គ្រូ​ស្រី​អាមេរិក ធ្លាក់​អន្លង់​ស្នេហ៍​កសិករ​ចិន កំពុង​ឆក់​យក​បេះដូង​មនុស្ស​ជា​ច្រើន

  • 2016-12-15 02:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ រឿង​ស្នេហា​រវាង អ្នក​គ្រូ​ស្រី​ជនជាតិ​អាមេរិក ឈ្មោះ Tiffany និង បុរស​ជនជាតិ​ចិន ឈ្មោះ Cai Xiaohua កំពុង​តែ​ល្បី​យ៉ាង​ខ្លាំង នៅ​លើ​បណ្តាញ​សង្គម​ចិន ហើយ​ថែម​ទាំង​បាន ឆក់​យក​បេះដូង​អ្នក​លេង​អ៊ីនធឺណិត ជា​ច្រើន​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​ជួប​គ្នា ហើយ​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ និង រៀបការ​ជា​មួយ​គ្នា បើ​ទោះ​បី​ជា​មាន​ប្រវត្តិ វណ្ណៈ ពូជសាសន៍ និង​ភាសា​ខុស​គ្នា​ក៏​ដោយ។

កាល​ពី​៩​ឆ្នាំ​មុន នាង Tiffany គឺ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ នៅ​ឯ​រដ្ឋ New Jersey សហរដ្ឋអាមេរិក ដែល​ធ្វើ​ការ​ជា​គ្រូ​បង្រៀន នៅ​ឯ​សាលា​អន្តរជាតិ​មួយ​កន្លែង ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន។ ទន្ទឹម​គ្នា​នេះ​ដែរ លោក Cai គឺ​ជា​សន្តិសុខ​ដ៏​រួសរាយ​រាក់ទាក់​ម្នាក់ នៅ​ឯ​សាលា​អន្តរជាតិ​នោះ ដែល​តែងតែ​បញ្ចេញ​ស្នាម​ញញឹម​ជានិច្ច។

នាង Tiffany បាន​និយាយ​ថា «បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​នៅ​អាមេរិក ខ្ញុំ​បាន​មក​ប្រទេស​ចិន​ម្នាក់​ឯង។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​គាត់​ញញឹម​ដាក់​ខ្ញុំ ខ្ញុំ​បាន​គិត​ថា គាត់​ពិត​ជា​រួសរាយ​ខ្លាំង​ណាស់»។

លោក Cai បាន​កើត​នៅ​ក្នុង​គ្រួសារ​ក្រ​ខ្សត់ ក្នុង​ខេត្ត Henan។ នៅ​អាយុ​១០​ឆ្នាំ ម្តាយ​របស់​លោក បាន​រត់​ចេញ​ពី​ផ្ទះ ដោយ​ទុក​ឲ្យ​ឪពុក​របស់​លោក រ៉ាប់រង​ការងារ​ទាំង​អស់ រួម​ទាំង កសិដ្ឋាន​មួយ​ផង​ដែរ។ ដើម្បី​ជួយ​ការងារ​មើល​ថែ​ដំណាំ​ឪពុក លោក Cai បាន​បោះបង់​ការ​សិក្សា​ចោល បន្ទាប់​ពី​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ។ ក្រោយ​មក លោក Cai បាន​ធ្វើ​ការ​ជា​ច្រើន​កន្លែង​ខុសៗ​គ្នា រហូត​ដល់​ចុង​ក្រោយ ទៅ​ធ្វើ​ជា​សន្តិសុខ​សាលា និង​បាន​ជួប នាង Tiffany តែ​ម្តង។

នាង Tiffany បាន​រៀន​ពី​ជីវិត​តស៊ូ​របស់​លោក Cai តាម​រយៈ​ការ​សន្ទនា​ខ្លីៗ នៅ​ពេល​នាង​ជួប​លោក Cai នៅ​ក្នុង​សាលា។ ស្រប​ពេល​ដែល លោក Cai មិន​ចេះ​ភាសា​អង់គ្លេស តែ​នាង Tiffany ចេះ​ភាសា​ចិន​ខ្លះៗ ពួក​គេ​ទាំង​​២​នាក់​ក៏​អាច​ទំនាក់​ទំនង​គ្នា​បាន។ មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ហើយ​បាន​សម្រេច​ចិត្ត​រៀបការ​ជា​មួយ​គ្នា​តែ​ម្តង។

គូ​ស្នេហ៍​មួយ​គូ​នេះ បាន​រៀប​មង្គលការ នៅ​ឯ​ផ្ទះ​របស់ លោក Cai ដែល​ស្ថិត​ក្នុង​ខេត្ត Henan។ ឪពុក​របស់​លោក Cai បាន​ធូរ​ស្រាល​ចិត្ត​យ៉ាង​ខ្លាំង ពេល​កូន​ប្រុស​បាន​រៀបការ ព្រោះ​តែ​មិន​ប្រាកដ​ចិត្ត​ថា កូន​ប្រុស​ខ្លួន​នឹង​អាច​រៀបការ​បែប​នេះ។ «ចាប់​តាំង​ពី​គេ​នៅ​ក្មេង... កូន​ប្រុស​របស់​ខ្ញុំ​ចិត្ត​ល្អ និង​ចេះ​គិត​ណាស់។ មនុស្ស​ល្អ តែង​តែ​ទទួល​បាន​ផល​តប​ស្នង​ល្អ នៅ​ក្នុង​ជីវិត»។ ឪពុក​របស់​លោក Cai បាន​និយាយ​យ៉ាង​ដូច្នេះ។

បន្ទាប់​ពី​រៀបការ​រួច ពួក​គេ​ទាំង​២​នាក់​បាន​សម្រេច​ចិត្ត ចាក​ចេញ​ពី​ការងារ នៅ​ក្នុង​ទីក្រុង Guangzhou ទៅ​រស់​នៅ ក្នុង​ទីក្រុង Zhengzhou វិញ ដើម្បី​បាន​នៅ​ក្បែរ​ក្រុម​គ្រួសារ​របស់​លោក Cai។ នាង Tiffany ទទួល​បាន​ការងារ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស នៅ​ឯ​សកលវិទ្យាល័យ​ក្នុង​ស្រុក​មួយ​កន្លែង ខណៈ​លោក Cai ត្រលប់​ទៅ​ផ្ទះ​ជា​ញឹកញាប់ ដើម្បី​ជួយ​មើល​ថែ​កសិដ្ឋាន​របស់​គ្រួសារ។

ប្តី​ប្រពន្ធ​មួយ​គូ​នេះ បាន​សារភាព​ថា ដោយសារ​តែ​គម្លាត​នៃ​ភាសា​និយាយ​គ្នា ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួកគេ ពិបាក​យល់​ពី​គ្នា។ ទោះ​ជា​យ៉ាង​ណា ពួកគេ​នៅ​តែ​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ។ ពួក​គេ​ក៏​ធ្លាប់​បាន​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ជួប​ក្រុម​គ្រួសារ របស់ Tiffany ផង​ដែរ។ ម្តាយ​ឪពុក​របស់ Tiffany បាន​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​នាង។

បច្ចុប្បន្ន លោក Cai (៤៤ឆ្នាំ) និង Tiffany (៣៥ឆ្នាំ) មាន​កូន​ស្រី​ម្នាក់ អាយុ​៦​ឆ្នាំ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់​មែនទែន៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង