ពិព័រណ៍​រូប​ថត ផ្លូវ​ទៅ​ស្រុក ចាប់​ផ្ដើម​ស្អែក​នេះ​ហើយ

  • 2017-01-02 07:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិព័រណ៍​រូប​ថត "ផ្លូវ​ទៅ​ស្រុក" The Road Home Photo Exhibition នឹង​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី០៣ ខែ​មករា ស្អែក​នេះ​ហើយ នៅ​សាល​មហោស្រព​ចតុមុខ។ ប្រិយមិត្ត​អាច​ទស្សនា​ទិដ្ឋភាព​គ្រប់​ខេត្ត ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ មាន​ទាំង​តំបន់​ទេសចរណ៍ ជំនឿ មុខម្ហូប ប្រពៃណី វប្បធម៌ រមណីយដ្ឋាន​ប្លែក​ៗ​ដែល​អ្នក​មិន​ធ្លាប់​ទៅ​ដល់។

យុទ្ធនាការ​ជា​កញ្ចប់​​ដែល​​មាន​ឈ្មោះ​ថា "ផ្លូវ​ទៅ​ស្រុក" រយៈពេល៣ខែ ដើម្បី​ស្វែង​រក​រឿងរ៉ាវ​គ្រប់​បែប​យ៉ាង​នៅ​តាម​ភូមិ ឃុំ ស្រុក​ ទូទាំង​ប្រទេស​កម្ពុជា ទើប​បញ្ចប់​មុន​ដំណាច់​ឆ្នាំ​២០១៧ នេះ។ ក្រុម​ការងារ បាន​ព្យាយាម​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ប្លែក​ភ្នែក​គ្រប់​ច្រក​ល្ហក​ចែក​ជូន​អ្នក​អាន ហើយ​កន្លែង​ខ្លះ​ស្ទើរ​គ្មាន​មនុស្ស​ទៅ​ដល់។

​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ គ្រប់ ២៥រាជធានី-ខេត្ត ក្រុម​ការងារ​បាន​សរសេរ​អត្ថបទ និង​ប្រមាញ់​យក​រូប​ភាព​ជា​ច្រើន​ទាក់​ទង​នឹង ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី សក្ដានុពល​សេដ្ឋកិច្ច ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ មុខម្ហូប​តាម​តំបន់ ជំនឿ​ប្លែកៗ រមណីយដ្ឋាន​ស្រស់​ស្អាត​នានា ទាំង​បែប​ធម្មជាតិ​ និង កែច្នៃ របស់​កម្ពុជា។

ដើម្បី​ចែក​ចាយ​រូប​ភាព​ទាំង​នោះ​ឲ្យ​ប្រិយមិត្ត​បាន​ឃើញ ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក បាន​រៀប​ចំ​ពិព័រណ៍​រូប​ភាព​ដ៏​ធំ​មួយ "The Road Home Photo Exhibition" ​រយៈ​ពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី០៣ ស្អែក​នេះ រហូត​ដល់​ថ្ងៃ​ទី ០៧​ខែ​មករា​ខាង​មុខ នៅ​សាល​មហោស្រព​ចតុមុខ។ ចាប់​ពី​ម៉ោង៩ ព្រឹក​រហូត​ដល់​ម៉ោង ៦​ល្ងាច សាធារណ​ជន​អាច​ចូល​ទស្សនា​បាន​ដោយ​សេរី និង​ថត​ជាមួយ​រូប​ភាព​ស្អាតៗ​ប្រចាំ​ខេត្ត​នានា៕

កុំ​ភ្លេច​ណា ចាប់​ពី​ម៉ោង ៩​ព្រឹក​ស្អែក​ត​ទៅ!

អត្ថបទ៖ គង់ វិសាល