ល្អាង​​ទឹក​ជ្រោះ​​ហោង​ដូច​ព្រះ​ច័ន្ទ​​​​មួយ​ចំហៀង​​​ដ៏​កម្រ​​មាន​តែ​មួយ​គត់​នៅ​កម្ពុជា​

  • 2016-12-28 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បូង​ឃ្មុំ​ជា​ខេត្ត​ថ្មី​មួយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មិន​សូវ​សំបូរ​​តំបន់​ទេសចរណ៍​​ច្រើន​សម្រាប់​ដើរ​កម្សាន្ត​ឡើយ​ ប៉ុន្តែ​​រមណីយដ្ឋាន​ទឹក​​ជ្រោះ​ហោង​បាន​ក្លាយ​ជា​​ទឹក​ជ្រោះ​ដ៏​ស្រស់​ស្អាត​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ​ខណៈ​ល្អាង​ក្រោម​ថ្ម​​ប្រវែង​​ជិត​​១០០​ម៉ែត្រ​ប្រៀប​ដូច​ជា​ព្រះ​ច័ន្ទ​មួយ​ចំហៀង​ដែល​​ស្ទើរ​តែ​គ្មាន​ល្អាង​ណា​នៅ​កម្ពុជា​មាន​រូប​រាង​ដូច​ឡើយ។

សូម​ទស្សនាវីដេអូ

ទឹក​ធ្លាក់​ហោង​ជា​​តំបន់​ភ្នំ​ក្រំ​ថ្ម​ដែល​មាន​ទឹក​ធ្លាក់​កម្ពស់​​ប្រមាណ​៨​ម៉ែត្រ​ និង​ទទឹង​ជាង​១០​ម៉ែត្រ​ដែល​នៅ​ផ្នែក​ខាង​ក្រោម​ថ្ម​មាន​រូង​ដ៏​ធំ​មួយ។ រូង​នេះ​ចាប់​​​ពី​ឆ្វេង​ទៅ​ដល់​ក្រោម​ទឹក​ធ្លាក់​មាន​ប្រវែង​ប្រហែល​២០​ម៉ែត្រ​ និង​ចាប់​ចុង​ខាង​ស្តាំ​ដល់​ក្រោម​ទឹក​ធ្លាក់​មាន​ប្រវែង​​​ប្រហែល​ជា​៦០​​​ម៉ែត្រ។ កម្ពស់​រូង​​​នេះ​មនុស្ស​អាច​​អាច​ដើរ​បាន​ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត។ ​ទំហំ​ថ្ម​​ពី​លើ​ល្អាង​មាន​កម្រាស់​ប្រហែល​ជា​៣​ម៉ែត្រ​ទៅ​៤​ម៉ែត្រ។ ល្អាង​ថ្ម​យក្ស​ដ៏​អាថ៌កំបាំង​នេះ​ស្អាត​រលោង​​ត្រជាក់​​​​ និង​គ្មាន​សំរាម​ឡើយ​វា​ប្រៀប​ដូច​ជា​កន្លែង​ដែល​មាន​សត្វ​​ល្មូន​វៀរ​នៅ​ក្នុង​​ទី​នោះ​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ​អឿន រិទ្ធ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូង​ឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ទឹក​ធ្លាក់​​ហោង​នេះ​បាន​ក្លាយ​ជា​ទី​សក្ការបូជា​ និង​កម្សាន្ត​​ដ៏​ល្បី​ល្បាញ​មួយ​ដែល​មនុស្ស​ជិត​ឆ្ងាយ​ឧស្សាហ៍​ទៅ​ប៉ុន​ស្រន់​ដើម្បី​សុំ​សេចក្ដី​សុខ។ ​ចាស់​ទុំ​​បាន​និយាយ​ត​ៗ​គ្នា​ថា​ កាល​ពី​មុន​មាន​សត្វ​ពស់​ធំ​មួយ​គូ​តែង​តែ​បង្ហាញ​ខ្លួន​ហែល​ទឹក​ជ្រោះ​នេះ​រាល់​ពេល​ថ្ងៃ​សីល។ ក្រោយ​មក​មាន​ព្រះ​សង្ឃ​មួយ​អង្គ​បាន​មក​​តាំង​សមាធិ​ជា​តាបស​នៅ​ក្នុង​រូង​ថ្ម​ដ៏​ពិសិដ្ឋ​នេះ​​​រហូត​ទទួល​បាន​ការ​គោរព​បូជា​ខ្លាំង​ពី​អ្នក​​ស្រុក​ និង​​បាន​រៀប​ចំ​បង្កើត​វត្ត​អារាម​ដែល​ដាក់​ឈ្មោះ​ថា​ វត្ត​គុហារ​សីលា​មហា​បូរ​មី​គង្គារ​ហោង​។

​ទឹក​​​ជ្រោះ​​ហោង​នេះ​សំបូរ​អ្នក​ទៅ​លេង​កម្សាន្ត​ច្រើន​នៅ​តែ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ប៉ុណ្ណោះ​ដោយ​សារ​ផ្លូវ​អាច​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ និង​ម៉ូតូ​បាន​ ប៉ុន្តែ​រដូវ​វស្សា​​ដែល​មាន​ភ្លៀង​ធ្លាក់​វិញ​ រថយន្ត​ពិបាក​ធ្វើ​ដំណើរ​ណាស់​។ តាម​ខិត្តប័ណ្ណ​ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា​ ទឹក​ធ្លាក់​វត្ត​ហោង​​នេះ​ស្ថិត​ឃុំ​ទឹក​ជ្រៅ​​ ស្រុក​តំបែរ​ ខេត្ត​ត្បូង​ឃ្មុំ​ ប៉ុន្តែ​បើ​តាម​មន្ត្រី​​របស់​មន្ទីរ​ធម្មការ​​ស្រុក​មេមត់​ប្រាប់​ថា​ វា​ស្ថិត​នៅ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ។

វា​មាន​ចម្ងាយ​ប្រមាណ​៥៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ត្បូង​ឃ្មុំ ប៉ុន្តែ​​ចម្ងាយ​​ប្រមាណ​​១៩០​គីឡូម៉ែត្រ​ពី​ភ្នំពេញ និង​ ​​មាន​ផ្លូវ​ចូល​បី​កន្លែង​ ដូចជា តាម​ផ្សារ​ស្ទឹង(ភូមិ​ស្ទឹង) តាម​ផ្លូវ​របស់​ចំការ​កៅស៊ូ​ក្រែក (ផ្លូវបំបែក​ពញា​ក្រែក​ បត់​​ឆ្វេង​១០០ ម៉ែត្រ) និង​ តាម​ផ្សារ​ជី​ពាំង (ភូមិ​ជី​ពាំង)​៕

អត្ថបទ៖ ជាន ចាន់រ៉ា