ពាន​រង្វាន់​ជើង​ឯក​បាល់ទាត់​កុមារ​របស់ Toyota ​កាន់​តែ​ប្លែក​រដូវ​កាល​នេះ

  • 2016-12-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​កុមារ​របស់​ក្រុមហ៊ុន Toyota ​(U12) ​បាន​ចាប់​ផ្ដើម​រដូវកាល​ថ្មី​របស់​ខ្លួន​ហើយ ​ដោយ​មាន​២៤​ក្រុម​ចូល​រួម​មក​ពី​តាម​បណ្ដា​សាលា​នានា​នៅ​រាជធានី​ភ្នំពេញ។

ដោយ​ការ​ប្រកួត​រដូវ​កាល​ទី​២​នេះ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ ​ឆ្នាំ​២០១៦ ​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៦ ​ដែល​ត្រូវ​ជា​ថ្ងៃ​នៃ​ការ​ប្រកួត​ជើង​ឯក​ពាន​រង្វាន់ Toyota Mekong Cup ​នៅ​កម្ពុជា​តែ​ម្ដង។ ដោយ​ក្រុម​ទាំង​២៤​នេះ ​នឹង​បែងចែក​ជា​២​ពូល ​ដើម្បី​ប្រកួត​ជម្រុះ​។ ​ដោយ​ពូល​ជម្រុះ​ទី​១ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​នេះ ​និង​ពូល​ជម្រុះ​ទី​២ ​គឺ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​ខែ​នេះ​ដូច​​គ្នា ​នៅ​តារាង​បាល់ទាត់​ 3G ​ដោយ​វគ្គ​ជម្រុះ​នីមួយ​ៗ ​ត្រូវ​ជម្រុះ​យក​តែ​៦​ក្រុម​ទេ ដើម្បី​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ចំពោះ​រង្វាន់​ជើង​ឯក​វិញ ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ ​គឺ​ក្រុម​លេខ​១​បាន​ពាន​រង្វាន់​និង​មេដាយ​មាស ​ក្រុម​លេខ​២ ​បាន​មេដាយ​ប្រាក់ ​ក្រុម​លេខ​៣ ​ទទួល​មេដាយ​សំរឹទ្ធ ​និង​កីឡាករ​លេង​ល្អ​ជាង​គេ​ទទួល​បាន​ពាន​រង្វាន់​ផង​ដែរ។

លោក​ឧកញ៉ា ​គង់ នួន ​ប្រធាន​ក្រុមហ៊ុន Toyota Cambodia ​បាន​និយាយ​ដែរ​ថា ​កម្មវិធី​ខាង​លើ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចំរើន​ឡើង ​ដោយ​ចាប់ផ្ដើម​ពី​ការ​បណ្ដុះបណ្ដាល​កុមារ ​និង​ថ្នាល​យុវជន​ដើម្បី​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​កាន់​តែ​ល្អ​ឡើង៕

អត្ថបទ៖ មុន្នីរម្យ