អ្នក​គាំទ្រ​៖ "សុខ សោម៉ាវត្តី ជា​កំពូល​តារា​ស្រីប្រចាំ​ឆ្នាំ​២០១៦"

  • 2016-12-21 02:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នៅ​រោង​ភាពយន្ត លេជេន ស្ទឹង​មាន​ជ័យ​​ក្នុង​ពិធី​សម្ពោធ​រឿង "សួស្ដី​លោក​គ្រូ​កំលោះ​" ​​ដែល​ជា​ភាពយន្ត​ថ្មី​មួយ​ទៀត​របស់​ផលិតកម្ម មហាហង្ស ដោយ​ភ្លាមៗ​នោះ​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​បាន​លើក​ឡើង​ថា​តួ​ឯក​ស្រីសម្តែង​ដោយ សុខ សោម៉ាវត្តី ​គឺ​ជា​តារា​ស្រី​ប្រចាំ​ ឆ្នាំ២០១៦​ នេះ​។

អ្នក​គាំទ្រ​​និយាយ​​ថា សុខ សោម៉ាវត្តី​ បាន​គ្រង​តំណែង​តួ​ឯក​​ក្នុង​រឿង​ខ្នាត​ធំ​ល្បីៗ​មិន​តិច​ជាង​ ៥​ រឿង​នោះ​ទេ​​ក្នុង​ឆ្នាំ​នេះ​ ដែល​​​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​ និង ទេព​កោសល្យ​របស់​នាង​​កាន់​តែលេច​ធ្លោ​​ រួម​ទាំង​សម្រស់​​​ដ៏​ស្រស់​ស្អាត​របស់​នាង​ទៀត​នោះ​ នាង​គួរ​តែ​ទទួល​បាន​ការ​សរសើរ​ថា​ជា​ "តារា​ស្រី​​ប្រចាំ​ឆ្នាំ"។

ចំណែក​ឯ​អ្នក​តំណាង​ឲ្យ​រោង​ភាពយន្ត​ លេជេន បាន​លើក​ឡើង​ថា រឿង​របស់​អ្នកនាង សុខ សោម៉ាវត្តី ភាគ​ច្រើន​សុទ្ធ​តែ​រឿង ​ដែល​រក​ចំណូល​បាន​ច្រើន​ប្រចាំ​ឆ្នាំ​ជាក់​ស្ដែង​រឿង "ទង់​ព្រលឹង" “សិស្ស​ប្អូន​សំណព្វ​ចិត្ត" និង "អ្នក​នាង​ម្ចាស់​ឡឺកឺ" ជា​ដើម​ ដូច្នេះ​ហើយ​បើ​អ្នក​គាំទ្រ​លើក​ឡើង ​ដូច្នេះ​ខាង​រោង​កុន​ក៏​ទទួល​ស្គាល់​ពី​សមត្ថភាព​​និង​ទេព​កោសល្យ​របស់​នាង​ដូចគ្នា ហើយ​នាង​គួរ​តែ​ទទួល​បាន​ពាក្យ​ថា "តារា​ស្រី​ប្រចាំ​ឆ្នាំ" មែន។

​​​ភ្លាម​ៗ​នោះ​សាមី​ខ្លួន​ សុខ សោម៉វត្តី បាន​ឆ្លើយ​តប​វិញ​ថា​ "ខ្ញុំ​រំភើប​មែន​ទែន​ពេល​ឮពាក្យ​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ ពេលពួក​គាត់ផ្ដល់​តម្លៃ​ និង​ការ​ស្រលាញ់​ចំពោះ​ការ​ងារ​​ខ្ញុំ"។ នាង​បន្ថែម​ថា​នាង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​សម្រាប់​​រឿង​ក្រោយ​ៗ​ទៀត ហើយ​រឿង​ថ្មី "សួស្ដី​លោក​គ្រូ​កំលោះ​" ដែល​នាង​សហការ​ជាមួយ​ ជា សុវណ្ណនរាហ៍ នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​​ទី​២២ ខែ​ធ្នូ​នេះ​ហើយ​គ្រប់​រោង​ភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា៕

ទស្សនា​ការ​បក​ស្រាយ​បន្ថែម​ពី សុខ​ សោម៉ាវត្តី៖​​​​​​

អត្ថបទ៖ Samedy