និស្សិតខ្មែរ​​ធ្លាប់​សិក្សា​នៅ​​ ៤៦ប្រទេស ប្រាប់​គន្លឹះ​សំខាន់ៗ​​ដើម្បី​ទទួល​បាន​អាហារូបករណ៍

  • 2016-12-29 06:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​វ័យ​ក្មេង​ ណារ៉ា សុខេមា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​អភិវឌ្ឍ​អន្តរជាតិ ​នៅ​សាកលវិទ្យាល័យ មេន​ឆេស្ទ័រ ​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​អង់គ្លេស​​ បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ និង​មាន​ការងារ​ជា​ច្រើន​កន្លែង ធ្លាប់​បាន​ទៅ​ក្រៅ​ប្រទេស​រហូត​ ៤៦​ប្រទេស​ឯណោះ។ ភាគ​ច្រើន​​កញ្ញា​ទៅ​ប្រទេស​ទាំង​នោះ ​គឺ​តាម​រយៈ​អាហារូបករណ៍​ និង​កម្មវិធី​ផ្លាស់​ប្ដូរ​ការ​សិក្សា​រយៈពេល​ខ្លី មាន​ដូច​ជា អង់គ្លេស សហរដ្ឋអាមេរិក បារាំង ជា​ដើម។ កញ្ញា​ ណារ៉ា សុខេមា បាន​ប្រាប់​ពី​គន្លឹះ​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ដូច​ខាង​ក្រោម៖

​​ ឧស្សាហ៍​ដាក់​ពាក្យ៖

ទម្រាំ​បាន​អាហារូបករណ៍​មួយៗ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ​កញ្ញា សុខេមា ប្រាប់​ថា​ប្រសិន​បើ​ចង់​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ឧស្សាហ៍​ដាក់​ពាក្យ​ម្ដង​ហើយ​ម្ដង​ទៀត កុំ​ចុះ​ចាញ់ ព្រោះ​ពេល​ដាក់​ម្ដង​មិន​ជាប់​នោះ​ នឹង​ដឹង​ថា​មាន​ចំណុច​ខ្សោយ​កន្លែង​ណា បន្ទាប់​មក​ទៀត​ត្រូវ​បំពេញ​ចំណុច​ខ្សោយ​នោះ​ ហើយ​ដាក់​ពាក្យ​ទៀត​។ ទន្ទឹម​នឹង​នោះ​ក៏​ត្រូវ​ឧស្សាហ៍​តាមដាន​ព័ត៌មាន ជ្រើស​រើស​និស្សិត​អាហារូបករណ៍ នៅ​តាម​បណ្ដា​វេបសាយ​នានា និង​នៅ​តាម​ស្ថានទូត​ក្នុង​ប្រទេស​កម្ពុជា​នៃ​ប្រទេស​ដែល​កំពុង​ជ្រើសរើស​​និស្សិត​អាហារូបករណ៍​​ជាដើម​។

ភាសា​អង់គ្លេស៖

ជា​ធម្មតា​ភាសា​អង់គ្លេស​គឺ​ជា​រឿង​សំខាន់​បំផុត​មិន​អាច​ខ្វះ​បាន​។ សុខេមា និយាយ​ថា ​ភាសា​អង់គ្លេស​ត្រូវ​តែ​ចេះ​ឱ្យ​ច្បាស់ ព្រោះ​នៅ​ពេល​ដាក់​អាហារូបករណ៍​គេ​នឹង​ធ្វើ​តេស្ត​ភាសា​អង់គ្លេស ដូចជា​ពិន្ទុ​ IL (IELTS) ឬ​ TOEFL ប្រសិន​បើ​មាន​ពិន្ទុ​ល្អ​ទើប​មាន​ឱកាស​ជាប់​អាហារូបករណ៍​នោះ​។​​​

ជា​សិស្ស​ពូកែ​ក្នុង​សាលា៖

សុខេមា ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ទាំង​វ័យ​ក្មេង​ផង​នោះ បាន​ប្រាប់​ថា ពេល​រៀន​នៅ​សាកលវិទ្យាល័យ​គួរ​ខំ​រៀន​យក​ពិន្ទុ​ឱ្យ​ល្អ​ ធ្វើ​យ៉ាង​ណា​រៀន​ឱ្យ​ពូកែ ពី​ព្រោះ​ថា អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ គេ​នឹង​មើល​ផង​ដែរ​ថា តើ​អ្នក​​ជា​សិស្ស​ពូ​កែ​ក្នុង​សាលា​ដែរ​ឬ​ទេ? ជា​ទូទៅ បើ​ពិន្ទុ​សរុប​ប្រចាំ​ឆ្នាំ​ចាប់​ពី​ ៣.០ឡើង​ទៅ​អាច​ដាក់​បាន ប៉ុន្តែ​បើ​ខ្ពស់​ជាង​នេះ​ កាន់​តែ​មាន​អាទិភាព​។​

ការ​ចូលរួម​ការងារ​ក្នុង​សង្គម៖

​អាហារូបករណ៍​មិន​មែន​ចេះ​តែ​បាន​ងាយ​ៗ​គ្រប់​គ្នា​នោះ​ទេ ដូចនេះ​មុន​នឹង​ប្រទេស​ណា​មួយ​ផ្ដល់​អាហារូបករណ៍​ឱ្យ​នោះ​ លុះ​ត្រា​តែ​និស្សិត​នោះ​ធ្លាប់​បាន​ចូលរួម​ការងារ​ស្ម័គ្រ​ចិត្ត​ដូចជា ​ការងារ​សប្បុរសធម៌ ដាំ​ដើម​ឈើ រើស​សំរាម ជា​ដើម​។ ទាំង​នេះ​ដើម្បី​បង្ហាញ​ថា និស្សិត​នោះ​ជា​បុគ្គល​ល្អ​ក្នុង​សង្គម ​មាន​ឆន្ទៈ មាន​ឧត្ដមគតិ​ ចេះ​ចែក​រំលែក ទៅ​កាន់​ប្រទេស​ដែល​គេ​កំពុង​ផ្ដល់​អាហារូបករណ៍​នោះ​។​​​

ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់៖

​នៅ​ត្រង់​ចំណុច​នេះ​និស្សិត​រៀន​ចប់​អនុបណ្ឌិត មក​ពី​សាកលវិទ្យាល័យ មេនឆេស្ទ័រ នៃ​ចក្រភព​អង់គ្លេស​បាន​ប្រាប់​ថា ត្រូវ​សិក្សា​ពី​ខ្លួន​ឯង​ឱ្យ​ច្បាស់​លាស់​សិន​មុន​ចង់​ដាក់​ពាក្យ​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស តើ​ចង់​ទៅ​សិក្សា​ជំនាញ​អ្វី​? ហើយ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​សិក្សា​បាន​ជោគជ័យ? ខ្លួន​ឯង​ពូកែ​អ្វី? ចង់​ក្លាយ​ជា​អ្វី​ពេល​ត្រឡប់​មក​វិញ​? សំណួរ​ទាំង​នេះ​ត្រូវ​សួរ​ខ្លួន​ឯង​ហើយ​រក​ចម្លើយ​សម្រាប់​ខ្លួន​ឯង​ដ៏​សមស្រប ទើប​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដាក់​អាហារូបករណ៍​នោះ​។

ភាព​ជា​អ្នក​ដឹក​នាំ៖

ភាព​ជា​អ្នក​ដឹក​នាំ​នៅ​ត្រង់​ចំណុច​នេះ សុខេមា ចង់​មានន័យ​ថា គ្រប់​ប្រទេស​ដែល​ផ្ដល់​អាហារូបករណ៍​ទាំង​អស់​គេ​ចង់​បាន​ និស្សិត​ណា​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ខ្លួន។ ភាព​ជា​អ្នក​ដឹក​នាំ ​គឺ​បុគ្គល​ណា​ដែល​មាន​ឧត្ដម​គតិ​​ក្នុង​​ការ​ប្រើប្រាស់​ចំណេះ​ដឹង​ដែល​ខ្លួន​មាន​ ទៅ​បម្រើ​ឱ្យ​ផល​ប្រយោជន៍​សង្គម មិន​មែន​ទៅ​រៀន​យក​ចេះ​តែ​ខ្លួន​ឯង​មិន​ចេះ​ចែក​រំលែក​នោះ​ទេ។

ការ​បំពេញ​ Personal statement៖

ការ​បំពេញ​ទម្រង់​បែបបទ​ដើម្បី​ដាក់​អាហារូបករណ៍​គឺ​ជា​ចំណុច​ដ៏​សំខាន់​បំផុត ដើម្បី​ទទួល​បាន​អាហារូបករណ៍​នោះ​។ នៅ​ក្នុង​ការ​បំពេញ​នោះ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​សរសេរ​អ្វី​ដែល​ជា​ព័ត៌មាន​ពិតប្រាកដ​របស់​ខ្លួន​ កុំ​ក្លែង​បន្លំ។ ដូចជា​ទិសដៅ​នៅ​ពេល​រៀន​ចប់​នឹង​អាច​ជួយ​អ្វី​បាន​ខ្លះ​ក្នុង​សង្គម? និង​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​គេ​នឹង​សួរ​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​ក្នុង​ការ​បំពេញ​​ទម្រង់​ពាក្យ​យក​អាហារូបករណ៍​នោះ។

ពេល​សម្ភាស៖

វគ្គ​សម្ភាស​ជា​ចំណុច​ចុង​ក្រោយ​​នៃ​ការ​ដាក់​ពាក្យ​យក​អាហារូបករណ៍ ពេល​ជាប់​ដល់​វគ្គ​សម្ភាស​ហើយ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង កុំ​ភ័យ ​និយាយ​ឱ្យ​បាន​ល្អ។ នៅ​ពេល​គណៈកម្មការ​ឃើញ​ថា និស្សិត​នោះ​មិន​មាន​ភាព​ភ័យខ្លាច​ ហើយ​ពិត​ជា​មាន​ចិត្ត​ចង់​រៀន​ មាន​គោលដៅ​ច្បាស់​លាស់ នោះ​អាហារូបករណ៍​គេ​នឹង​មិន​កំណាញ់​នោះ​ឡើយ​៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ​ ​