ជុំ ស្រីលីន ស្ត្រី​ខ្មែរ​ទី​មួយ​ឈ្នះ​​​ពាន​ Unsung Hero ប្រចាំ​ឆ្នាំ​២០១៦ ​ពី​អូស្ត្រាលី​​​

  • 2016-12-15 06:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​​​ពេល​ថ្មី​ៗ​នេះ​ កញ្ញា​ ជុំ​ ស្រី​លីន​ ដែល​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​​មនុស្ស​ និង ក្ដី​សង្ឃឹម​​​ ​ត្រូវ​បាន​អង្គការ World Relief Australia ​នៃ​ប្រទេស​អូស្ត្រាលី ប្រកាស​​​ថា​​ជា​ម្ចាស់​​​ពាន​រង្វាន់​​ Unsung Hero​ ​ប្រចាំ​ឆ្នាំ​២០១៦។​​ ​រីឯ​​ពិធី​ប្រគល់​​ពាន​រង្វាន់​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នៅ​​​ក្នុង​​​ខេត្ត​សៀមរាប​។​​

Unsung Hero ​គឺ​ជា​ពាន​​សំខាន់​​មួយ​ផង​ដែរ​​របស់​ប្រទេស​អូស្ត្រាលី ដែល​ប្រគល់​ទៅ​​អោយ​បុគ្គល​ពិសេស​​​ម្នាក់​​ជា​រៀង​រាល់​ឆ្នាំ។ អ្នក​ទទួល​បាន​ពាន​រង្វាន់​នេះ ជា​បុគ្គល​​លះ​បង់​កម្លាំង​​​កាយ​ចិត្ត​ ក្នុង​​ការ​ជួយ​សង្គ្រោះ​​មនុស្ស​ដែល​រង​ទុក្ខ​វេទនា​ ពង្រឹង​នូវ​សមត្ថភាព​​របស់​ខ្លួន​ និង មាន​ភាព​ម្ចាស់​ការ​លើ​ប្រជា​ជន​ក្រី​ក្រ​​​ក្នុង​សហគមន៍​​ខ្លួន​ផ្ទាល់​​។ ក្រៅ​ពី​​ពាន​រង្វាន់​ កញ្ញា​ក៏​​នឹង​ទទួល​បាន​លិខិត​បញ្ជាក់​​ ព្រម​ទាំង​ ​កាដូ​ជា​ប៊ិច​ពិសេស​មួយ​សម្រាប់​ឆ្លាក់​ឈ្មោះ​ផង​ដែរ។​​​​​​​​

​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀម​រាប​ ដោយ​រស់​នៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​ខ្សត់​ខ្សោយ​​ កញ្ញា ​ស្រី​លីន​​ បាន​​ពុះ​ពារ​រាល់​​ការ​លំបាក​នានា​​ និង ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​​តាំង​ពី​ក្មេង​មក​។​ ពិសេស​គឺ​​មាន​តែ​កញ្ញា​ម្នាក់​គត់​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​​​នៅ​​សកល​វិទ្យាល័យ​ ក្នុង​ចំណោម​​ ​បង​ប្អូន​​ទាំង​៧​​នាក់​​។​​​​​​​​​

មូល​ហេតុ​ដែល​កញ្ញា​ចង់​ផ្លាស់​ប្ដូរ​​សហគមន៍​របស់​ខ្លួន​ គឺ​ ​​ដោយ​សារ​តែ​​កញ្ញា​គិត​ថា​ ការ​អប់​រំ​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​​ប្រជាជន​ក្នុង​សហគមន៍​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​ចាប់​ផ្ដើម​ធ្វើ​រឿង​នេះ​។ ​កញ្ញា​បាន​ចូល​បម្រើ​ការងារ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​​ សុបិន​កុមារ​ ​(Child's Dream) ហើយ​តែង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជា​ច្រើន ដល់​បុគ្គលិក​ប្រចាំ​អង្គការ​ និង សមាគម​នានា។​

មិន​តែ​ប៉ុណ្ណោះ​ កញ្ញា​បាន​​ឆ្លៀត​ពេល​​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​​សមាគម​មនុស្ស​ និង ក្ដី​សង្ឃឹម​ រយៈ​ពេល​៥​ឆ្នាំ​ដោយ​ពុំ​​​យក​​​កម្រៃ​អ្វី​នោះ​ឡើយ​​​។​ ​កញ្ញា​គឺ​ជា​អ្នក​ផ្ដល់​ប្រឹក្សា​យោបល់​ដល់​នាយក​​សមាគម​សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ​ក្នុង​សហគមន៍​​អោយ​បាន​ត្រឹម​ត្រូវ​ និង ការ​អភិវឌ្ឍន៍​សហគមន៍​ប្រកប​ដោយ​ភាព​វិជ្ជមាន​។​​ ជា​ចុង​ក្រោយ​ នារី​វ័យ​៣០​ឆ្នាំ​រូប​នេះ​ ​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​​ថា៖ "ការ​និយាយ​ពាក្យ​ល្អ​ៗ​ គឺ​ជា​រឿង​មួយ​ដ៏​ងាយ​ ក៏​ប៉ុន្តែ​វា​ជា​រឿង​មួយ​​ដ៏​លំបាក​ក្នុង​ការ​ធ្វើ​រឿង​​ល្អ​ៗ​ទាំង​នោះ​។​ វិធី​តែ​មួយ​គត់​ដើម្បី​អោយ​មាន​​ការ​ផ្លាស់​ប្ដូរ​គឺ​ ការ​ធ្វើ​សកម្មភាព​ដ៏​ត្រឹម​ត្រូវ​។​ ដូច្នេះ​ចូរ​ធ្វើ​ខ្លួន​អ្នក​ជា​អ្នក​ផ្លាស់​ប្ដូរ​​មួយ​រូប​។"

សកម្មភាព​ជាមួយក្មេងៗ

អត្ថបទ៖​ ចន្ថា