ម្ដាយ​បង្កើត ថៃ នរៈពិទូ ចេញ​សារ​រន្ធត់​ចិត្ត​មួយ ក្រោយ​កូន​ប្រុស ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​សង្ស័យ​ពាក់​ព័ន្ធគ្រឿង​ញៀន

  • 2017-01-11 02:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី ងិន ម៉ានីយ៉ា បាន​បញ្ចេញ​សារ​ខ្លី​រន្ធត់​ចិត្ត​មួយ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​​ព័ត៌មាន​ពី​ការ​ឃាត់​ខ្លួន​របស់​កូន​អ្នក​ស្រី​កំពុង​បន្ត​ចុះផ្យាយ​នៅ​តាម​សារព័ត៌មាន​នានា។

នៅ​លើ​បណ្ដាញ​សង្គម​ថ្ងៃ​នេះ អ្នក​ស្រី ងិន ម៉ានីយ៉ា អតីត​ភរិយា​របស់​ឯកឧត្តម ថៃ នរៈសត្យា បាន​បញ្ចេញ​សារ​ថា "ពេល​ខ្លះ ចង់​ស្លាប់​តែ​ម្ដង​ ឲ្យ​វា​ផុត​ទុក្ខ"។ ជុំ​វិញ​សារ​ខ្លី​នេះ មិត្តភក្ដិ​លើ​បណ្ដាញ​សង្គម​របស់​អ្នក​ស្រីជា​ច្រើន​បាន​ចូល​មក​ផ្ញើ​សារ​លើក​ទឹក​ចិត្ត អ្នក​ខ្លះ​ជជីក​សួរ​រក​ហេតុផល​ពិត​ប្រាកដ។

យ៉ាង​ណា គេ​មិន​ឃើញ​អ្នក​ស្រី ឆ្លើយ​តប​ឡើយ ដោយ​មិន​ដឹង​ថា អ្នក​ស្រី​មាន​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ​ឡើយ។ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍ គឺ​​សារ​ម្ចាស់ខារ៉ាអូខេ ម៉ានីយ៉ា ខេធីវី រូប​នេះ ត្រូវ​បាន​បញ្ចេញ បន្ទាប់​ពី​ព័ត៌មាន​ថា ថៃ នរៈពិទូ ដែល​ជា​តំណក់​ឈាម​អ្នក​ស្រី ជាមួយឯកឧត្តម ថៃ នរៈសត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួុន​​ដោយ​សង្ស័យក្នុង​បទ​ពាក់ព័ន្ធ​គ្រឿង​ញៀននៅ​ខេត្ត​បាត់​ដំបង តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

តាម​ព័ត៌មាន​ នៅ​រសៀល​ម្សិលមិញ​នេះ តារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ និងគូកន​៥នាក់​ទៀត ដែល​ក្នុង​នោះ​មាន​នារី​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​ភរិយា​របស់​ខ្លួនផង ត្រូវ​បាន​​ប៉ូលិស​ខេត្ត​បាត់​ដំបង​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ នឹង​ករណី​ជួញ​ដូរ​ថ្នាំញៀន។

ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ ខារ៉ាអូខេមួយកន្លែងយីហោ ដឺសោន ហ្វាមីលី The Sound Family KTV បន្ទប់​លេខ២ ដោយ​រក​ឃើញ​ថា ពួកគេ បានប្រើប្រាស់ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ច​បាន បាន​ដក​ហូត មាន​​ថ្នាំញៀន​ប្រភេទ​កេតា​មីន​ (KETAMINE​ខេ) ​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​,​ឧបករណ៍​(​ពុម្ភ​)​សំរាប់​កែច្នៃ​ថ្នាំញៀន​អ៊ិច​ស្តាស៊ី​ចំនួន​២,​ថ្នាំ​អំពូល​Diazepam​ចំនួន​២​អំពូល​,ថ្នាំ​គ្រាប់​ ZEPAM​ ចំនួន​១៦​បន្ទះ​​និង​សម្ភា​រះ​វិច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួនទៀត​។

យោងតាមរបាយការណ៍របស់មន្ត្រីសមត្ថិកិច្ចបានបញ្ជាក់ថាជនទាំង៦នាក់នោះរួមមាន

ទី​១​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។

ថៃ នរៈពិទូ និង​ភរិយា ក្នុង​ថ្ងៃ​រៀប​ការ

ទី​២​ឈ្មោះ ថៃ នរៈពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ ខណ្ឌ​ប្រាំពីរ​មករា រាជធានី​ភ្នំពេញ​។

ទី​៣​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។

ទី​៤​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុង​បាត់ដំបង​។

ទី​៥​ឈ្មោះ អោក រតនៈ ប៉ុណ្ណិ​កា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ទី​៦​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល ក្នុង​ភូមិ​រំចេក​៤ សង្កាត់ រ​តនះ ក្រុង​បាត់ដំបង​។

ពាក់ព័ន្ធ​ករណីខាង​លើ ឯកឧត្តម ថៃ នរៈសត្យា និង​អ្នក​ស្រី ងិន ម៉ានីយ៉ា មិន​សុំ​ការ​អធិប្បាយ​បាន​ទេ។ ឯ ថៃ នារី​សុជាតា ជា​ប្អូន​ស្រី​របស់​លោក ពិទូ តាម​រយៈ​សារព័ត៌មាន​មួយ សុំ​មិន​ធ្វើ​អធិប្បាយ​ជុំវិញ​រឿង​ដែល​កើត​ឡើង​ទាក់​ទិន នឹង​បង​ប្រុស​ខ្លួន៕

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី