គ្រូ​ Barcelona ​ថា​ត្រូវ​តែ​ឈ្នះ​ Celtic ​យប់​នេះ​ ដើម្បី​ធានា​បាន​​កៅអី​​វគ្គ​១៦​ក្រុម

  • 2016-11-23 06:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique ​អ្នកចាត់ការ​ក្រុម​ FC Barcelona ​​​​​​បាន​និយាយ​ថា ​ក្រុម​អ្នក​មាន​បុណ្យ​របស់​លោក​ ​ត្រូវ​តែ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​​ Celtic ​ដាច់​ខាត​យប់​នេះ​ ដើម្បី​​ធានា​​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ UEFA Champions League។

Luis Enrique ​អ្នកចាត់ការ​ក្រុម​ FC Barcelona

Barca ​នឹង​ត្រូវ​ប៉ះ​ Celtic ​នៅ​កីឡដ្ឋាន​ Celtic Park ​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ​ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ C។ ​កាល​ជើង​ទី​១ នា​កីឡដ្ឋាន​ Camp Nou ​ក្រុម​អ្នក​មាន​បុណ្យ​ បាន​លត់​ Celtic ទក់​សាច់​ ៧-០ ​​ខណៈ​ដែល​ពេល​នោះ​ Lionel Messi ​​ស៊ុត​បាន​ហ៊ែតទ្រីក។ ​បច្ចុប្បន្ន​​ក្រុម​ជើង​ឯក​អេស្ប៉ាញ​​មាន​ ​៩​ពិន្ទុ​ ឈរ​លេខ​១ ពូល​ C ​​​នៅ​លើ​ Manchester City ​២​ពិន្ទុ ហើយ​យប់​នេះ​ បើ​ពួកគេ​បាន​ត្រឹម​ស្មើ​ ឬ​ឈ្នះ​ នោះ​នឹង​បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម។

Lionel Messi ហ្វឹកហាត់ ត្រៀម​ប៉ះ​ Celtic

អ្នកចាត់ការ​ Enrique ​និយាយ​ក្នុង​សន្និសីទកាសែត​ម្សិល​មិញ​ថា៖ "ការ​ប្រកួត​នេះ​ នឹង​មិន​ដូច​កាល​ប្រកួត​ទី​១ ដែល​យើង​ឈ្នះ​ពួកគេ​ច្រើន​គ្រាប់​នៅ​ Camp Nou ​នោះ​ទេ។ Celtic ​នឹង​មាន​យុទ្ធសាស្ត្រ​​ល្អ​របស់​គេ ​ហើយ​យើង​ត្រូវ​តែ​​ផ្ដោត​អារម្មណ៍​​ដោយ​ប្រុង​ប្រយ័ត្ន។ ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ពិសេស​ ព្រោះ​ពួកគេ​ជា​ក្លឹប​អស្ចារ្យ ​មាន​កីឡដ្ឋាន​បរិយាកាស​ល្អ​ ​យើង​ពិត​ជា​ពេញ​ចិត្ត។ ក្រុម​របស់​យើង​ មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់ ដូច្នេះ​យើង​ត្រូវ​តែ​ឈ្នះ”។

Barca ធ្លាប់​ប៉ះ​ Celtic ​៩​ដង​នៅ​ UEFA Champions League ​ក្នុង​នោះ​ ពួកគេ​ឈ្នះ​៧​ ស្មើ​១ និង​ចាញ់​១។ ​សម្រាប់​ការ​ប្រកួត​យប់​នេះ​ ខ្សែ​ប្រយុទ្ធ Luis Suarez ​ដែល​អវត្តមាន​​កាល​​ប៉ះ​ Malaga ​ដោយ​សារ​ជាប់​ពិន័យ​​ នឹង​អាច​ចូល​លេង​ជម្រើស​ដំបូង​បាន​វិញ ខណៈ​ដែល​ Messi ​ដែល​ខក​ខាន​ប្រកួត​មុន​ ដោយសារ​មាន​បញ្ហា​ឈឺ​ក្រពះ​ដែរ​នោះ ​ក៏​​ត្រៀម​បង្ហាញ​ខ្លួន​សហការ​គ្នា​ជាមួយ​ Neymar នៅ​តំបន់​​ប្រយុទ្ធ​​ខាង​លើ​បាន​ធម្មតា​ផង​ដែរ៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម