ភ្នំ​ឧដុង្គ ក្រៅ​ពី​ជា​តំបន់​រមណីយដ្ឋាន​ស្រស់​ស្អាត ​ជា​តំបន់​ល្បី​ថា សម្បូរ​របស់​ហូបចុក​

  • 2016-12-14 05:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​មួយ​ចំនួន ​ដែល​ធ្លាប់​​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​លេង​ភ្នំ​ឧត្តុង្គ​បាន​ទទួល​ស្គាល់​​ថា រមណីយដ្ឋាន​មួយ​នេះ​សម្បូរ​របស់​ហូប​ចុក និង ​វត្ថុ​អនុស្សាវរីយ៍ ដែល​មាន​តម្លៃ​សមរម្យ​អាច​ទទួល​បាន។

កញ្ញា កាកា ដែល​ធ្លាប់​បាន​ទៅ​លេង​ភ្នំ​ឧត្តុង្គ កាល​ពី​ចុង​សប្ដាហ៍​មុន បាន​និយាយ​ប្រាប់​គេហទំព័រ Sabay ថា នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ទំនេរ​ពី​ការងារ គឺ​មិត្តភ័ក្ដិ ក៏ដូចជា ក្រុម​គ្រួសារ រមែង​បង្កើត​កម្មវិធី​ជួបជុំ​គ្នា​​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ផ្សេងៗ ដើម្បី​លំហែ​កាយ។ ក្នុង​ចំណោម​រមណីយដ្ឋាន​​ដែល​ធ្លាប់​ទៅ​លេង គឺ​ ភ្នំ​ឧដុង្គ​ ជា​តំបន់​មួយ​មាន​ទេសភាព​ស្រស់​ស្អាត​ ហើយ​សម្បូរ​របស់​ហូប និង វត្ថុ​អនុស្សាវរីយ៍​ជាច្រើន ដែល​មាន​តម្លៃ​សមរម្យ។

លោក រីទ្ធ អ្នក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ទៅ​ទស្សនា​ និង កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ឧត្តុង្គ បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា រមណីយដ្ឋាន​មួយ​នេះ មាន​ទី​កន្លែង​បែ្លក​ៗ និង ​សម្រាប់​សក្ការ​បូជា មាន​កន្លែង​សម្រាប់ អង្គុយ​លំហែ​មើល​ទេសភាព​​ដ៏​ស្រស់​ស្អាត​​​ពី​លើ​កំពូល​ភ្នំ និង មាន​ម្ហូប​ចំណី​លក់ ជូន​​ភ្ញៀវ​​ដែល​​បាន ទៅ​​កម្សាន្ត​​​នៅ​ទីនេះ។ អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍​នោះ​គឺ​ថា នៅ​ម្ហូប​អាហារ​នៅ​ទី​នេះ​សម្បូរ និង មាន​តម្លៃ​សមរម្យ។

អ្នកស្រី សូ ស្រី អ្នក​លក់​ដូរ​នៅ​រមណីយដ្ឋាន​ភ្នំ​ឧត្តុង្គ បាន​និយាយ​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក" ថា ប្រសិន​បើ​នៅ​រដូវ​បុណ្យ​ទាន​ធំៗ គឺ​លក់​មាន់​ដាច់​ខ្លាំង ចន្លោះ​ពី ៤០-៥០ មាន់។ ហើយ​រមណីយដ្ឋាន​មួយ​នេះ​សម្បូរ​ខ្មែរ​មក​រក​ម្ហូប​អាហារ​ ប៉ុន្តែ ប្រសិន​បើ​ភ្ញៀវ​បរទេស​គេ​ព្យាយាម​ចង់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ច្រើន​ជាង​ចង់​ទិញ​ម្ហូប​ញុំា។

**អ្នកស្រី សូ ស្រី អ្នក​លក់​ដូរ​នៅ​រមណីយដ្ឋាន​ភ្នំ​ឧត្តុង្គ**

ម្ហូប​អាហារ​នៅ​ទី​នេះ​សម្បូរ​ក៏​សម្បូរ ធូរ​ថ្លៃ​ក៏​ធូរ​ថ្លៃ លក់​ក្នុង​តម្លៃ​សមរម្យ​​ដោយ​តម្លៃ​ត្រី​អណ្ដែង​ថ្លៃ ៤ ០០០ ទៅ ៥ ០០០​រៀល នៅ​ពេល​មាន​បុណ្យទាន ឯ​មាន់​វិញ​តម្លៃ ២០ ០០០រៀល​ ទៅ ២៥ ០០០រៀល ហើយ​បើ​មាន់​ស្រែ​តម្លៃ ជាង ៣ម៉ឺន​រៀល។ នេះ​ជា​ការ​លើកឡើង​បន្ថែម​ពី អ្នកស្រី សូ ស្រី។

សូមចុចទស្សនាវីដេអូខាងក្រោមនេះ

ភ្នំ​ឧដុង្គ​​មាន​​ចម្ងាយ​ប្រមាណ​​ ៤០ ​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​។ ភ្នំ​ឧដុង្គ​ជា​អតីត​រាជធានី​នា​សតវត្ស​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​​ឆ្នាំ​ ១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។   ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​ មាន​ភាព​ស្រស់​បំព្រង។ ភ្នំ​ឧដុង្គ​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង ​​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំ​ឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា