កន្លែង​កម្សាន្ត ​៣​ប្រចាំ​ខេត្ត​កំពង់ធំ ​អ្នក​មិន​គួរ​រំលង

  • 2016-12-09 11:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់​ធំ​ជា​ខេត្ត​មួយ​ដែល​មាន​ជាប់​ទាក់ទង​រឿង​ប្រវត្តិសាស្ត្រ​ច្រើន ​ហើយ​ក៏​ជា​ខេត្ត​មួយ​នៅ​ចំ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រិយមិត្ត​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្ត​សៀមរាប ​ច្បាស់​ណាស់​ប្រាកដ​ជា​ត្រូវ​ឆ្លង​កាត់​ខេត្ត​កំពង់​ធំ​សិន ហើយ​ក៏​កាន់​តែ​ស្គាល់​ច្បាស់​ថែម​ទៀត​នៅ​កន្លែង​លំហែ​កាយ​មួយ​ឈ្មោះ​ថា​ព្រៃប្រស់​ជា​មិន​ខាន។

ជាក់​ស្ដែង​ទៅ ​នៅ​កំពង់​ធំ​មិនមែន​មាន​តែ​កន្លែង​មួយ​នេះ​ទេ​ដែល​គេ​ចាប់​អារម្មណ៍​ច្រើន​នោះ ​ពោល​គឺ​នៅ​មាន​កន្លែង​ច្រើន​ទៀត ដែល​ប្រិយមិត្ត​អាច​ទៅ​លេង​បាន ​នៅ​ថ្ងៃ​ឈប់​សម្រាក ​ហើយ​ថែម​ទាំង​សប្បាយ​រីករាយ​ថែម​ទៀត​ផង។ ដូច្នេះ​ហើយ ​ថ្ងៃ​នេះ​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​របស់​ក្រុមហ៊ុន Sabay ​សូម​លើក​យក​តែ​៣​កន្លែង​ទេ ​សម្រាប់​បង្ហាញ​ប្រិយមិត្ត៖

១. ព្រៃ​ប្រស់

ព្រៃ​ប្រស់​ជា​កន្លែង​លំហែកាយ​មួយ ​ដែល​មាន​ចម្ងាយ​ពី​ក្រុង​កំពង់​ធំ ​១៦​គីឡូម៉ែត្រ។ កន្លែង​នេះ ​ភាគ​ច្រើន​ភ្ញៀវ​តែងតែ​ឈប់​សម្រាក​ញ៉ាំ​អាហារ ​ហើយ​ថ្ងៃ​ចុង​សប្ដាហ៍​ក៏​មាន​អ្នក​ទៅ​អង្គុយ​លេង​ច្រើន​ដែរ ត្បិត​អី​វា​មាន​ខ្យល់អាកាស​បរិសុទ្ធ ​និង​ទេសភាព​ស្អាត​ណាស់។

២. ​រមណីយដ្ឋាន​សំបូរ​ព្រៃគុក

នរណា​ក៏​ដោយ​ឱ្យ​តែ​ទៅ​លេង​នៅ​កំពង់ធំ គឺ​មិន​ដែល​ភ្លេច​ឡើយ​នៅ​​រមណីយដ្ឋាន​សំបូរ​ព្រៃគុក ព្រោះ​កន្លែង​នេះ​ជា​តំបន់​ទីក្រុង​បុរាណ​របស់​ខ្មែរ។ សំបូរ​ព្រៃគុក ​មាន​ចម្ងាយ​៣០​គីឡូម៉ែត្រ​ទី​ក្រុង​កំពង់​ធំ ​ហើយ​ភ្ញៀវ​ដែល​បាន​ទៅ​លេង​ហើយ ប្រាកដ​ជា​មាន​អារម្មណ៍​ស្រស់ស្រាយ​មែនទែន ព្រោះ​ក្នុង​តំបន់​នេះ​មាន​ដើម​ឈើ​ធំ​ៗ​ជា​ច្រើន ត្រជាក់​ស្រួល​ណាស់។

៣.​ រមណីយដ្ឋាន​បឹង​សំរឹទ្ធិ

បឹង​សំរឹទ្ធិ ​គឺ​ជា​រមណីយដ្ឋាន​ដែល​ទើប​តែ​បង្កើត​ឡើង​ទេ ​ប៉ុន្តែ​កំពុង​តែ​ទាក់​ចិត្ត​ភ្ញៀវ​ខ្លាំង​មែនទែន ព្រោះ​កន្លែង​នេះ​មាន​ការ​កម្សាន្ត​ច្រើន ​ហើយ​ផ្ទៃ​ដី​ដល់​ទៅ​ ៤៧​ហិកតា​ឯ​ណោះ។ មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​កម្សាន្ត​ធម្មតា​ទេ បឹង​សំរឹទ្ធិ​ក៏​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ទៅ​ថត​ Pre-Wedding ​ផង​ដែរ។

សូមបញ្ជាក់​ថា​ក្រៅ​ពី​តំបន់​ខាង​លើ​នេះ​ហើយ ​នៅ​មាន​កន្លែង​​ផ្សេង​ទៀត​ដែរ​នៅ​កំពង់​ធំ ​ដែល​មាន​អ្នក​ទៅ​លេង​ច្រើន​ដូចជា ភ្នំសន្ទុក ​និងរមណីយដ្ឋាន​ទំនប់​បង្ហៀរ​ទឹក​១​មករា ជាដើម៕

អត្ថបទ៖ មុន្នីរម្យ