ទិញ​ផ្ទះ​ និង​ដី​ មួយ​ណា​មិន​សូវ​ប្រឈម​​នឹង​ហានិភ័យ?

  • 2017-01-03 01:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​កំណើន​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ធ្វើ​ឱ្យ​មាន​តម្រូវ​ការ​ទៅ​លើ​ដី និង​ផ្ទះ​កាន់​តែ​​ច្រើន​។ ទន្ទឹម​នឹង​នោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​វិភាគ​ឱ្យ​បាន​ល្អិតល្អន់​នៅ​ឡើយ​​ពី​ហានិភ័យ​ជុំ​វិញ ការ​ទិញ​ផ្ទះ​និង​ដី។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក សុត វីរៈ ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ ក្នុង​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ CPL បាន​លើក​យក​ករណី​ជម្រើស​ក្នុង​ការ​ទិញ​ផ្ទះ​និង​ដី​មួយ​ណា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​។

ចំពោះ​ចំណុច​នេះ លោក​ សុត វីរៈ បាន​ប្រាប់​ថា ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​លុយ គួរ​តែ​ទិញ​ផ្ទះ​តែ​ម្ដង។ លោក​បន្ត​ទៀត​ថា ទិញ​ផ្ទះ​មិន​សូវ​ប្រឈម​មុខ​ហានិភ័យ​ខ្ពស់​ដូច​ទិញ​ដី​នោះ​ទេ។ លក្ខណៈ​ពិសេស​ដែល​ទិញ​ផ្ទះ​ខុស​ពី​ទិញ​ដី​រួម​មាន៖

អាច​យក​ទៅ​វិនិយោគ​បន្ត​​៖

នៅ​ត្រង់​ចំណុច​នេះ​មានន័យ​ថា ពេល​ទិញ​ផ្ទះ​ប្រសិន​បើ​មិន​ចង់​ស្នាក់​នៅ​ផ្ទះ​នោះ​អាច​យក​ជួល​បន្ត​ទៀត​បាន។ ខណៈ​ទិញ​ដី​ពិបាក​ក្នុង​ការ​រក​អ្នក​ជួល​ដី​ ឬ​ចង់​យក​ដី​ទៅ​ធ្វើ​ការ​វិនិយោគ​ព្រោះ​ដី​ទាមទារ​​លក្ខខណ្ឌ​ច្រើន​ជាង​ទិញ​ផ្ទះ​ ទម្រាំ​មាន​អ្នក​សម្រេច​ចិត្ត​ទិញ​ដី​នោះ ហើយ​ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​មាន​ដី​ហើយ ប៉ុន្តែ​ត្រូវ​សង់​ផ្ទះ​មួយ​សារ​ទៀត នាំ​ឱ្យ​ការ​ចំណាយ​កាន់​តែ​ច្រើន​។

បញ្ចៀស​ហានិភ័យ​៖

ប្រធាន​ផ្នែក​​យុទ្ធសាស្ត្រ ប្រចាំ​ក្រុមហ៊ុន CPL បាន​​បន្ត​ទៀត​ថា ចំពោះ​ដី​មុន​ពេល​ទិញ​ត្រូវ​គិត​លើ​បញ្ហា​ជា​ច្រើន​រួម​មាន ​ស្ថិត​នៅ​ចំណុច​ល្អ មាន​ប្រជាជន​រស់​នៅ​ច្រើន មាន​ប្រព័ន្ធ​ផ្លូវ​ត្រឹមត្រូវ មាន​សុវត្ថិភាព​។ ប៉ុន្តែ​ប្រសិន​ទិញ​ផ្ទះ​តែ​ម្ដង​មានន័យ​ថា ម្ចាស់​វិនិយោគ​បាន​វិភាគ​រួច​អស់​ហើយ​ទៅ​លើ​ចំណុច​ទាំង​នោះ​ ដូចនេះ​មិន​សូវ​ប្រឈម​មុខ​ឡើយ​។

ងាយ​ស្រួល​ក្នុង​ការ​លក់​វិញ៖

​អ្នក​ដែល​ទិញ​ដី​ហើយ​ ប៉ុន្តែ​ប្រសិន​បើ​ចង់​លក់​វិញ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ ទម្រាំ​អាច​លក់​បាន។ ប៉ុន្តែ​ផ្ទះ​ប្រើ​រយៈពេល​លក់​លឿន​ជាង​ដី ហើយ​តម្លៃ​ផ្ទះ​ក៏​កើន​ឡើង​ដែរ ដែល​មិន​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​ខាត​បង់​លុយ​កាក់​នោះ​ឡើយ។

លក្ខខណ្ឌ​ផ្ទេរ​កម្មសិទ្ធិ៖

ចំពោះ​ការ​ទិញ​ដី​អាច​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ​គឺ​ប្លង់​រឹង និង​ប្លង់​ទន់។ ពេល​ទិញ​ដី អាច​ទទួល​បាន​ប្លង់​ត្រឹម​ប្លង់​ទន់ ចេញ​ពី​ឃុំ សង្កាត់ ឬ​ខណ្ឌ ចំណែក​ប្លង់​រឹង​ម្ចាស់​កម្មសិទ្ធិ​យក​ទៅ​បញ្ចាំ​បាត់​ទៅ​ហើយ នាំ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់។ ប៉ុន្តែ​ចំពោះ​ការ​ទិញ​ផ្ទះ មិន​មាន​ករណី​ស្មុគស្មាញ​ចំពោះ​បញ្ហា​នេះ​ឡើយ គឺ​មាន​កិច្ច​សន្យា​ទិញ​លក់​ច្បាស់លាស់ និង​ផ្ទេរ​សិទ្ធិ​ត្រឹមត្រូវ ព្រោះ​បើ​ទិញ​​ផ្ទះ​ថ្មី គ្មាន​អ្នក​ណា​ធ្លាប់​ជា​ម្ចាស់​ពី​មុន​ទេ គឺ​ម្ចាស់​វិនិយោគ​តែ​ម្ដង​ជា​អ្នក​លក់​។

​ទាំង​នេះ​ជា​ចំណុច​ពិសេស​នៃ​ការទិញ​ផ្ទះ។ ប៉ុន្តែ លោក សុត វីរៈ ប្រាប់​ថា​មិន​មែន​ទិញ​ផ្ទះ​មិន​ប្រឈម​ហានិភ័យ​នោះ​ទេ ដូចនេះ​មុន​សម្រេច​ចិត្ត​ទិញ​ផ្ទះ គួរ​រក​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​ដើម្បី​ប្រឹក្សា និង​ជួយ​ក្នុង​ដំណើរការ​ទិញ​ផ្ទះ​នោះ ឬ​មួយ​អ្នក​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​ទិញ​លក់​អចលនទ្រព្យ​នេះ ដើម្បី​ធានា​សុវត្ថិភាព​១០០%៕

​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ​​