​ទំនៀម​ទម្លាប់​ឡើង​គេហដ្ឋាន​ថ្មី​ពី​បុរាណ នាំ​មក​នូវ​សេចក្ដី​សុខ លាភ​សំណាង​

  • 2016-12-27 06:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ឡើង​គេហដ្ឋាន​ថ្មី ​ជា​ទំនៀមទម្លាប់​របស់​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណកាល​មក​​ម្ល៉េះ។ ឡើង​គេហដ្ឋាន​ថ្មី​ជា​ពិធី​មួយ​រៀបចំ​ឡើង​ដើម្បី​សុំ​សេចក្ដី​សុខ សួស្ដី មាន​និមន្ត​ព្រះសង្ឃ​ ដើម្បី​សូត្រ​មន្ត​ប្រោះព្រំ​ជា​ដើម​។ ប៉ុន្តែ​តាម​ជំនឿ​ពី​បុរាណ​ពិធី​ឡើង​គេហដ្ឋាន​ត្រូវ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ តាម​ក្បួន​តម្រា ដូនតា​ខ្មែរ ទើប​មាន​សុភមង្គល មាស​ប្រាក់​ កែវ​កង​ចូល​ផ្ទះ​ហែហូរ​។

រូបតំណាង

បន្ទាប់​ពី​បាន​រក​គ្រូ​គន់គូរ​រក​វេលា​ល្អ​ ដើម្បី​ឡើង​ផ្ទះ​ហើយ​នោះ រឿង​ដែល​មិន​ត្រូវ​មើល​រំលង​នោះ​ គឺ ត្រូវ​រៀបចំ​ប្រដាប់​គ្រឿង​ឡើង​ផ្ទះ​តាម​ទំនៀម​ពី​បុរាណ​យូរ​លង់​ណាស់​មក​ហើយ​។ តាម​ទំនៀម​គ្រឿង​ប្រដាប់​ទាំង​នោះ​មាន​ដូចជា បង្អែម​១ថាស ចម្អាប​១​ថាស ស្រូវ​១​ការុង បន្លែ ​ផ្លែឈើ។

ក្រៅ​ពី​នោះ​មាន​ប្រដាប់​ធ្វើ​ស្រែ​ចម្ការ ដូចជា កាំបិត កណ្ដៀវ កញ្ជើ ល្អី ជាដើម។ ប្រដាប់​ស្លៀក​ពាក់ មាន​ដូចជា ហិប​ដាក់​សំពត់ មួក ឆត្រ។ ​គ្រឿង​អលង្ការ មាស ប្រាក់។ គ្រឿង​សំអាង​ខ្លួន ​ប្រេង​ម្សៅ​ ​កញ្ចក់​ក្រាស់ កន្ត្រៃ​កាំបិត​កោរ​។ គ្រឿង​ដំណេក កន្ទេល​ ពូក ខ្នើយ មុង និង​ស្លា​បារី ប្រអប់​ស្លា​បាយ​ព្រលឹង។ ក្អម​សម្រាប់​ដាក់​ទឹក​សំរឹទ្ធ​ បើ​គ្មាន​អាច​ជំនួស​ផ្ដិល​សំរឹទ្ធ សម្រាប់​ព្រះសង្ឃ​សូត្រ​មន្ត​ប្រោះព្រំ​។ បន្ថែម​លើស​ពី​នេះ​ទៀត​ត្រូវ​មាន ភ្លុក,ស័ង្ខ, ផ្លែ​ដូង​ទុំ​បិទ​មាស​១ផ្លែ ឆ្មា​ញី​សម្បុរ​បី​មួយ​ក្បាល។ល។

គ្រឿង​ប្រដាប់​ទាំង​នោះ​ត្រូវ​រៀបចំ​ដាក់​នៅ​ផ្ទះ​ថ្មី ហើយ​បន្ទាប់​អាចារ្យ​ត្រូវ​រក​មនុស្ស​ស្រី​៦​​នាក់​ដាក់​ឈ្មោះ​ នាង​ស្រី នាង​រ័ត្ន នាង​សួស្ដី នាង​គង់ នាង​កែវ និង​ម្នាក់​ទៀត​ដាក់​ឈ្មោះ​នាង​ជ័យ ឈ្មោះ​ទាំង​៦ ​បញ្ចូល​គ្នា​មានន័យ​ថា កើត​មាន​សេចក្ដី​សុខ​សួស្ដី មាន​មាស​ប្រាក់​កែវ​កង ស្ថិត​នៅ​គង់វង្ស មាន​ជោគ​មាន​ជ័យ​សិរី​មង្គល​។ ហើយ​ត្រូវ​យក​គ្រឿង​ប្រដាប់​ទាំង​អស់​ឱ្យ​នារី​ទាំង​ ៦​នាក់​កាន់​ឡើង​លើ​ផ្ទះ​ នាង​ស្រី​ត្រូវ​កាន់​ក្អម​ឬ​ផ្ដិល នាង​រ័ត្ន​កាន់​គ្រឿង​ស្លា នាង​សួស្ដី​កាន់​សំពត់​អាវ នាង​គង់​កាន់​ពូក​កន្ទេល នាង​កែវ​កាន់​មាស​ប្រាក់ នាង​ជ័យ​កាន់​គ្រឿង​ភ្លុក​កុយ​។

ក្រៅ​ពី​នារី​ទាំង​៦​នាក់​នេះ ​ត្រូវ​រក​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត ឱ្យ​កាន់​របស់​ផ្សេងៗ​ទៀត​ដូច​មាន​រៀបរាប់​ខាង​លើ ដើរ​ដង្ហែ​ជុំវិញ​ផ្ទះ​បី​ជុំ ក្នុង​នោះ​ម្ចាស់​ផ្ទះ​ត្រូវ​មាន​អ្នក​បាំង​ឆត្រ​ឱ្យ​ផង​។ វេលា​នោះ​ត្រូវ​មាន​មនុស្ស​ចាស់​ ២​ទៅ​៣​នាក់​ឡើង​ទៅ​លើ​ផ្ទះ​មុន ហើយ​ធ្វើ​ជា​ស្រែក​សួរ​ថា "អ្នក​ណា​មក​ពី​ណា​គ្នា​ច្រើន​ម្ល៉េះ?” បន្ទាប់​មក​អ្នក​នៅ​ខាង​ក្រោម​ត្រូវ​ឆ្លើយ​ថា "មក​ពី​ឆ្ងាយ​នាំ​គ្រឿង​ឧបភោគ​បរិភោគ​មាន​មាស​ប្រាក់​កែវកង​ជាដើម​ច្រើន​ណាស់​ណា មក​រក​ទី​លំនៅ​ដោយ​ឮ​ថា មាន​ផ្ទះ​មួយ​ទំនេរ​យើង​ចង់​មក​នៅ​ផ្ទះ​នេះ តើ​យើង​នៅ​បាន​សេចក្ដី​សុខ​ឬទេ?" ខណៈ​នោះ​អ្នក​នៅ​ខាង​លើ​ត្រូវ​ឆ្លើយ​ថា "អើ​បើ​អញ្ចឹង​អញ្ជើញ​មក​នៅ​ផ្ទះ​នេះ​ចុះ បើ​អ្នក​ណា​បាន​នៅ​ហើយ នឹង​បាន​សេចក្ដី​សុខ​សប្បាយ​ចម្រើន​ទ្រព្យ​សម្បត្តិ បរិបូរណ៍​គ្រប់​ប្រការ​ហោង"។ បន្ត​ទៀត​អ្នក​ហែ​ទាំង​​អស់​គ្នា​ត្រូវ​នាំ​របស់​ទ្រព្យ​ទាំង​នោះ​ឡើង​លើ​ផ្ទះ​ជា​ការ​ស្រេច៕

រូបតំណាង

​​​​​

អត្ថបទ៖ ថោ ​ច័ន្ទឬទ្ធិ

ប្រភព៖ សៀវភៅ​ ទំនៀមទំលាប់​និង​ពិធី​បុណ្យ​ផ្សេង​ៗ