អីចឹងតើ! បាន​ជា​គេ​ដាក់​ថា ផ្ទះខ្មោច​ស័ក្ដិសិទ្ធិ នៅ​ខេត្ត​កំពង់ឆ្នាំង

  • 2016-12-07 09:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ" ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ឆ្ងល់ និង លាន់​មាត់​តៗ​គ្នា​ថា ផ្ទះ​នេះ​មាន​ខ្មោច​នៅ ដូច្នេះ​ហើយ​ទើប​ម្ចាស់​ផ្ទះ​ទុក​ផ្ទះ​នេះ​ទុក​ចោល​ឲ្យ​ក្លាយ​ទៅ​ជា​ទីសក្ការ​សម្រាប់​អ្នកផងទាំង​ពួង​ ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ រវាង​ខេត្ត​កំពង់​ឆ្នាំង-ពោធិ៍សាត់​ តែងតែ​ឈប់​សំចត​ធ្វើ​ពិធី​បួងសួង។ ហេតុ​អ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ​ថា "ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ"?

*ក្លោងទ្វារ​ចូល​ទៅ​ផ្ទះខ្មោចស័ក្ដិសិទ្ធិ*

អ្នកស្រី ឡុង លីម អ្នក​ថែ​រក្សា​ "ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ" ស្ថិត​នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​ថា ដើម​ឡើយ​ផ្ទះ​នេះ​ធ្វើ​អំពី​ឈើ ប៉ុន្ដែ​ក្រោយ​មក​ម្ចាស់​ថ្មី បាន​ទិញដី​ រួច​សង់ជា​ថ្ម ដូច​អសនៈ​អ្នកតា កាល​ពី​អំឡុង​ជិត​១០​ឆ្នាំ​មុន។ ទន្ទឹមនឹង​គ្នា​នេះ​ នៅ​ឯ​ក្លោងទ្វារ​ បាន​សរសេរ​អក្សរ​ធំៗ​នៅ​លើ​បដាថា ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធ។

សូមទស្សនាវីដេអូខាងក្រោម

អ្នកស្រី ឡុង លីម ដែល​អះអាង​ថា ខ្លួន​ក៏​មាន​បារមី​កាន់​ដែរ​នោះ បាន​លើក​ឡើង​ទៀត​ថា ម្ចាស់​ផ្ទះ​ដែល​បាន​កសាង​ជា​អាស្រម​ថ្ម​សព្វថ្ងៃ​នេះ ឈ្មោះ ហាក់ ហេង។ លោក ហេង សម្រេច​ចិត្ត​ទិញ​ដី​ហើយ​សង់​អាស្រម​នេះ ព្រោះតែ​ដំបូង​ឡើយ​លោក​គ្រាន់តែ​ជា​ដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់​ឆ្នាំ ក្រោយ​មក​ចត​នៅ​កន្លែង​ដី​សព្វថ្ងៃ​ ស្រាប់​តែ​មាន​អ្នកតា​ម្នាក់​បាន​ក្លែងខ្លួន​មក​ប្រាប់​ឲ្យ​បួងសួង រួច​ក៏​បួងសួង​ហើយ​ស្រាប់​តែ​បាត់​អ្នក​តា​នោះ​ទៅ។ មួយរយៈ​មក​សេចក្ដីប្រាថ្នា​ធ្វើ​ឲ្យ​លោក​ហេង​ទទួល​បាន​ផល​សម្រេច​ក៏​ត្រឡប់​មក​វិញ​ទិញដី​សង់ផ្ទះ​ឲ្យ​ទៅ ប៉ុន្ដែ ដំបូង​លោក​ហេង ស្មានតែ​លោកតា គឺជា​ខ្មោច ទើប​បាន​សរសេរ​បដា​នោះ​ថា "ផ្ទះខ្មោចស័ក្ដិសិទ្ធិ" ទៅ។

ដោយ​សារ​តែ​អបិ្បយជំនឿ​តៗគ្នា និង​មាន​អ្នក​បន់​ស្រន់​ចេះ​តែ​បាន​សម្រេច ទើប​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ឃើញ​ផ្ទះ​ខ្មោចស័ក្ដិសិទ្ធិ ក៏​ចុះ​មក​បន់ស្រន់ ហើយ​អ្នក​បន់​បាន​សម្រេច​តែង​ជាវ​ព្រះភូមិ ឬ រានទេវតា មក​ទុក​នៅ​មុខ​អាស្រម​ ផ្ទះ​ខ្មោចស័ក្ដិសិទ្ធិ។

“ផ្ទះ​នេះ ដី​នេះ​សព្វថ្ងៃ​ម្ចាស់​អត់​ដែរ​នៅ ឯ​អ្នក​ធ្វើ​ដំណើរ​តែងតែ​មក​បន់ស្រន់ ម៉្លោះហើយ​ខ្ញុំ​អ្នក​ផ្ទះក្បែរ​ផ្ទះខ្មោចស័ក្ដិសិទ្ធិ ចេះ​តែ​មក​ថែរក្សា ដូចជា បោសសំអាត ដាក់​ធូបទាន ជាហូរហែ​ ទុក​ឲ្យ​អ្នក​មក​បន់ស្រន់​មាន​ធូបទាន ហើយ​ខ្ញុំ​ហ្នឹង​! ក៏​ជា​អ្នក​កាន់​បារមី​មួយ​ដែរ ខ្ញុំ​ជឿ​ថា មាន​បារមី"។ អ្នកស្រី លីម បញ្ជាក់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា