គ្រូ​ធំ​របស់​ក្លឹប​ប្រដាល់​តាឡី​ «ផល​ សោភ័ណ្ឌ​ នឹង​ដូរ​របៀប​វ៉ៃ​ថ្មី​ចុង​សប្ដាហ៍​នេះ»

  • 2016-12-09 04:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ធំ​របស់​ក្លឹប​ប្រដាល់​ តាឡីដំរីមានរិទ្ធិ​ ថា​កីឡាករ​ជើង​ខ្លាំង​ ផល​ សោភ័ណ្ឌ​ អាច​នឹង​ប្ដូរ​របៀប​វ៉ៃ​នៅ​ពេល​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ថៃ​ Fashoot Shai​ លើក​ទី២​នេះ។​ ការ​ប្រកួត​របស់​ ផល​ សោភ័ណ្ឌ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​ ខាង​មុខ​នេះ។

បើ​តាម​ឲ្យ​ដឹង​ពី​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់​ គ្រូ​ប្រចាំ​ក្លឹប​ប្រដាល់​តាឡីដំរីមានរិទ្ធិ​ ថា​ការ​ជួប​គ្នា​លើក​ទី២​របស់​កីឡាករ​ ផល​ សោភ័ណ្ឌ​ ជា​មួយ​ជើង​ខ្លាំង​ Fashoot Shai​ លើក​នេះ​អាច​នឹង​ផ្លាស់​ប្ដូរ​របៀប​វ៉ៃ​ថ្មី​ព្រោះ​អី​ប្រើ​ក្បាច់​ដដែល​នោះ​ដៃ​គូ​និង​ចាប់​ក្បាច់​បាន​។​

ព្រឹទ្ធាចារ្យ​វ័យ​ ៧៣​ ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ជើង​ខ្លាំង​ថៃ​ Fashoot Shai​ ​កាល​វ៉ៃ​ជា​មួយ​ ផល​ សោភ័ណ្ឌ​ លើក​ទី១​ គឺ​គេ​ចូល​វ៉ៃ​ប្ដូរ​ ដល់​ពេល​ប្រកួត​ចុង​ក្រោយ​ជា​មួយ​កីឡាករ​ ឡៅ​ ចន្រ្ទា​ គេ​ប្ដូរ​របៀប​វ៉ៃ​ទៅ​ជា​វ៉ៃ​តាម​បច្ចេកទេស​វិញ។​ អញ្ចឹង​ហើយ​លើក​នេះ​ ផល​ សោភ័ណ្ឌ​ ត្រូវ​តែ​ប្ដូរ​របៀប​សម្លាប់​ថ្មី​ដើម្បី​ទប់ទល់​នឹង​ក្បាច់​របស់​ជើង​ខ្លាំង​ថៃ​ម្នាក់​នេះ​ក្នុង​ការ​យក​ជ័យជម្នះ​លើក​ទី២។​

លោក​គ្រូ​ជើង​ចាស់សំបូរ​បទពិសោធន៍​រូប​នេះ​នៅ​តែ​ជឿជាក់​ថា​កូន​សិស្ស​របស់​ខ្លួន​នៅ​តែ​ឈ្នះ​សម្រាប់​ការ​ប្រកួត​មួយ​នេះ។​ បើ​តាម​មើល​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​តឹងរ៉ឹង​រាល់​ថ្ងៃ​ បូក​រួម​និង​ស្មារតី​វ៉ៃ​ឆ្លាត​របស់​ សោភ័ណ្ឌ​ ផង​នោះ​លោក​គ្រូ​សង្ឃឹម​ច្រើន​សម្រាប់​ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ។​

ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ផល​ សោភ័ណ្ឌ​ ធ្លាប់​ផ្ដួល​ Fashoot Shai​​ ឲ្យ​សន្លប់​ទឹក​ទី៣​ ក្រោក​លេង​រួច​ម្ដង​មក​ហើយ។​ ពួក​គេ​ទាំង​ពីរ​នឹង​ត្រូវ​ប្រកួត​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ ទី​ ១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​​ខាង​មុខ​នេះ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ខ្សែ​ក្រវាត់ Kubota ​ទម្ងន់​ ៦៣.៥​ គីឡូក្រាម។​ ក្រៅ​ពី​អ្នក​ទាំង​ពីរ​នេះ​ក៏​មាន​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​១គូ​ទៀត​ដែរ​រវាង​កីឡាករ​ ឡៅ​ ចន្រ្ទា​ និង​ Dern Chhunlek​ ៕​

អត្ថបទ៖ នួន ស៊ីណា​