ពស់​ថ្លាន់​ចូល​ផ្ទះ សត្វ​ឃ្មុំ​ធ្វើ​សម្បុក​ក្នុង​ផ្ទះ សុទ្ធតែ​អាច​នាំ​ហេតុ​ដល់​គ្រួសារ

  • 2017-01-10 06:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចំណាំ​ និង​ជំនឿ​តៗ​គ្នា​របស់​ដូន​តា​ខ្មែរ​ពី​បុរាណ បាន​បន្សល់​រហូត​មក​ដល់​បច្ចុប្បន្ន​តែង​មាន​ជំនឿ​ទៅ​លើ​​សត្វ​ក្នុង​ជីវភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ។ ​ខាង​ក្រោម​នេះ​គឺ​ជា​ការ​កត់​សម្គាល់​ ហេតុការណ៍ រឿង​រ៉ាវ​ក្នុង​ជីវិត ឬ​ព្រឹត្តិការណ៍​ផ្សេង​ៗ​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជាមួយ​សត្វ​មួយ​ចំនួន​។

ពស់​ថ្លាន់​វា​ចូល​ផ្ទះ៖ ​នៅ​ក្នុង​សង្គម​ខ្មែរ​ពី​បុរាណ តែង​ជឿ​ថា​ពស់​ថ្លាន់​ជា​សត្វ​ស្លូត នាំ​មក​នូវ​សេចក្ដី​សុខ​សប្បាយ​ដល់​មនុស្ស​។ តាម​ជំនឿ​យូរ​លង់​ណាស់​មក​ហើយ ដូន​តា​ខ្មែរ​តែ​សម្គាល់​ឃើញ​ថា កាល​ណា​ពស់​ថ្លាន់​វារ​ចូល​ផ្ទះ​អ្នក​ណា ផ្ទះ​នោះ​រមែង​មាន​សេចក្ដី​សុខ​សប្បាយ រក​ស៊ី​មាន​បាន។ ដូច​នេះ​ប្រសិន​បើ​ឃើញ​ពស់​ថ្លាន់​វារ​ចូល​ផ្ទះ សូម​កុំ​សម្លាប់ ឬ​វាយ​ឱ្យ​សោះ​ព្រោះ​អាច​នាំ​ឱ្យ​កើត​រឿង​ក្ដៅ​ក្រហាយ​។ ចាស់​ៗ​ពី​​បុរាណ ​តែង​ឱ្យ​កូន​ចៅ​​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​សុំ​សេចក្ដី​សុខ​សប្បាយ ពេល​ឃើញ​ពស់​ថ្លាន់​វារ​ចូល​ក្នុង​ផ្ទះ​ ។

សត្វ​ក្អែក​បូល៖ សត្វ​ក្អែក​ជា​ប្រភេទ​សត្វ​ដែល​ចេះ​ប្រើ​សំឡេង​បូល​យ៉ាង​ក្រ​លួចគួរ​ឱ្យ​ស្រងេះស្រងោច​។ ក្នុង​សង្គម​ខ្មែរ​មាន​ជំនឿ​ថា ប្រសិន​បើ​សត្វ​ក្អែក​នោះ​បូល​ឮ​សំឡេង​ខ្លីៗ​នៅ​ផ្ទះ​នរណា​ បញ្ជាក់​ថា​ផ្ទះ​នោះ​មាន​ភ្ញៀវ​សំខាន់​មក​លេង ដូចជា​មក​រក​ស្ដីដណ្ដឹង​កូន​ជា​ដើម​។ តែ​បើ​សត្វ​​ក្អែក​បូល​សំឡេង​វែងៗ យ៉ាង​កម្សត់​មាន​ន័យ​ថា អាច​មាន​រឿង​មិន​ល្អ​ ចាស់​ៗ​តែង​យក​អង្ករ​មក​ប្រាយ​(បាច​អង្ករ)ព្រម​ទាំង​និយាយ​ថា សូម​កុំ​ឱ្យ​មាន​ឧបទ្រព​ចង្រៃ​ណា​មក​បៀតបៀន។ ​

សត្វ​ដំរី៖ ដំរី​ជា​ប្រភេទ​សត្វ​ស្លូត​ តែ​វា​ក៏​អាច​ក្លាយ​ជា​សត្វ​កាច​ម្ដង​ម្កាល​ដែរ ដែល​ចាស់ៗ​ចំណាំ​និយយ​ថា ដំរី​ចុះ​ប្រេង​។ តាម​ជំនឿ​ដូន​តា​ខ្មែរ​ពី​បុរាណ មិន​អនុញ្ញាត​ឱ្យ​ស្ត្រី​មាន​ផ្ទៃ​ជិះ​លើ​ខ្នង​ដំរី​ឡើយ ព្រោះ​បើ​ជិះ​ទៅ​នឹង​ធ្វើ​ឱ្យ​ដំរី​ចុះ​ប្រេង​អាច​ធ្វើ​ឱ្យ​មាន​គ្រោះ​អកុសល​។​​

ខ្លែង​ស្រាក៖ ខ្លែង​ស្រាក​ជា​ប្រភេទ​សត្វ​ចូលចិត្ត​រកស៊ី​ពេល​យប់​។ តាម​ជំនឿ​តៗ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ តែង​ជឿ​ថា ខ្លែង​ស្រាក​ជា​សត្វ​នាំ​មក​នូវ​ឧបទ្រព​ចង្រៃ​។ ចាស់​ៗ​តែង​ចំណាំ​ថា ឱ្យ​តែ​ផ្ទះ​ណា​មាន​អ្នក​ជំងឺ​ឈឺ​ធ្ងន់​សត្វ​នេះ​តែង​មក​យំ​បន្លឺ​សំឡេង​គួរ​ឱ្យ​ខ្លាច ​តាម​ទំនៀម​បើ​សត្វ​នេះ​មក​យំ​នៅ​ក្បែរ​ផ្ទះ ចាស់​ៗ​ឱ្យ​ស្រែក​ដេញ​ និង​ជេរ​ដាក់​បណ្ដាសា​ ដើម្បី​ឱ្យ​សត្វ​នោះ​ហើរ​ចេញ​ទៅ​ឱ្យ​បាត់​។​​

ព្រាប​ថ្ងូរ៖ ព្រាប​ជា​សត្វ​ស្លូត​ចូល​ចិត្ត​រស់​នៅ​តាម​ទី​វត្ត​អារាម និង​កន្លែង​ដែល​ស្ងប់ស្ងាត់​។ តាម​ជំនឿ​ក្នុង​សង្គម​ខ្មែរ ជឿ​ថា​បើ​នៅ​សុខៗ​ស្រាប់​តែ​សត្វ​ព្រាប​ហើរ​មក​នៅ​ក្នុង​ផ្ទះ​អ្នក​ណា​ហើយ អ្នក​នោះ​រមែង​មាន​សេចក្ដី​សុខ​ មាន​លាភ​សំណាង​។ តែ​បើ​នៅ​សុខៗ​ស្រាប់​តែ​ព្រាប​នោះ​ថ្ងូរ​ឮ​សំឡេង​គួរ​ឱ្យ​អាណិត​នោះ​ជា​សញ្ញា​ប្រាប់​ថា​ក្នុង​ផ្ទះ​នោះ​មាន​រឿង​មិន​ល្អ តាម​ទំនៀម​ត្រូវ​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ប្រោះ​ព្រំ​ទើប​អាច​ឆ្លង​ផុត​គ្រោះ​ផ្សេងៗ​។​

សត្វ​ឃ្មុំ​ធ្វើ​សំបុក​ក្នុង​ផ្ទះ៖ តាម​ជំនឿ​ដូនតា​ខ្មែរ​យូរ​លង់​ណាស់​មក​ហើយ តែង​ជឿ​ថា​ប្រសិន​បើ​ឃ្មុំ ឬ​ស្រាំង​មក​ធ្វើ​សំបុក​ក្នុង​ផ្ទះ ឬ​បរិវេណ​​ក្នុង​ផ្ទះ​នរណា ផ្ទះ​នោះ​នឹង​មាន​រឿង​ល្អៗ​កើត​ឡើង កូន​ចៅ​រស់​មាន​សេចក្ដី​សុខ សុភមង្គល​។ ប៉ុន្តែ​នៅ​សុខៗ​ស្រាប់​តែ​ឃ្មុំ ឬ​ស្រាំង​នោះ​ទៅ​ទិច​សមាជិក​ក្នុង​គ្រួសារ​ណា​ម្នាក់ នោះ​ជា​ប្រផ្នូល​មិន​ល្អ​អាច​នាំ​មក​នូវ​ឧបទ្រព​ចង្រៃ​។ ដូចនេះ​ត្រូវ​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​រំដោះ​គ្រោះ​ទើប​អាច​ឆ្លង​ផុត​គ្រោះ​នានា​។

ឆ្កែ​លូ​​ពេល​មេឃ​ជិត​ភ្លឺ៖ ​ជា​ទូទៅ​ឆ្កែ​ជា​សត្វ​ដែល​ចូលចិត្ត​ព្រូស​ និង​លូ​ជា​ធម្មជាតិ​របស់​វា​។ ប៉ុន្តែ​ចាស់​ៗ​ពី​បុរាណ​តែង​ជំនឿ​ថា ប្រសិន​បើ​សត្វ​ឆ្កែ​លូ​ធម្មតា​ពេល​យប់​នោះ​វា​ប្រាកដ​ជា​ឃើញ​ខ្មោច​ ព្រាយ​បិសាច​។ ប៉ុន្តែ​បើ​ឆ្កែ​លូ​ពេល​មេឃ​ជិត​ភ្លឺ បន្លឺ​សំឡេង​វែងៗ​យ៉ាង​កម្សត់​ នោះ​បញ្ជាក់​ថា​នៅ​ក្នុង​ភូមិ​ស្រុក​អាច​មាន​រឿង​មិន​ល្អ អាច​មាន​ចោរ​ចូល​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ស្រុក​អ្នក​ភូមិ​។ ដូចនេះ​អ្នក​ស្រុក​ត្រូវ​ប្រយ័ត្ន​ប្រយែង​កូន​ចៅ​កុំ​ឱ្យ​ដើរ​ចេញ​ក្រៅ​ផ្ទះ​ពេល​យប់ ការពារ​ទ្រព្យ​សម្បត្តិ​ជា​ដើម​៕

អត្ថបទ៖ ថោ ​ច័ន្ទឬទ្ធិ

ប្រភព៖ សៀវភៅវប្បធម៌ទូទៅ (ភឿង ចន្ថា)

អត្ថបទពេញនិយម