អស់​​តែ​ម្នាក់ ៣ម៉ឺន​រៀល អាច​ទទួល​សេវាកម្ម​គ្រប់​ ពី​រមណីយដ្ឋាន​បឹងសំរឹទ្ធិ

  • 2016-12-06 07:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​បឹងសំរឹទ្ធិ ជាតំបន់​កម្សាន្ត​បែប​កែច្នៃ​មួយ​កន្លែង​កំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​ស្ថិត​នៅ​ក្នុង​ភូមិបឹងសំរឹទ្ធិ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍។ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ទៅ​កម្សាន្ត​ នៅ​បឹងសំរឹទ្ធិ​នោះ គឺ​ចំណាយ​ត្រឹមតែ ៣ម៉ឺន​រៀល​ប៉ុណ្ណោះ នឹង​ទទួល​បាន​សេវាកម្ម​ដ៏​អស្ចារ្យ​ពី​រមណីយដ្ឋាន​មួយ​នេះ​ ដូចជា អាងហែល​ទឹក​មនុស្ស​ធំ-កូនក្មេង ទរំអិល ខ្សែកាបឆ្លងបឹង ប៉េដាឡូ ជិះកង់ សួន​កុមារ និង ខ្យូសជុំវិញ​បឹង​សម្រាប់​អង្គុយ​លេង​ជាដើម។ ក្រៅ​ពី​សេវាកម្ម​កម្សាន្ត​ បឹងសំរឹទ្ធិ មាន​សេវា​ស្នាក់​នៅ និង ម្ហូបអាហារ​ផងដែរ។

សេវាកម្ម​កម្សាន្ត

*ទរំអិល និង​អាងហែល​ទឹក​ដ៏ស្រស់ស្អាត​ នៅ​រមណីយដ្ឋាន​បឹងសំរឹទ្ធិ*

លោក ទួន គីវ នាយកប្រតិបត្តិ​នៅ​រមណីយដ្ឋាន​បឹងសំរឹទ្ធិ បាន​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅស្រុក" ថា រមណីយដ្ឋាន​នេះ​មាន​ទីតាំង​ធំ​ទូលាយ​ហើយ​មាន​សេវាកម្ម​សព្វគ្រប់​ ទាំង​កន្លែង​លេង​កម្សាន្ត សេវា​ស្នាក់​នៅ និង​ម្ហូបអាហារ។ ដូច្នេះ លក្ខណៈ​ពិសេស​របស់​រមណីយដ្ឋាន​នេះ គឺ​ធំ​ទូលាយ​ដែល​មាន​ទំហំរហូត​ដល់​ទៅ ៤៧ ហិកតារ និង មាន​សេវាកម្ម​ចម្រុះ​តែ​ម្ដង។

"ភ្ញៀវ​អាច​បង់​ត្រឹម​តែ​ ៣០ ០០០រៀល អាច​លេង​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច យើង​មាន​ខ្ជូស​ មាន​ភ្លើង មាន​កង្ហារ​អត់​គិត​លុយ​ទេ បាន​ន័យ​ថា គាត់​បង់​ ៣ម៉ឺន​ អាច​លេង​បាន​ទាំង​អស់។ ជិះកង់ ទរ​រំអិល ខ្សែកាបឆ្លងបឹង​ ប៉េដាឡូ អាង​ហែល​ទឹក​ជាដើម។ ក្មេង​យើង​គិត​គូរ​ដែរ​យើង​អត់​យក​លុយ​ទេ ​ចំពោះ​ក្មេង​តូច អត់​​លេង​កើត តែ​យើង​មាន​​ឧបករណ៍​ឲ្យ​ក្មេង​លេង​ដែល​មាន​កម្ពស់​ ១ម៉ែត្រ​ចុះ។" លោក ទួន គីវ បញ្ចាក់​បន្ថែម។

ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង អន្ដរជាតិ នៅ​ពេល​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ សុទ្ធតែ​លាន់​មាត់​ថា មាន​ទេសភាព​ល្អ ខ្យល់​បរិសុទ្ធ ជាទី​សម្រាក​កាយ​បំបាត់​ទុក្ខកង្វល់ ព្រោះ​តែ​មាន​សេវាកម្ម​ចម្រុះ រួមនឹង​ទេសភាព​ស្អាតៗ អមដោយ​សំណង់​ អគាររដ្ឋបាល​ដែល​រំលេច​ទៅដោយ​សួនច្បារ​ ចម្រុះ​ពណ៌​គួរជាទី​ចាប់​អារម្មណ៍​ សង់​ផ្ទះ បណ្ដែត​ទឹក រោង​កាហ្វេ ដែល​លំអ ដោយ​សួនច្បារ​មាន​ផ្ការ​ចម្រុះ​ពណ៌គួរ​ឲ្យ​ចង់​ទស្សនា​ក្រៃលែង។

ចង់ដឹងព័ត៌មាន​កាន់តែ​លម្អិត​ចុចទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

បន្ទប់​ស្នាក់​នៅ

*ដំណាក់​កោះរំដួល*

ក្រៅ​ពី​សេវាកម្ម​កម្សាន្ត​បឹងសំរឹទ្ធិ​ ក៏​មាន​ទទួល​សេវាកម្ម​ធ្វើ​ពិធី​ជប់លៀង ប្រជុំ​ ជាដើម។ ទន្ទឹម​នឹង​នេះ ក៏​មាន​បន្ទប់​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ដែល​ចង់​ស្នាក់​​​នៅ​ជា​លក្ខណៈ​កម្សាន្ត​បែប​គ្រួសារ ធ្វើ​ពិធី​ជប់លៀង ឬ ប្រជុំ និង​ការ​កម្សាន្ត​ចុង​ឆ្នាំ​របស់​ក្រុម​ហ៊ុន​ជាដើម។

នាយកប្រតិបត្តិ​រមណីយដ្ឋាន​ខាង​លើ​បាន​និយាយ​ទៀត​ថា សេវាកម្ម​ស្នាក់​នៅ​ គឺ​បែង​ជា​ ៤ ប្រភេទ៖

-១. ដំណាក់​កោះ​រំដួល ក្នុង​១បន្ទប់​តម្លៃ ៦០ដុល្លារ

-២. បឹងហ្គាឡូ​ស្ទឹង​ជីនិត ក្នុង​១បន្ទប់​តម្លៃ ៥០ ដុល្លារ

-៣. អូតែល សំរឹទ្ធិ ក្នុង​១បន្ទប់​តម្លៃ ២០ ដុល្លារ

-៤. តង់​បោះជំរុំ

ចំពោះ​ផែនការ​នៅ​ពេល​ខាង​មុខ បឹងសំរឹទ្ធិ គ្រោង​នឹង​បង្កើត​ផ្ទះ​ស្នាក់​នៅ​សម្រាប់​គ្រួសារ​ផងដែរ។ លោក ទួន គីវ ប្រាប់​ឲ្យ​ដឹង​បន្ថែម។

ភោជនីយដ្ឋាន

*ភោជណីយដ្ឋាន​បឹងសំរឹទ្ធិ*

ក្រៅពី​ការ​យក​ចិត្ត​ទុកដាក់​ផ្ដល់​សេវាកម្ម​កម្សាន្ត បន្ទប់ស្នាក់​នៅ រមណីយដ្ឋាន​បឹង​សំរឹទ្ធ ក៏​មាន​ភោជណីយដ្ឋាន​ខ្លួន​ឯង​ដែរ ដែល​ភ្ញៀវ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​មួយ​នេះ​ អាច​កុម្ម៉ង់​ម្ហូប​តាម​តម្រូវ​ការ ដែល​ផ្ដល់​សេវាកម្ម​ល្អ ប្រកប​ដោយ​អនាម័យ​ខ្ពស់ និង តម្លៃ​សមរម្យ។ លោក ទួន គីវ លើក​ឡើង​បន្ថែម។

រមណីយដ្ឋាន​បឹងសំរឹទ្ធិ បាន​ចាប់​ផ្ដើម​សាងសង់​តាំង​ពី​ឆ្នាំ ២០០៦ រហូត​ដល់​ឆ្នាំ ២០១៣ ទើប​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្លូវ​ការ ដែល​រមណីយដ្ឋាន​មួយ​នេះ​បាន​ផ្លាស់ប្ដូរ​ពី​តំបន់​ប្រទាញប្រទង់​ និង​សម្បូរ​ចោរព្រៃ (អសន្ដិសុខ) ក្លាយ​ជា​រមណីយដ្ឋាន​ល្បីល្បាញ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម