​​កែវ រំចង់ រំសាយ​​ប៉ះ Iquezang ​​នៅ​ Thai Fight ​ព្រោះ​គ្រោះ​ថ្នាក់​ចរាចរណ៍​​របួស​ដៃ

  • 2016-12-08 04:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រកួត​ Thai Fight ​រវាង​​ជើង​​ខ្លាំង​កម្ពុជា កែវ រំចង់ ​និង​​អ្នក​ប្រដាល់​ថៃ​ Iquezang ​នា​ថ្ងៃ​ទី​២៤​​ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ​នឹង​ត្រូវ​រំសាយ​ចោល ​​​​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​រង​របួស​ប៉ះ​ទង្គិច​ឆ្អឹង​ដៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

កីឡាករ​ កែវ រំចង់ (ប្រកួត​កន្លង​មក​)

​​​ក្រៅ​ពី​ការ​រំសាយ​ការ​ប្រកួត​ខាង​លើ​​រូប​គេ​ក៏​បាន​សុំ​រំសាយ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​នៅ​ខេត្ត​​ព្រះសីហនុ​​របស់​សង្វៀន​អប្សរា​​​ជាដើម​។

​​បន្ទាប់​ពី​បាន​មាន​របួស​ដៃ​​កូន​ប្រុស​របស់​លោក កែវ សំអាង​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ប្រមាណ​ជា​​ជាង ​៧​ខែ​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​រូប​នេះ​ នឹង​ខក​ខាន​ឡើង​សង្វៀន។ ​​គ្រូ​ពេទ្យ​បាន​ប្រាប់​គេ​ឲ្យ​ធ្វើ​ការ​ថែរក្សា​សុខភាព​ ពិសេស​របួស​ឆ្អឹង​ដៃ​​ដែល​កើត​ឡើង​​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​ខេត្ត​បាត់​ដំបង។

​បន្ថែម​លើស​ពី​នេះ​​ រំចង់ បាន​​ឲ្យ​ដឹង​ទៀត​ថា ​រូប​គេ​​នឹង​ត្រូវ​ឡើង​សង្វៀន​អន្តរជាតិ​មួយ​ទៀត ​ដែល​ធ្វើ​​ឡើង​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក​​នា​​កំឡុង​ខែ​កក្កដា​ ឬ​ខែ​សីហា ឆ្នាំ​២០១៧ (មិន​ទាន់​ច្បាស់​)​ ជា​មួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​អាមេរិក។ ​ចំណែក​កម្រិត​សមត្ថភាព​​ដៃ​គូ​ រំចង់ បាន​ដឹង​ខ្លះ​ៗ​ថា​ មាន​ជំនាញ​ក្នុង​ការ​ប្រើ​​កណ្ដាប់​ដៃ​​ ក្រៅ​ពី​នោះ​គឺ​មិន​ល្អ​​ខ្លាំង​ឡើយ។

បច្ចុប្បន្ន កែវ រំចង់ ​ចេញ​ពី​មន្ទីរពេទ្យ​ហើយ ដោយ​សម្រាក​នៅ​ផ្ទះ​លេប​ថ្នាំ​។ ​ខណៈ​​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​អាមេរិក​នេះ​​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មករា ​ប៉ុន្តែ​ដោយ​សារ​មាន​បញ្ហា​ដូច្នេះ​​ត្រូវ​ពន្យារ​ពេល​ដល់​វេលា​ខាង​លើ​។ ​​​រូប​គេ​ត្រូវ​សម្រាក​ឲ្យ​បាន​ល្អ​​រយៈ​ពេល​៨​ខែ​ ដើម្បី​ឲ្យ​របួស​ដៃ​បាន​ជាសះស្បើយ​ទាំង​ស្រុង​ បន្ថែម​លើស​ពី​នេះ​​ រំចង់ ត្រូវ​សម្រក​ទម្ងន់​​ ៦៥​គីឡូក្រាម​ផង​ដែរ ​ដើម្បី​ប្រកួត​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម