ពិព័រណ៍​រូប​ថត ផ្លូវ​ទៅ​ស្រុក ធ្វើ​ឲ្យ​អ្នក​ទស្សនា​លាន់​មាត់​ថា "នឹក​ស្មាន​មិន​ដល់"

  • 2017-01-04 07:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេញ​មួយ​ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​ពិព័រណ៍ "ផ្លូវ​ទៅ​ស្រុក" កាល​ពី​ថ្ងៃ​ទី០៣ ខែ​មករា​ម្សិលមិញ សាធារណជន​យ៉ាង​ច្រើន​​កុះករ​បាន​នាំ​គ្នា​ទៅ​ទស្សនា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​ភ្ញាក់​ផ្អើល​នឹង​ទេសភាព​ដែល​មាន​ពិត​នៅ​កម្ពុជា។ ​​

លោក យាង វណ្ឌី ប្រធាន​ក្រុម​ព្រះ​សុរិយា ដែល​ជា​ក្រុម​មួយ​ស្រាវជ្រាវ​លើ​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ បាន​បញ្ចេញ​ទស្សនៈ​ថា រូប​ថត "ផ្លូវ​ទៅ​ស្រុក" នីមួយ​ៗ​សុទ្ធតែ​ឆ្លុះ​បញ្ចាំង​ពី​ខេត្ត​នានា ពេល​មើល​ហើយ​ហាក់​ដូច​ជា​ទៅ​ដល់​ខេត្ត​នោះ​ដែរ។ វណ្ឌី បាន​និយាយ​​ថា៖ "​មែន​ទែន​ទៅ យើង​អ្នក​នៅ​ទី​ក្រុង យើង​មិន​នឹក​ស្មាន​ថា ទិដ្ឋភាព​អស់​នេះ​មាន​នៅ​ក្នុង​ប្រទេស​យើង​ទេ ប្រសិន​បើ​មិន​បាន​មក​មើល​ពិព័រណ៍​ហ្នឹង។

លោក យាង វណ្ឌី

ចំណែក កញ្ញា ហ៊ុន សៀកលីម ជា​និស្សិត​ផ្នែក​បុរាណ​វិទ្យា នៅ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា រូប​ថត​​ទាំង​អស់​សុទ្ធតែ​មាន​ភាព​ទាក់​ទាញ ហើយ​រូបថត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ បង្ហាញ​អត្ថន័យ​ខុសៗ​គ្នា ទាំង​ជំនឿ របៀប​រស់នៅ ប្រាសាទ​បុរាណ និង​ទេសភាព​ដ៏​ត្រជាក់​ភ្នែក​ជា​ដើម។ សៀកលីម បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា​នៅ​ស្រុក​ខ្មែរ​មាន​កន្លែង​ស្អាត​ច្រើន តែ​ពេល​ឃើញ​រូប​ថត​អស់​ហ្នឹង​ហើយ វា​រឹត​តែ​ស្អាត​ជាង​អ្វី​ដែល​ខ្ញុំ​ឃើញ​ហ្មង... កម្ម​វិធី​នេះ​ល្អ ខ្ញុំ​គិត​ថា គួរ​តែ​មាន​រាល់​ឆ្នាំ"។

កញ្ញា ហ៊ុន សៀកលីម

​ពិព័រណ៍​រូប​ថត "ផ្លូវ​ទៅ​ស្រុក" The Road Home Photo Exhibition នឹង​បន្ត​រយៈ​ពេល ៤​ថ្ងៃ​ទៀត រហូត​ដល់​ថ្ងៃ​ទី០៧ ខែ​មករា នៅ​សាល​មហោស្រព​ចតុមុខ។ ប្រិយមិត្ត​អាច​ទស្សនា​ទិដ្ឋភាព​គ្រប់​ខេត្ត ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ មាន​ទាំង​តំបន់​ទេសចរណ៍ ជំនឿ មុខម្ហូប ប្រពៃណី វប្បធម៌ រមណីយដ្ឋាន​ប្លែក​ៗ​ដែល​អ្នក​មិន​ធ្លាប់​ទៅ​ដល់។ ចាប់​ពី​ម៉ោង៩ ព្រឹក​រហូត​ដល់​ម៉ោង ៦​ល្ងាច សាធារណ​ជន​អាច​ចូល​ទស្សនា​បាន​ដោយ​សេរី និង​ថត​ជាមួយ​រូប​ភាព​ស្អាតៗ​ប្រចាំ​ខេត្ត​នានា៕

អត្ថបទ៖ គង់ វិសាល