ពិព័រណ៍​រូប​ថត ផ្លូវ​ទៅ​ស្រុក ធ្វើ​ឲ្យ​អ្នក​​ទស្សនា​​ចង់​ឃើញ​គម្រោង​លើក​ទី២

  • 2017-01-09 08:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​រូប​ថត​ផ្លូវ​ទៅ​ស្រុក The Road Home Photo Exhibition បាន​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៧ ខែ​មករា ដោយ​ទាក់​ទាញ​អ្នក​ទស្សនា​ប្រមាណ​ជាង ១​ពាន់​នាក់។ អ្នក​ជំនាញ​ផ្នែក​ថត​រូប តំណាង​ក្រុមហ៊ុន ព្រម​ទាំង​អ្នក​ចូល​រួម​ទស្សនា​សុទ្ធតែ​លាន់​មាត់​ថា ជា​កម្មវិធី​ដ៏​ល្អ និង​ចង់​ឲ្យ​គម្រោង​នេះ​កើត​ឡើង​ជា​លើក​ទី២។

លោក Yves Jassaud ជា​នាយក​ផ្នែក​គ្រប់គ្រង​ក្រុមហ៊ុន Total នៅ​កម្ពុជា បាន​និយាយ​ថា លោក​ពិត​ជា​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង ដែល Total ​បាន​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​មួយ​សម្រាប់​គម្រោង ផ្លូវទៅស្រុក។ លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា កម្ពុជា​មាន​កន្លែង​ស្អាត​ៗ​ជា​ច្រើន​ដែល​គ្មាន​អ្នក​ស្គាល់ ហើយ​កម្មវិធី ផ្លូវ​ទៅ​ស្រុក បាន​ផ្ដិត​យក​ទិដ្ឋភាព​ទាំង​នោះ​មក​ចែក​ជូន​អ្នក​ទស្សនា​តែ​ម្ដង។ លោក Yves Jassaud បាន​បញ្ជាក់​ថា ចង់​ឃើញ​កម្មវិធី​នេះ​កើត​ឡើង​ជា​ថ្មី ហើយ​ក្រុមហ៊ុន​របស់​លោក រីករាយ​នឹង​ឧបត្ថម្ភ​សម្រាប់​គម្រោង​ថ្មី​នោះ។

លោក លន ហ្សាឌីណា ជា​អ្នក​ថត​រូប​អាជីព​ម្នាក់​នៅ​ទូរទស្សន៍ PNN បាន​លើក​ឡើង​ថា កម្មវិធី​ផ្លូវ​ទៅ​ស្រុក ពិត​ជា​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ព្រោះ​មិន​ប្រាកដ​ថា​ពួក​គេ​ស្គាល់​អស់​ខេត្ត​ឡើយ ប៉ុន្តែ Sabay អាច​នាំ​យក​រូប​ភាព​ទាំង​នោះ​មក​បង្ហាញ​ជូន តាម​រយៈ​កម្មវិធី​ផ្លូវ​ទៅ​ស្រុក។ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ "ខ្ញុំ​ដើរ​មក​មើល​ឃើញ គឺ​ល្អ​មែន​ទែន ព្រោះ​វា​ប្លែក ហើយ​រូប​ខ្លះ​ខ្ញុំ​បាន​ទៅ​ដល់​មែន តែ​មិន​បាន​ថត អាច​ភ្លេច... ចឹង Sabay ធ្វើ​នេះ អាច​ឲ្យ​​មនុស្ស​ដក់​អារម្មណ៍​លើ​ខេត្ត​នានា"។ លោក ហ្សាឌីណា បាន​អះអាង​ថា ចង់​ឃើញ​គម្រោង​នេះ កើត​ឡើង​បន្ត​បន្ទាប់​នៅ​រដូវ​កាល​ក្រោយៗ​ទៀត។

ចំណែក លោក សៅ សីហា ជា​តំណាង​ក្រុមហ៊ុន Sony ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា កម្មវិធី​ផ្លូវ​ទៅ​ស្រុក ធ្វើ​ឲ្យ​ប្រជាជន​បាន​ស្គាល់​ពី​ខេត្ត​នានា និង​របៀប​រស់នៅ​របស់​ប្រជាជន​នៅ​តាម​តំបន់​ទាំង​នោះ។ លោក សីហា បាន​និយាយ​ថា៖ "បើ​ខ្ញុំ​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​មួយ ហើយ​ខ្ញុំ​ឃើញ​រូប​ភាព​ខេត្ត​ហ្នឹង ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ស្រុក​កំណើត ហើយ​គ្រប់​រូប​ថត និង​ការ​ចុះ​ផ្សាយ​សុទ្ធតែ​ជា​ចំណេះ​ដឹង... ខ្ញុំ​គិត​ថា កម្មវិធី​នេះ​គួរ​តែ​មាន​បន្ត​ៗ​ទៀត"។

យុទ្ធនាការ​ជា​កញ្ចប់​​ដែល​​មាន​ឈ្មោះ​ថា "ផ្លូវ​ទៅ​ស្រុក" រយៈពេល៣ខែ ដើម្បី​ស្វែង​រក​រឿងរ៉ាវ​គ្រប់​បែប​យ៉ាង​នៅ​តាម​ភូមិ ឃុំ ស្រុក​ ទូទាំង​ប្រទេស​កម្ពុជា ទើប​បញ្ចប់​មុន​ដំណាច់​ឆ្នាំ​២០១៧ នេះ។ បន្ទាប់​មក ក្រុម​ការងារ​បាន​​រៀប​ចំ​ពិព័រណ៍​រូប​ភាព​ដ៏​ធំ​មួយ "The Road Home Photo Exhibition" ​រយៈ​ពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី០៣ រហូត​ដល់​ថ្ងៃ​ទី ០៧​ខែ​មករា នៅ​សាល​មហោស្រព​ចតុមុខ ដើម្បី​បង្ហាញ​រូប​ថត​គ្រប់​ខេត្ត​ដែល​ថត​បាន។

កម្មវិធី "ផ្លូវ​ទៅ​ស្រុក" រៀប​ចំឡើង​ដោយ​ក្រុមហ៊ុន Sabay Digital Corporation នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Total ព្រម​ទាំង​សហការ​គាំទ្រ​ដោយ​ក្រុមហ៊ុន Angkor Beer, AMK, Smart, Ford និង​ក្រុមហ៊ុន Sony៕

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម