ម្ចាស់​ផ្ទះ Kashima ឈ្នះ Auckland ២-១ ចុង​ម៉ោង ឡើង​វគ្គ​៨​ក្រុម FIFA Club World Cup

  • 2016-12-10 02:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​តែត​បញ្ចូល​ទី​ចុង​ម៉ោង​របស់ Mu Kanazaki ជួយ​ឲ្យ​ក្លឹប​ម្ចាស់​ផ្ទះ Kashima Antlers ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដែល​ជា​ការ​វាយ​បក​យក​ឈ្នះ​ជើង​ឯក​ទ្វីប​អូសេអានី Auckland City ក្នុង​លទ្ធផល ២-១ ជុំទី​១ ព្រឹត្តិការណ៍​ជើង​ឯក​ក្លឹប​អាជីព​ពិភព​លោក FIFA CLUB WORLD CUP 2016 កាល​យប់​ថ្ងៃ​ទី​៨ ធ្នូ លើ​វាល​ស្មៅ​កីឡដ្ឋាន International Stadium Yokohama។

ការ​ប្រកួត​ចាប់​ផ្ដើម​ដោយ​ភាព​រអា​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពី​រពុំ​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ក្នុង​វគ្គ​ទី​១។ វគ្គ​ទី២​ចាប់​ផ្ដើម​បាន​ត្រឹម​៥​នាទី ពោល​នាទី​៥០ កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង Dae-UK Kim តែត​នាំមុខ​បណ្ដោះ​អាសន្ន​ឱ្យ​ក្រុម​ភ្ញៀវ ក្រោយ​ទទួល​បាល់​ហ្វ្រីឃីក​បំផ្លោង​ពី​មិត្ត​រួម។ ក្រោយ​រង​ការ​នាំ​មុខ ជើង​ឯក J-League ២០១៦ Kashima ចាប់ផ្ដើម​វាយ​សម្រុក​រក​គ្រាប់​បាល់​វិញ​ម្ដង ហើយ​តាម​ស្មើ​បាន​សម្រេច ដោយ​ការ​ស៊ុត​ដ៏​ល្អ​របស់​កីឡាករ Akasaki នៅ​នាទី​ទី​៦៧។ ក្រុម​ម្ចាស់​ផ្ទះ​នៅ​តែ​បន្ត​ដាក់​សម្ពាធ រហូត​សល់​ត្រឹម​៣​នាទី​មុន​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត ពោល​នាទី​ទី​៨៧ Mu Kanazaki តែត​គ្រាប់​ជ័យជម្នះ នាំ Kashima Antlers ឡើង​ជួប​ជើង​ឯក​ទ្វីប​អាហ្វ្រិក Mamelodi Sundowns ។

ទស្សនា​ឈុត High Light ពិសេសៗ​នៃ​ព្រឹត្តិការណ៍៖

ដោយ​ឡែក នៅ​ថ្ងៃ​អាទិត្យ ទី​១១ ​ធ្នូ ចុង​សប្តាហ៍​នេះ ចាប់​ពី​វេលា​ម៉ោង ១:៣០ ​នាទី​រសៀល ទស្សនិក​ជន ​នឹង​បាន​ទស្សនា​ការ​ប្រកួត​វគ្គ​១​ភាគ​៤​ផ្ដាច់​ព្រ័ត្រ​រវាង​ជើង​ឯក​ទ្វីប​អាស៊ី​មក​ពី​កូរ៉េ​ខាង​ត្បូង Jeonbok Motors ត្រូវ​ប៉ះ Club America ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង កណ្ដាល និង​ការីប៊ីន មក​ពី​ម៉ិកស៊ីកូ​ ខណៈ​គូ​បន្ទាប់ Kashima antlers ប៉ះ​ក្រុម​អាហ្វ្រិក​ខាង​ត្បូង Mamelodi Sundowns មក​ពី​ទ្វីប អាហ្វ្រិក ចាប់​ពី​ម៉ោង ៥:០០​នាទី​ល្ងាច​តទៅ។

ព្រឹត្តិការណ៍​ជើង​ឯក​ក្លឹប​អាជីព​ពិភព​លោក​ធំ​ផ្ដាច់​គេ FIFA Club World Cup ២០១៦ នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​កីឡដ្ឋាន Suita City Football នា​ទីក្រុង Osaka លើ​កញ្ចក់​ទូរ​ទស្សន៍​ភីអិនអិន តែ​មួយ​គត់។ ​ទស្សនា​ឈុត​ពិសេសៗ​នៃ​ការ​ប្រកួត​បន្ទាប់៖

ដោយ៖ សុផាត