​កីឡដ្ឋាន​ខេត្ត​មណ្ឌលគីរី​ជិត​ធ្វើ​កន្លែង​អង្គុយ​ជុំ​វិញ​ហើយ​

  • 2016-12-29 01:03:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

កីឡដ្ឋាន​ខេត្ត​មណ្ឌលគីរី​អាច​នឹង​ត្រូវ​ជួសជុល​កែ​លំអ​​ថ្មី​ដើម្បី​បម្រើ​ដល់​វិស័យ​កីឡា​ប្រចាំ​ខេត្ត​មួយ​​នេះ​នា​ពេល​ខាង​មុខ​ ប៉ុន្តែ​បច្ចុប្បន្ន​​ ពេល​លោក​អ្នក​មើល​ទៅ​កីឡដ្ឋាន​នេះ​មួយ​​ភ្លាម​ ស្ទើរ​តែ​មិន​ជឿ​ថា​ វា​កីឡដ្ឋាន​ប្រចាំ​ខេត្ត។

សិស្ស​​នៅ​វិទ្យាល័យ​​ជាប់​នឹង​កីឡដ្ឋាន​​នេះ​​បាន​ឲ្យ​ដឹង​ថា​ មន្ទីរ​អប់រំ​​ យុវជន​ និង​កីឡា​ខេត្ត​គ្រោង​នឹង​ធ្វើ​កន្លែង​​អង្គុយ​ទាំង​សង្ខាង​នា​ពេល​ខាង​មុខ​​ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​ទស្សនា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ​លើ​ទី​លាន​បាល់ទាត់​ទាំង​មូល​ក៏​នឹង​ត្រូវ​ជួស​ជុល​កែ​លំអ​ដែរ។

កីឡដ្ឋាន​នេះ​មាន​តែ​​ទី​លាន​សម្រាប់​លេង​បាល់ទាត់​ប៉ុណ្ណោះ​ ខណៈ​​កន្លែង​សម្រាប់​លេង​កីឡា​ផ្សេង​ៗ​ទៀត​មិន​មាន​ឡើយ។ វា​មាន​វេទិកា​សម្រាប់​គណៈអធិបតី​តូច​មួយ​ដែល​ធ្វើ​ពី​ឈើ​ និង​ផ្នែក​​ម្ខាង​ទល់​មុខ​វេទិកា​នេះ​មាន​កន្លែង​​អង្គុយ​​ធ្វើ​ពី​ថ្ម​​ ប៉ុន្តែ​គ្មាន​ដំបូល។ ចំពោះ​នៅ​លើ​ទី​លាន​វិញ​មាន​តែ​បង្គោល​ តែ​អត់​សំណាញ់​តារាង​ ខណៈ​ស្មៅ​ក៏​មិន​ស្អាត។ វា​ស្ថិត​នៅ​កណ្តាល​ក្រុង​សែនមនោរម្យ​ដែល​មាន​ចម្ងាយ​ប្រហែល​ជា​​ជិត​មួយ​គីឡូម៉ែត្រ​ពី​រង្វង់​មូល​គោព្រៃ៕​


អត្ថបទ៖ ជាន ចាន់រ៉ា