​បាទ​នរោត្តម​សីហនុ​បាន​យាង​ចាក​ចេញ​ពី​ប្រទេស​បារាំង​ ឆ្ពោះ​ទៅ​ប្រទេស​ កាណាដា​ និង សហរដ្ឋអាមេរិក​ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​ទាមទារ​ឯក​រាជ្យ​បន្ត។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ព្រះ​អង្គ​នៅ​ទី​នោះ​ កាសែត​ដ៏​ធំ​ New York Time បាន​ដក​ស្រង់​ព្រះ​បន្ទូល​ និង បាន​ចុះ​ផ្សាយ​​លាន់​លឺ​​ពេញ​ពិភពលោក​ដែល​​បាន​ចាប់​បង្ខំ​អោយ​ប្រទេស​បារាំង​ធ្វើ​ការ​ចរចា​ជាមួយ​កម្ពុជា​ ដែល​ពេល​នោះ​មាន​ឯក​ឧត្តម​ ប៉ែន​ នុត​ ជា​​​​អ្នក​តំណាង និង ឯក​ឧត្ដម​ សម សារី ​​ជា​អ្នក​ចូល​រួម​ផង​ដែរ​។​ ​​​​​

ថ្ងៃ​ទី​១៧​ឧសភា​ឆ្នាំ​១៩៥៣​ ​​ព្រះ​អង្គ​បាន​ថ្លែង​នៅ​ព្រះ​ទី​នាំង​ចន្ទ​ឆាយា​​ក្រុង​ភ្នំពេញ​ថា​ព្រះ​អង្គ​នឹង​បូជា​ជីវិត​ដើម្បី​ទាម​ទារ​យក​ឯក​រាជ្យ​មក​ជូន​ជាតិ​​១០០​ភាគ​រយ។ ព្រះ​អង្គ​បាន​ទៅ​គង់​នៅ​តំបន់​ស្វយ័ត​នៃ​ខេត្ត​សៀម​រាប​ បាត់​ដំបង​ និង កំពង់​ធំ។​ មិន​តែ​ប៉ុណ្ណោះ​ដើម្បី​គាំ​ទ្រ​ចលនា​នេះ​ ទ្រង់​បាន​បង្កើត​អោយ​មាន​កង​ជីវពល​នារី​ក្លាហាន​។

ក្រោម​កិច្ច​ចរចា​យ៉ាង​ស្វិតស្វាញ​របស់​ឯក​ឧត្តម​ ប៉ែន ​នុត និង ក្រោម​ព្រះ​រាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះរាជា​ ទី​បំផុត​កិច្ច​ចរចា​បាន​ទទួល​ជោគជ័យ​ទាំង​ស្រុង​។ ​ថ្ងៃ​ទី​​ ២៩ សីហា​ ឆ្នាំ​ ២០១៦ កិច្ច​ព្រមព្រៀង​ដើម្បី​ផ្ទេរ​អំណាច​តុលាការ​មក​អោយ​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​កិច្ច​​ព្រមព្រៀង​ដទៃ​ទៀត​ក៏​កើត​ឡើង​​​​បន្ត​បន្ទាប់​គ្នា​ដូច​ជា​៖ ការ​ផ្ទេរ​សមត្ថកិច្ច​ប៉ូលិស អធិបតេយ្យ​ភាព​ផ្នែក​យោធា​ ជា​ចុង​ក្រោយ​គឺ​អធិបតេយ្យ​ភាព​ការ​ទូត និង ផ្នែក​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​​។

ថ្ងៃ​ ៨ វិច្ឆិកា​ ឆ្នាំ​ ១៩៥៣​ ​ព្រះ​ករុណា​ព្រះ​បាទ​ នរោត្តម​ សីហនុ​ បាន​ស្ដេច​យាង​ត្រឡប់​ចូល​ក្នុង​រាជធានី​ភ្នំពេញ​វិញ​ដោយ​មាន​ការ​អប​អរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​ខ្មែរ​ទូទាំង​ប្រទេស​។ ប្រទេស​​កម្ពុជា​ក៏​ទទួល​បាន​ឯក​រាជ្យ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៩ វិច្ឆិកា​ ឆ្នាំ​ ១៩៥៣​ តាម​រយៈ​សន្ធិ​សញ្ញា​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​ ​ប្រទេស​ស្វីស​ចាប់​ពី​ពេល​នោះ​មក​។​

សរុប​មក​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូរណ៍​ដោយ​ជៀស​ផុត​ពី​ភ្លើង​សង្គ្រាម​ ក្រោម​​ព្រះរាជ​បូជនីយកិច្ច​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​បាទ​នរោត្តម​ សីហនុ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​។ បន្ទាប់​ពី​បេសកកម្ម​ដ៏​ធំ​នេះ​ ​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​បាន​ថ្វាយ​នាម​ដល់​ ​ព្រះ​អង្គ​ជា​ ព្រះ​បិតា​ឯក​រាជ្យ​ជាតិ​ និង ជា​វីរបុរស​របស់​ប្រទេស​កម្ពុជា​​មួយ​រូប​ផង​ដែរ៕ ​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖​ ចន្ថា

អត្ថបទថ្មី