​Man United, Real និង Sevilla ​ស៊ុត​ចំ​គោល​ដៅ​​ជាង​១០​ដង ​​​មាន​​គ្រាប់​បាល់​ច្រើន​​ដូច​គ្នា

  • 2017-01-08 03:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បិសាច​ក្រហម Manchester United ​​បាន​​ស៊ុត​​​ចំ​គោល​ដៅ​ទៅ​លើ​ក្រុម Reading ​ចំនួន ១២​​ដង​ ដោយ​យក​ឈ្នះ​​ ៤​-០ ខណៈ​ Real Madrid ​បាន​​ស៊ុត​ចំ​គោល​ដៅ​ទៅ​លើ​ក្លឹប Granada ​ចំនួន ១៥​ដង ព្រម​ទាំង​សម្រេច​គ្រាប់​បាល់​យក​ឈ្នះ ៥-០​ ​ស្រប​ពេល​ក្រុម​ Sevilla ​ទៅ​ផ្ទះ​ Real Sociedad ​ស៊ុត​ចំ​គោល​ដៅ​ម្ចាស់​ផ្ទះ​រហូត​ ១០​ដង និង​សម្រេច​គ្រាប់​បាល់​យក​ឈ្នះ​៤-០​។

​​ក្រុម​ Manchester United ​​​​យក​ឈ្នះ​ Reading ៤-០​​ក្នុង​ក្របខ័ណ្ឌ FA Cup ​ជុំ​ទី​៣។ ៤​គ្រាប់​របស់​ម្ចាស់​​ផ្ទះ​ Manchester United ​នេះ​រក​បាន​ដោយ Wayne Rooney ​នៅ​នាទី​ទី​៧ ខ្សែ​បម្រើ​ Anthony Martial នាទី​ទី​១៥ និង​ពីរ​គ្រាប់​ចុង​ក្រោយ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcus Rashford ​នាទី​ទី ៧៥​ និង ៧៩។

​ចំណែក​ក្រុម​យក្ស​របស់​អេស្ប៉ាញ​ Real Madrid ​បាន​យក​ឈ្នះ​ក្រុម Granada ​ក្នុង​ក្របខ័ណ្ឌ​ La Liga ​សប្ដាហ៍​ទី​១៦ របស់​ខ្លួន​៥-០​។ ៥គ្រាប់​របស់​ម្ចាស់​ផ្ទះ​ Real Madrid ​រក​បាន​ដោយ​ Isco ពីរ​គ្រាប់​នាទី​​ទី​១២ និង​៣១ ​ខ្សែ​ប្រយុទ្ធ​​ Karim Benzema ​រក​បាន​នៅ​នាទី​ទី​ ២១ ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo រក​បាន​នៅ​នាទី​ទី​ ២៧​ ​និង​គ្រាប់​បាល់​​ចុង​ក្រោយ​រក​បាន​ដោយ​ខ្សែ​បម្រើ Casemiro ​នៅ​នាទី​ទី​៥៨។

​ជា​មួយ​គ្នា​នោះ Sevilla ​បានយក​ឈ្នះ​​ក្រុម​ខ្លាំង Real Sociedad ​៤-០​នៅ​ក្រៅ​ដី​ ដើម្បី​ហក់​ឡើង​មក​កាន់​លេខ​ពីរ​លើ​​ Barcelona ក្នុង​ក្របខ័ណ្ឌ La Liga សប្ដាហ៍​ទី​១៧ ។ ​ការ​យក​ឈ្នះ​របស់ Sevilla ​នេះ​រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ​ Wissam Ben Yedder ចំនួន​បី​គ្រាប់​នៅ​នាទី​ទី​២៦, ២៩ ​និង​នាទី​​ទី៨៣ ស្រប​ពេល​​ខ្សែ​បម្រើ​ប្រយុទ្ធ​ Pablo Sarabia អាច​រក​បាន​មួយ​គ្រាប់​ដែរ​នៅ​ទី​ទី​៧៣​។ បញ្ចប់​ការ​​ប្រកួត Sevilla ​យក​ឈ្នះ Real Sociedad ៤-០៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម