ហេតុ​ផល​៨​យ៉ាង​​ដែល​ក្លឹប​ចិន​នាំ​ចូល​ Super Stars​ លំដាប់​ពិភព​លោក​
  • 2017-01-11 02:12:18
  • ចំនួនមតិ

ចន្លោះមិនឃើញ

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ក្លឹប​នៅ​លីគ​បាល់ទាត់​កំពូល​ចិន​បាន​កំពុង​នាំ​យក​កីឡាករ​លំដាប់​ពិភព​​លោក​​ចូល​​ក្រុម​​ដូច​ជា​ក្លឹប​ ​Shanghai Shenhua ​នាំ​យក​ Tevez ដោយ​ផ្តល់​កម្លាំង​ពលកម្ម​ ៦១៥០០០​ផោន​ក្នុង​១​សប្ដាហ៍ ឬ​១​ផោន​ក្នុង​១​វិនាទី និង​៣២​លាន​ផោន​ក្នុង​១​ឆ្នាំ​ជា​ដើម។ ការ​នាំ​យក​កីឡាករ​ល្បី​ៗ​លំដាប់​អន្តរជាតិ​នេះ​ ក្លឹប​នៅ​ចិន​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​មហាសាល​ដែល​ធ្វើ​ឲ្យ​កីឡាករ​ទាំង​នោះ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​កប់​ពពក។

លោក​ប្រធានាធិបតី Xi Jinping

ប្រភព​ព័ត៌មាន forbes ​បាន​បង្ហាញ​ថា​ ​មេ​ដឹក​នាំ​កំពូល​ចិន​លោក​ប្រធានាធិបតី Xi Jinping ​កំពុង​ផ្តោត​អារម្មណ៍​លើ​វិស័យ​បាល់ទាត់​ខ្លាំង។ Sabay សូម​បង្ហាញ​ហេតុ​ផល​៨​​យ៉ាង​ដែល​ក្លឹប​លីគ​កំពូល​ចិន​ហ៊ាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​មហា​សាល​ដើម្បី​នាំ​យក​ Super Stars ចូល​ក្លឹប​របស់​ពួក​គេ។

១- យុទ្ធសាស្ត្រ​បាល់ទាត់​​២០២០​៖ ​​ចិន​មាន​សេដ្ឋកិច្ច​រីកចម្រើន​ លោក​ប្រធានាធិបតី​ Jinping បាន​ដាក់​បញ្ចូល​វិស័យ​កីឡា​បាល់ទាត់​ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​សាលា​រៀន​ដើម្បី​ជំរុញ​​​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ចាប់​អារម្មណ៍​បាល់ទាត់​ក្នុង​នោះ​​ត្រឹម​ឆ្នាំ​២០២០​​ត្រូវ​មាន​ទី​លាន​លេង​បាល់​ចំនួន​២០ ០០០​កន្លែង​ និង​ក្មេង​ៗ​ចំនួន​៥០​លាន​នាក់​ត្រូវ​តែ​ចេះ​លេង​បាល់ទាត់។

២- ក្រុម​ល្អ​បំផុត​នៅ​អាស៊ី​ត្រឹម​ឆ្នាំ​២០៣០៖ តាម​រយៈ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២០​ដែល​មាន​ក្មេង​​​​៥០​លាន​នាក់​មាន​សមត្ថភាព​បាល់ទាត់​ ចិន​បាន​កំណត់​គោលដៅ​មួយ​ជំហ៊ាន​ទៀត​គឺ​ឆ្នាំ​២០៣០​ ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​នឹង​ក្លាយ​ជា​ក្រុម​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​​ជម្រើស​ជាតិ​​ល្អ​ៗ​បំផុត​នៅ​ទ្វីប​អាស៊ី​ ហើយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​ក៏​ជា​ក្រុម​​ល្អ​បំផុត​ដែរ។

៣- ​ពាន​ World Cup ២០៥០៖ តាម​ការ​លេច​ឮ​បន្ត​បន្ទាប់​មក​ថា​ ប្រទេស​ចិន​បាន​ដាក់​គោល​ដៅ​​ដើម្បី​ប្រជែង​យក​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០៥០​ (FIFA World Cup)។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ប្រទេស​មួយ​នេះ​បាន​ទិស​ដៅ​​ចាប់​ពី​ឆ្នាំ​២០២០។

៤- ពង្រីក​កេរ្តិ៍​ឈ្មោះ​ក្លឹប៖ ការ​នាំ​យក​កីឡាករ​ល្បី​ៗ​លំដាប់​ពិភព​លោក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​​បង្កើន​កេរ្តិ៍​ឈ្មោះ​របស់​ក្លឹប​តាម​កីឡាករ​ និង​ក្លឹប​ ព្រម​ទាំង​បណ្តាញ​សារព័ត៌មាន។ តារា​ឆ្នើម​​ម្នាក់ៗ​ប្រចាំ​ក្លឹប​ពិត​ជា​ដើរ​តួ​សំខាន់​ណាស់​សម្រាប់​កេរ្តិ៍​ឈ្មោះ​របស់​ក្លឹប។

៥- បង្កើន​គុណភាព​លីគ​កំពូល​ចិន៖ ​ការ​នាំ​យក​កីឡាករ​ល្អ​ចូល​ក្លឹប​នៅ​លីគ​កំពូល​ជា​ផ្នែក​មួយ​​​សំខាន់​ដើម្បី​ជួយ​ជំរុញ​​ទឹក​ចិត្ត​យុវជន​ថ្នាល​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​ហាត់​ និង​ជំរុញ​ឆន្ទៈ​របស់​ពួក​គេ។ ​Super Stars នឹង​នាំ​យក​បច្ចេកទេស​ថ្មី​ បាល់ទាត់​ថ្មី​តាម​បែប​សម័យ​ទំនើប​​ បទ​ពិសោធន៍​ថ្មី​ និង​​ការ​ផ្លាស់​ប្តូរ​ថ្មី​ដែល​ធ្វើ​ឲ្យ​ក្លឹប​កាន់​តែ​មាន​គុណភាព​ក្នុង​​នោះមាន​ទាំង​នាំ​ចូល​​ ​គ្រូ​បង្វឹក​ និង​អាជ្ញា​កណ្តាល​។

៦- បង្កើន​​គុណភាព​ក្លឹប៖ កម្រិត​សមត្ថភាព​របស់​ក្លឹប​កំពូល​ៗ​នៅ​ប្រទេស​ចិន​ហាក់​មាន​កម្រិត​ទាប​នៅ​ឡើយ​ បើ​ធៀប​នឹង​ក្លឹប​កំពូល​ៗ​នៅ​ប្រទេស​ជប៉ុន​ ឬ​កូរ៉េ​ជា​ដើម។ ក្លឹប​​ធំ​ៗ​របស់​ចិន​​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពាន​រង្វាន់​​ AFC Champions League ដែល​ជា​ពាន​លំដាប់​កំពូល​នៅ​អាស៊ី។ ដូច្នេះ​ហើយ​ពួក​គេ​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​មហា​សាល​ដើម្បី​នាំ​យក​ Super Stars លំដាប់​ពិភព​លោក​មក​ពី​តំបន់​អឺរ៉ុប​ដើម្បី​ពង្រឹង​គុណភាព​​ក្លឹប។

៧- ការ​វិនិយោគ​បាល់ទាត់៖ ​ការ​ស្វែង​រក​ប្រាក់​ចំណេញ​រឹតតែ​សំខាន់​សម្រាប់​ពួក​គេ។ នៅ​ពេល​ក្លឹប​ៗ​នីមួយ​ៗ​នាំ​ចូល​តារា​ឆ្នើម​ៗ​​គឺ​ជា​ផ្នែក​មួយ​ទាក់​ទាញ​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ឲ្យ​​ឲ្យ​ចាប់​អារម្មណ៍​លើ​ក្លឹប​​របស់​ពួក​គេ។ ពេល​​ក្លឹប​ល្បី​មាន​អ្នក​គាំទ្រ​ច្រើន ក្រុម​ហ៊ុន​ឯកជន​​​កាន់​តែ​ចង់​ចូល​រួម​ឧបត្ថម្ភ​ ដូច្នេះ​ក្លឹប​នឹង​បាន​ចំណូល​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គ្រាន់​តែ​លក់​អាវ​របស់​ Super Star ម្នាក់​ៗ​​ក៏​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ទៅ​ហើយ​​ដោយ​សារ​​ប្រជា​ជន​ចិន​​ច្រើន​ជាង​គេ​លើ​លោក។

៨- ការវិនីយោគរបស់​ចិន​នៅ​ក្លឹប​អឺរ៉ុប៖ តាម​ការ​ផ្សាយ​របស់​ BBC បង្ហាញ​ថា ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​បាន​កំពុង​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នៅ​តាម​បណ្តាល​ក្លឹប​ធំ​ៗ​នៅ​តំបន់​អឺរ៉ុប។ ក្រុម​ហ៊ុន​ CMC/Citic Capital មាន​​ភាគ​ហ៊ុន​១៣%​នៅ​ក្រុម​ហ៊ុន​ City Football Group ​ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ក្លឹប​អង់គ្លេស​ Man City។ ក្រុម​ហ៊ុន​ Rastar Group ​មាន​ភាគ​ហ៊ុន​៥៦​%​នៅ​​ក្លឹប​របស់​អេស្ប៉ាញ​ Espanyol។ ក្រុម​ហ៊ុន​ Dalian Wanda Group ​មាន​ភាគ​ហ៊ុន​ ២០​%​នៅ​ក្លឹប​លីគ​កំពូល​អេស្ប៉ាញ​ Atletico Madrid។ ក្រុម​ហ៊ុន​ CEFC China Energy Company មាន​ភាគ​ហ៊ុន​៦០​%​នៅ​ក្លឹប​លីគ​ឆែក​​ Slavia Prague។ ក្រុម​ហ៊ុន​ Ledus ​ជា​ម្ចាស់​របស់​ក្លឹប​បារាំង​ Sochaux និង​ក្រុម​ហ៊ុន​ United Vansen International Sports ​មាន​ភាគ​ហ៊ុន​ធំ​នៅ​ក្លឹប​របស់​ហុល្លង់​ ADO Den Haag៕

Tevez ទៅ​លេង​នៅ​ក្លឹប​ចិន

ប្រភព៖ BBC | Forbes   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា