ពេល​ដល់​ភ្នំ​ប្រុស​ភ្នំ​ស្រី​ យុវវ័យ​​នៅ​តែ​នឹក​គិត​​ដល់​ប្រាជ្ញា​ដ៏​ឆ្លាត​​របស់​ស្ត្រី

  • 2017-01-04 23:06:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ពេល​និយាយ​ដល់​ភ្នំ​ប្រុស​ ភ្នំ​ស្រី​នៅ​ទឹក​ដី​ខេត្ត​កំពង់​ចាម​ នរណា​ក៏​នឹក​​ដល់​ប្រាជ្ញា​ឆ្លាត​វៃ​របស់​​ស្ត្រី​​ដែល​​បាន​យក​ឈ្នះ​​បុរស​ៗ​​​ក្នុង​ការ​​លើក​ភ្នំ។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ​បុរស​​​បាន​​គោរព​តាម​ការ​សន្យា​​ដោយ​ត្រូវ​ចូល​ស្តី​ដណ្តឹង​​​​ដល់​ស្ត្រី​​ដើម្បី​ធ្វើ​ជា​ភរិយា​​រហូត​ដល់​សព្វ​ថ្ងៃ។

យុវវ័យ​ទៅ​លេង​ភ្នំ​ប្រុស ភ្នំ​ស្រី

ដើម​ឡើយ​ ​ស្ត្រី​​ជា​អ្នក​ចូល​ស្តី​ដណ្តឹង​​បុរស​ធ្វើ​ជា​ស្វាមី​ ​ប៉ុន្តែ​​ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លាំង​ដល់​ពួក​គាត់​ក្នុង​នាម​ជា​ស្ត្រី​ភេទ​ ជា​ពិសេស​សុភាព​នារី​ដែល​​មាន​រូប​សម្បត្តិ​មិន​សូវ​ស្អាត។ ក្រោយ​មក​ បុរស​ និង​នារី​បាន​នាំ​គ្នា​​ប្រកួត​​​​លើក​ភ្នំ​​ដោយ​កំណត់​ថា​ នរណា​ចាញ់​ជា​អ្នក​ចូល​ស្តី​ដណ្តឹង​​អ្នក​ឈ្នះ។ ក្នុង​រយៈ​ពេល​មួយ​យប់​ដូច​គ្នា​ ​ក្រុម​នារី​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​ការ​បង្ហូត​​ភ្លើង​គោម​​ឲ្យ​ខាង​បុរស​ឃើញ​​ដើម្បី​ឲ្យ​គិត​ថា​ ​ជា​ព្រះ​អាទិត្យ​ជិត​ភ្លឺ​​ចាប់​ផ្តើម​រះ​ហើយ​ក៏​នាំ​គ្នា​​ឈប់​​សម្រាក​​​ ខណៈ​ក្រុម​នារី​នៅ​តែ​​លើក​ដី​បន្ត​រហូត​ភ្នំ​ខ្ពស់​ជាង។ នេះ​ល្បង​ប្រាជ្ញា​ដ៏​ឆ្លាត​វៃ​របស់​ស្ត្រី​​​ ហើយ​បុរស​ក៏​គោរព​តាម​ការ​សន្យា​ដោយ​ចូល​ស្តី​ដណ្តឹង​ស្ត្រី​ធ្វើ​ជា​ភរិយា​រហូត​ដល់​សព្វ​ថ្ងៃ។ នេះ​ជា​ប្រវត្តិ​សង្ខេប​នៃ​រឿង​ភ្នំ​ប្រុស​ ភ្នំ​ស្រី​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់ចាម។

​ទោះ​ជា​រឿង​នេះ​បាន​កន្លង​រាប់​រយ​ឆ្នាំ​ហើយ​ក្តី​ ក៏​នារី​​បច្ចុប្បន្ន​នៅ​តែ​នឹក​គិត​ និង​គោត​សរសើរ​ដល់​ប្រាជ្ញា​ដ៏​ឆ្លាត​វៃ​របស់​ស្ត្រី​នា​សម័យ​កាល​នោះ។ ​ដោយ​យុវតី​ ស៊ីន កែវសូនី​ ​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ហ៊ុន​សែន​សួង​​ដែល​បាន​ទៅ​លេង​ភ្នំ​ប្រុស​ ភ្នំ​ស្រី​​​​បាន​និយាយ​ថា​ ៖«​កុំ​តែ​បាន​ប្រាជ្ញា​របស់​មនុស្ស​ស្រី​យើង​ កុំ​អី​ ពួក​ខ្ញុំ​ទៅ​ដណ្តឹង​មនុស្ស​ប្រុស​ ​ទៅ​ដណ្តឹង​ប្រុស​ៗ បើ​ពួក​ខ្ញុំ​អត់​ស្អាត​​អី​ អីចឹង​ទៅ​ ​ប្រុស​ៗ​ក៏​អត់​យក​ខ្ញុំ​ដែរ។ អីចឹង​ត្រូវ​ដឹង​គុណ​ដល់​វីរនារី​របស់​យើង​ដែល​គាត់​ខំ​កសាង​ភ្នំ​នេះ​ឡើង»។ ចំណែក​កញ្ញា​ ដួង​ ស្រីនិច​ និស្សិត​ធនាគារ​នៅ​សាកល​វិទ្យាល័យ​ UME ខេត្ត​កំពង់ចាម​​បន្ថែម​​ថា ៖«ហើយ​ខ្ញុំ​គិត​ថា​ វា​អត់​សម​ផង​​ដែល​មនុស្ស​មក​ដណ្តឹង​មនុស្ស​ស្រី»។​

ចំណែក​យុវជន​ ឆន ឆវ័ន្ត​ និស្សិត​នៅ​ភ្នំពេញ​មក​ពី​ខេត្ត​កំពង់ធំ​បាន​លើក​ឡើង​ថា ៖«​ខ្ញុំ​មក​ទី​នេះ​ចង់​ដឹង​ថា​ តើ​ភ្នំ​ដែល​នារី​កសាង​ យ៉ាង​មិច​ដែរ?​ ​ ពេល​មក​ដល់​ឃើញ​ដូច​ប្រវត្តិ​រឿង​ព្រេង​មែន។ និយាយ​រួម​ទៅ​ក្នុង​ការងារ​មិន​អាច​ខ្វះ​នារី​បាន​ឡើយ​ ភាព​វៃ​ឆ្លាត​របស់​ពិត​ជា​ល្អ​មែន។ នៅ​ទី​នេះ​ក៏​មាន​​អាកាស​ធាតុ​ស្រស់​ស្រាយ​ដែរ»៕

ស្តាប់​ការ​លើក​ឡើង​របស់ យុវវ័យ

ប្រាសាទ​នៅ​លើ​ភ្នំ​ប្រុស​
ផ្លូវ​ចូល​ភ្នំ​ប្រុស និង​ខាង​ឆ្វេង​ដៃ​​កន្លែង​ក្មេង​ឈប់​ម៉ូតូ​បត់​ចូលភ្នំ​ស្រី
ជណ្តើរ​ឡើង​ភ្នំ​ស្រី

អត្ថបទ៖ ជាន ចាន់រ៉ា