សាលា​អន្តរជាតិ លើននីង ចាំងហ្គល បរិច្ចាគ​ប្រាក់ ៧០០០ ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

  • 2016-12-10 03:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​អន្តរជាតិ លើននីង ចាំងហ្គល (Learning Jungle International School) បន្ថែម​លើ​គុណភាព​អប់រំ​ស្តង់ដារ​អន្តរជាតិ​ខ្ពស់ បាន​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា និង​មាន​សាមគ្គីភាព​គ្នា​តាម​រយៈ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម។

លោក លី វីរះ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​សាលា​អន្តរជាតិ លើននីង ចាំងហ្គល បាន​ផ្ដួច​ផ្ដើម​គំនិត​រៀបចំ​កម្មវិធី​រៃអង្គាស​ថវិកា​ទឹក​ចិត្ត​សប្បុរស​ធម៌​ជា​លើក​ទី​៣ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា​ ដើម្បី​រួម​ចំណែក​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ជា​ចាំបាច់។

កម្មវិធី​រៃអង្គាស​ថវិកា​សប្បុរសធម៌​នេះ គឺ​ជា​ទឹក​ចិត្ត​សប្បុរសធម៌​ជា​លើក​ទី​៣​ហើយ ដែល​ខាង​សាលា​អន្តរជាតិ​ហ្វ្រេនឆាយ​មក​ពី​កាណាដា​មួយ​នេះ​ បាន​រៀបចំ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​សិស្សានុសិស្ស អាណា​ព្យាបាល និង​បុគ្គលិក​ទាំងអស់។ លើក​ទី​៣​នេះ សាលា​បាន​រៃអង្គាស​ថវិកា​សប្បុរសធម៌ ៧០០០ ដុល្លារ សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​អ្នក​ជំងឺ និង​កុមារ​កម្ពុជា​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់។

មក​ទល់​ពេល​នេះ សាលា​អន្តរជាតិ​នេះ​បាន​បរិច្ចាគ​ថវិកា​សរុប​ជាង ១៥ ០០០ ដុល្លារ​ហើយ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

សាលា​អន្តរជាតិ លើននីង ចាំងហ្គល ចាប់ផ្តើម​ដំណើ​រការ​នៅ​កម្ពុជា តាំង​ពី​ដើម​ខែ​មករា​ ២០១៤ មក​ម្ល៉េះ។ ថ្មីៗ​នេះ សាលា​ទើប​តែ​បើក​សម្ពោធ​សាខា​បឋម​សិក្សា​ថ្មី​ដ៏​ធំ ដោយ​កម្មវិធី​សម្ពោធ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ធំ​ដែល​មាន​ការ​ចូលរួម​ពី​ឯកឧត្តម បណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក Francis Hout ប្រធាន​ការិយាល័យ និង​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​កាណាដា ប្រចាំ​កម្ពុជា លោក Nesmith Chincuanco នាយក​ប្រតិបត្តិ Learning Jungle ប្រទេស​កាណាដា លោក David Sok Dara Marshall ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សភា​ពាណិជ្ជកម្ម​កាណាដា​ប្រចាំ​នៅ​កម្ពុជា និង​អាណា​ព្យាបាល​សិស្ស​យ៉ាង​ច្រើន។

សាលា​អន្តរជាតិ លើននីង ចាំងហ្គល មាន​២​សាខា ដែល​សាខា​ទី​១​ ​នៅ​ផ្លូវ​លេខ​៣៣៧ ខណ្ឌ​ទួលគោក និង​សាខា​ទី​២ ​នៅ​ផ្លូវ​លេខ​៥៩៨ ខណ្ឌ​ឬ​ស្សី​កែវ ដែល​ផ្ដល់​ជូន​សេវា​អប់រំ​ស្តង់ដារ​អន្តរជាតិ​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ ​ដល់​ថ្នាក់​ទី​៦៕

ដោយ៖ សុផាត