ដឹងទេ​ថា​​តារា​៤ដួងនេះ អានសៀវភៅអស់ប៉ុន្មានក្បាល​ក្នុង​មួយខែ?

  • 2016-12-02 07:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​អ្នក​សិល្បៈ​ពិត​ជា​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ការងារ​ ប៉ុន្តែ​តារា​ទាំង​៤​រូប​នេះ​មានដូចជា ហង្ស អច្ឆរិយា ទេព កញ្ញា សុវណ្ណ រ៉ាផា និង​ ​​ Mr. White ប្រាប់​ថា​មិន​ដែល​​មើល​រំលង​ការ​អាន​​សៀវភៅ​ឡើយ​ ហើយ​ពួក​គេ​មាន​ឆន្ទៈ​ចូល​រួមលើក​ស្ទួយ​នៃ​ការ​អាន​ផង​ដែរ ​​ដោយ​ថ្ងៃ​នេះ​ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​លក់​សៀវភៅ​ក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​។

លោក​ ហង្ស​ អច្ឆរិយា បាន​ប្រាប់​ថា លោក​តែង​តែ​​អាន​សៀវភៅ​ជា​ប្រចាំ​ដោយ​សៀវភៅ​មួយ​ក្បាល​អាន​ត្រឹម​តែ​រយៈ​ពេល​២ថ្ងៃ​ប៉ុណ្ណោះ។ តួ​ប្រុស​ក្នុង រឿង​ "ស្រទន់​មន្ត​ស្នេហ៍" រូប​នេះ​បន្ថែម​ថា​៖" ការ​អាន​ពិត​ជា​ចាំបាច់​ណាស់​សម្រាប់​ខ្ញុំ​ជា​អ្នក​សម្ដែង​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​ពី​បង្កើន​សមត្ថភាព​​នៃ​ការ​និយាយ​និង​សម្ដែង"។ ​ដោយ​សារ​តែ​ការ​ស្រលាញ់​សៀវភៅ​លោក​​បាន​ធ្វើ​បណ្ណាល័យ​មួយ​ផ្ទាល់​ខ្លួន​នៅ​ផ្ទះ​ ហើយ​លោក​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​អគ្គរាជទូត​សុច្ឆន្ទៈ​​នៃ​ការ​អាន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​​។

កញ្ញា​ សុវណ្ណ​ រ៉ាផា​ បាន​ប្រាប់​ថា៖" ខ្ញុំ​ចូល​ចិត្ត​សៀវភៅ​បែប​អប់រំ និង ចំណេះ​ដឹង​ទូទៅ​ហើយ​ខ្ញុំ​តែង​តែ​ឆ្លៀត​ពី​ការងារ​សិល្បៈ​មក​អាន​ ដោយ​មួយ​ខែ​ខ្ញុំ​អាន​បាន​សៀវភៅ​បាន​យ៉ាង​តិច​មួយ​ក្បាល​​​​"។ តួ​ស្រី​ក្នុង​រឿង​ "ទង់​ព្រលឹង" បាន​បន្ថែម​ថា ការ​អាន​បាន​ជួយ​នាង​យ៉ាង​ច្រើន​ក្នុង​នាម​នាង​ជា​អ្នក​សិល្បៈ​ដូចជា​ ការ​ដើរ​ហើរ ការ​និយាយ​ស្ដី​ក្នុង​សង្គម​ជា​ដើម ហើយ​សៀវភៅ​​គឺ​ជា​មិត្ត​ដ៏​ល្អ​របស់​នាង។

​​​​​​​​ទេព កញ្ញា ជា​តួ​ឯក​ស្រី​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍​" ក៏​ជា​អ្នក​គាំ​ទ្រ​ផ្នែក​អាន​មួយ​ដែរ នាង​បាន​ប្រាប់​ថា៖ "ក្នុង​មួយ​ខែ​ខ្ញុំ​អាន​បាន​សៀវភៅ​​​ ៣​ទៅ៤​ក្បាល​ព្រោះ​​ខ្ញុំ​ចង់​ចេះ​ពី​ការ​និយាយ​ស្ដី​ និង ​​​យល់​ដឹង​ពី​សង្គម​រស់​នៅ​សព្វ​ថ្ងៃ​"។ នាង​បន្ត​ថា​ នាង​មាន​អ្នក​ និពន្ធ​ មួយ​រូប​ដែល​ជា​និមិត្តរូប​គឺ​ លោក គង់ រង្ស៊ី ព្រោះ​គាត់​ជា​អ្នក​និពន្ធ​ខ្មែរ​មួយ​រូប​ដែល​មាន​ស្នា​ដៃ​ល្អ​និង មិន​ចម្លង​ពី​បរទេស។

​អ្នក​ចម្រៀង​ថ្មី​របស់​ សាន់ដេ​​ Mr. White បាន​ប្រាប់​ថា ការ​អាន​គឺ​ជា​ចំណូល​របស់​លោក​តាំង​ពី​ក្មេង​ព្រោះ​ការ​អាន​គឺ​ជា​វត្ថុ​មួយ​ដ៏​សំខាន់​សម្រាប់​ជីវិត​មិន​ថាសិល្បៈ​ឬ​ការ​សិក្សា​ ព្រោះ​វា​ជា​គ្រឹះ​នៃ​ចំណេះ​ដឹង​សព្វ​បែប​យ៉ាង​នៃ​ជីវិត។ ម្ចាស់​បទ​"តាំង​ពី​បែក​ដល់​ឥឡូវ​នៅ​តែ​ឈឺ​" ថ្លែង​៖ "ខ្ញុំ​ជា​អ្នក​គាំ​ទ្រ​ធំ​របស់​លោក​​ សុខ​ ចាន់ផល ដោយ​រាល់​សៀវភៅ​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​អាន​ហើយ​ ចូល​មនោសញ្ចេតនា​យ៉ាង​ខ្លាំង។ ឥឡូវ​ដោយសារ​រវល់​ការងារសិល្បៈ ខ្ញុំ​អាន​​បាន​ប្រហែល ១ក្បាលប៉ុណ្ណោះ​ក្នុង​មួយខែ​" ៕​​​​​​​​​​

អត្ថបទ៖ ម៉េន សុខណា