នារី​ជប៉ុន​វ័យ​ទើប​១៩​ឆ្នាំ ធ្លាប់​ឡើង​ភ្នំ​ខ្ពស់​បំផុត​លើ​ពិភព​លោក ចំនួន​៧

  • 2016-12-10 03:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជនជាតិ​ជប៉ុន​វ័យ​ក្មេង មាន​ឈ្មោះ​ថា Marin Minamiya បាន​យក​ឈ្នះ​ឧបសគ្គ​ជា​ច្រើន រហូត​អាច​ឡើង​លើ​កំពូល​ភ្នំ​ខ្ពស់​បំផុត នៅ​លើ​ពិភពលោក ចំនួន​៧ ដោយ​ក្នុង​នោះ រួម​មាន​ទាំង​ភ្នំ Everest ផង​ដែរ។

នាង Marin អាយុ​១៩​ឆ្នាំ ជា​សិស្ស​មហាវិទ្យាល័យ​ម្នាក់ ដែល​បាន​សម្រេច​ក្តី​ប្រាថ្នា គួរ​ឲ្យ​កត់​សម្គាល់ ហើយ​បាន​សារភាព​ថា ការ​ឡើង​ភ្នំ​ខ្ពស់​បែប​នេះ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​នាង Marin ឈាន​ចូល​វ័យ​១៧​ឆ្នាំ នាង​បាន​ទទួល​យក​ការ​ប្រជែង​មួយ មាន​ឈ្មោះ​ថា «Explorer’s Grand Slam»។ នាង Marin នឹង​ព្យាយម​ដើម្បី​ក្លាយ​ទៅ​ជា មនុស្ស​វ័យ​ក្មេង​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​អាច​ឡើង​លើ​កំពូល​ភ្នំ​ខ្ពស់ៗ ទាំង​៧ និង​ធ្វើ​ដំណើរ​ទៅ​ចុង​ម្ខាង​នៃ​ផែនដី ពោល​គឺ ប៉ូល​ខាង​ជើង និង​ប៉ូល​ខាង​ត្បូង។

រហូត​មក​ដល់​ពេល​នេះ នាង Marinបាន​ឡើង​លើ​កំពូល​ភ្នំ​ខ្ពស់ៗ ទាំង​៧ និង​ធ្វើ​ដំណើរ​ទៅ​ដល់​ប៉ូល​ខាង​ត្បូង រួច​មក​ហើយ នៅ​សល់​តែ​បេសកកម្ម​ចុង​ក្រោយ​មួយ​ទៀត​ប៉ុណ្ណោះ គឺ​ធ្វើ​ដំណើរ​ទៅ​ប៉ូល​ខាង​ជើង ដើម្បី​បញ្ចប់​ការ​ប្រជែង​នេះ។

គួរ​បញ្ជាក់​ថា នាង Marin បាន​ចាប់​ផ្តើម​បេសកកម្ម តាំង​ពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ ដោយ​ចាប់​ផ្តើម​ពី ភ្នំ Aconcagua កម្ពស់ ៦ ៩៦២​ម៉ែត្រ (អាហ្សង់ទីន), ភ្នំ Vinson Massif កម្ពស់ ៤ ៨៩២​ម៉ែត្រ (ឈីលី) និង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ ប៉ូល​ខាង​ត្បូង ផង​ដែរ។

បន្ទាប់​មក​នាង​បាន​បន្ត​ដល់ ភ្នំ Mount Kilimanjaro កម្ពស់ ៥ ៨៩៥​ម៉ែត្រ (តង់ហ្សានី), ភ្នំ Mount Elbrus កម្ពស់ ៥ ៦៤២​ម៉ែត្រ (រុស្ស៊ី), ភ្នំ Mount Kosciuszko កម្ពស់ ២ ២២៨​ម៉ែត្រ (អូស្ត្រាលី), ភ្នំ Mount McKinley កម្ពស់ ៦ ១៩០​ម៉ែត្រ (អាឡាស្កា) និង ភ្នំ Mount Everest កម្ពស់ ៨ ៨៤៨​ម៉ែត្រ (នេប៉ាល់)។

នាង Marin បាន​កាន់​កាប់​កំណត់ត្រា ជនជាតិ​ជប៉ុន​វ័យ​ក្មេង​បំផុត ដែល​អាច​ឡើង​ដល់​កំពូល​ភ្នំ​ខ្ពស់​បំផុត​លើ​ពិភពលោក ហើយ​នាង​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ដល់ ប៉ូល​ខាង​ជើង នៅ​ខែ​មេសា ឆ្នាំ​២០១៧ ខាង​មុន​នេះ៕

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង