​ទ័ព​​កំពុង​ធ្វើតេស្ត​​រក​​កីឡាករបរទេស​​​ខ្លាំង​ដូច​ Cheo ​​​​និង​ Kim ​បន្ថែម​ទៀត​​

  • 2016-11-22 07:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​ (ទ័ព) កំពុង​ធ្វើតេស្ត​ទៅ​​លើ​​សមត្ថភាព​កីឡាករ​មក​ពី​កូរ៉េខាងត្បូង​ចំនួន​ពីរ​​រូប​ ដែល​​សុទ្ធតែ​ជា​ខ្សែ​ប្រយុទ្ធ​​មក​​ជួយ​ក្រុម​រដូវ​កាល​ក្រោយ​​២០១៧ ហើយ​ការ​ជ្រើស​រើស​របស់​ពួក​គេ​គឺ​ចង់​បាន​ខ្លាំង​ដូច​​កីឡាករ​កូរ៉េខាងជើង Kim Kyong Hun​ និង​ Cheo Myong Ho។

លោក ទេព ឡុង​រចនា​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្រុម​ខាង​​លើ​​ថា​ លោក​កំពុង​ធ្វើតេស្ត​ទៅ​លើ​កីឡាករ​មក​ពី​កូរ៉េខាងត្បូង​ចំនួន​ពីរ​រូប​ ដោយ​បាន​ដាក់​ឲ្យ​លេង​ដើម្បី​មើល​ជើង​កាល​ប្រកួត​មិត្ត​ភាព​កន្លង​ទៅ​ជា​មួយ​បឹង​កេត។ ​បន្ទាប់​មក​ទៀត​​ក្លឹប​ជើង​ឯក​រង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​មុន​មួយ​នេះ​ នឹង​ដាក់​កីឡាករ​បរទេស​ពីរ​រូប​នេះ​ឲ្យ​ចូល​រួម​ប្រកួត​មិត្ត​ភាព​ជាមួយ​ណាហ្គាវើល​មួយ​ប្រកួត​ទៀត។

​​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​ថា ​កម្លាំង​ថ្មី​​របស់​​ទ័ព​ពីរ​រូប​ក្រោយ​នេះ​ត្រូវ​តែ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​ ទៅ​នឹង​កីឡាករ​​កូរ៉េខាងជើង​ Kim Kyong Hun និង​ Cheo Myong Ho ​​​ដែល​ជា​កំពូល​កីឡាករ​របស់​ទ័ព​កាលពី​រដូវ​កាល​មុន ពុំ​ដូច្នេះ​ទេ​លោក​ នឹង​មិន​ចុះ​កុង​ត្រា​​ទទួល​ឡើយ​។ ​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក​ចង់​បាន​កីឡាករ​ថ្មី​ ហើយ​​ខ្លាំង​ដូច​កូន​ក្រុម​មក​ពី​កូរ៉េខាងជើង​ ពី​ព្រោះ​​ចង់​​ឲ្យ​ទម្រង់​លេង​របស់​ក្រុម​រដូវ​កាល​ក្រោយ​​ល្អ​ស្មើ​គ្មាន​ចន្លោះ​ប្រហោង​លើ​ទីលាន។

​ក្លឹប​បាល់ទាត់​​ក្រសួង​ការពារ​ជាតិ​បាន​នាំ​យក​កីឡាករ​កូរ៉េខាងត្បូង​ពីរ​រូប​នេះ​ចំនួន​ ១​សប្ដាហ៍​មក​ហើយ។ ទន្ទឹម​នឹង​នោះ​​ក្លឹប​​បាន​ដាក់​កីឡាករ​ពីរ​រូប​នេះ​ឲ្យ​លេង​ជួយ​ទ័ព​​យក​ឈ្នះ​បឹង​កេត​ក្នុង​ជំនួប​មិត្ត​ភាព​​ ២-០​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ប្រកួត​បន្ទាប់​ក្លឹប​ជើង​ឯក​ Hun Sen Cup ​២០១៦ មួយ​នេះ​ នឹង​ដាក់​​​ពួក​គេ​ឲ្យ​លេង​ម្ដង​ទៀត​នា​ថ្ងៃ​សុក្រ​​​ទី​ ២៥​ ខែ​វិច្ឆិកា​នេះ​ក្នុង​ជំនួប​មិត្ត​ភាព​រវាង​ ទ័ព និង​ ណាហ្គាវើល​ ដើម្បី​មើល​សមត្ថភាព​លើក​ចុង​ក្រោយ​៕

Kim Kyong Hun
Cheo Myong Ho (អាវ​ក្រហម​)

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម