ថៅកែ​​​​លាលែង​តំណែង​ ក្រោយ​បុគ្គលិក​​​ធ្វើ​អត្តឃាត​ខឹង​ធ្វើការ​លើស​ម៉ោង

  • 2016-12-30 04:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ល្បី​​ឈ្មោះ​​របស់​ជប៉ុន​មួយ​ ​បាន​លាលែង​​ពី​តំណែង​​ត្រឹម​ ២៤​​ម៉ោង​ប៉ុណ្ណោះ​ ​ក្រោយ​ពី​រដ្ឋ​អាជ្ញា​​​បាន​​ដាក់​ការ​ចោទ​ប្រកាន់​​ប្រឆាំង​នឹង​​ក្រុម​ហ៊ុន​​លោក ​​ចំពោះ​​ករណី​ឃាត​កម្ម​​របស់​​បុគ្គលិក​​​ធ្វើ​ការ​លើស​ម៉ោង​ម្នាក់​។

អ្នក​​នាង Matsuri Takahashi

លោក Tadashi Ishii ​ប្រធាន​​ក្រុមហ៊ុន​ Dentsu Inc. បាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​​ថា លោក​នឹង​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​ស្លាប់​របស់​បុគ្គលិក​​​​ គឺ​អ្នក​​នាង​ Matsuri Takahashi ​​ទាំង​ស្រុង​។ ​នារី​​វ័យ​ ២៤​ឆ្នាំ​​រូប​នេះ ​បាន​ធ្វើ​អត្តឃាត​​​​​កាល​ពី​ឆ្នាំ​​មុន ​​បន្ទាប់​ពី​ខាង​ក្រុម​ហ៊ុន​​បង្ខំ​​ឲ្យ​ធ្វើ​ការ​​លើស​​ម៉ោង​​នៅ​​ប៉ុន្មាន​ខែ​​ទើប​ចូល​ដំបូង​​​។

លោក​ Ishii ទទួល​ស្គាល់​ថា​​​ការ​ធ្វើ​ការ​លើស​ម៉ោង​ គឺ​ជា​​​បញ្ហា​​ដ៏​ធំ​សម្រាប់​​បុគ្គលិក​ជាង​​១០០​នាក់​ដែល​ម្នាក់​ៗ​​​កំពុង​​ធ្វើ​​ការ​លើស​​​​ជាង​​៨០​ម៉ោង​ក្នុង​មួយ​ខែ។

អ្នក​​ស្រី​​ Takahashi ​បាន​ចាប់​ផ្ដើម​​ចូល​ធ្វើ​ការ​នៅ​​ក្រុមហ៊ុន​ Dentsu ក្នុង​ខែ​មេសា​​ ឆ្នាំ​ ២០១៥​។ ​បន្ទុក​​ការងារ​​​ច្រើន​ឡើង​ៗ​​នៅ​ខែ​តុលា​ ហើយ​នាង​​តែង​តែ​​ត្រលប់​​​មក​​ដល់​ផ្ទះ​វិញ​នា​ម៉ោង​ ៥​ព្រឹក​ ​និង​បាន​​គេង​​​តិច​ជាង​២​ម៉ោង​ប៉ុណ្ណោះ ក្រោយ​​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ និង​ពេញ​មួយ​យប់។

​ម៉ោង​បន្ថែម​របស់​នាង​​បាន​​កើន​​​​ដល់​ ១០០​ម៉ោង​​ក្នុង​​មួយ​ខែ ​ធ្វើ​ឲ្យ​​នាង​ទ្រាំ​លែង​បាន​​ក៏​លោត​​សម្លាប់​ខ្លួន​ពី​​អគារ​ក្រុមហ៊ុន​នា​ខែ​​​ធ្នូ ឆ្នាំ​ ២០១៥​តែ​ម្ដង។ ​មុន​សម្រេច​​ធ្វើ​អត្តឃាត​នាង​​បន្សល់​ទុក​​ Email ​ផ្ញើ​ជូន​​ម្ដាយ​​​​ដោយ​សុំ​មិន​ឲ្យ​​បន្ទោស​នាង។ "​​ម៉ាក់​ ជា​ម៉ាក់​​ល្អ​បំផុត​​ក្នុង​លោក។ ​​ប៉ុន្តែ​​ហេតុ​អ្វី​ការ​ងារ​​របស់​ខ្ញុំ​​មាន​​ភាព​លំបាក​ខ្លាំង​ពេក​ហើយ​?" ​នាង​សរសេរ។​

​បន្ទាប់​ពី​រដ្ឋ​អាជ្ញា​​​សម្រេច​ចោទ​ប្រកាន់​ លោក​ Ishii ​បាន​​ប្រាប់​​អ្នក​សារព័ត៌មាន​ពី​​​ទីស្នាក់ការ​ក្រុមហ៊ុន​​នា​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ "នេះ​​ជា​អ្វី​ ដែល​មិន​គួរ​បណ្ដោយ​​ឲ្យ​កើត​មាន​​ឡើង​ម្ដង​ទៀត​ឡើយ"។

គួរ​បញ្ជាក់​ផង​ដែរ ​ក្នុង​មួយ​ឆ្នាំ​ៗ​ មាន​​ប្រជាជន​​ជប៉ុន​​ប្រមាណ​ ២០០០​នាក់​​​ ធ្វើ​អត្តឃាត​ ដោយ​សារ​ស្ត្រេស​​នៅ​កន្លែង​ការងារ៕​

លោក Tadashi Ishii ​ប្រធាន​​ក្រុមហ៊ុន​ Dentsu Inc
លោក Tadashi Ishii រួម​នឹង​នាយកប្រតិបត្តិ​ជាន់​ខ្ពស់​​
អគារ​ស្នាក់ការ​​នៅ​ទីក្រុង​តូក្យូ

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ