សង្កេត​មើល​ខ្លួន​ឯង បើ​​មាន​សញ្ញា​មួយ​ចំនួន​នេះ បញ្ជាក់​​ថា​អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ

  • 2017-01-12 01:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​បាក់​ទឹក​ចិត្ត​​ ​(Depression) គឺ​ជា​ជំងឺ​មួយ​ប្រៀប​ដូច​ជា​ទឹក​ធ្លាក់​ចេញ​ពី​បេះ​ដូង។ វា​កើត​ឡើង​ពី​​​មូល​ហេតុ​​ជា​ច្រើន​ច្បាស់​​លាស់​​​ដូច​​ជា ការ​បាត់​បង់​អាជីព បាត់បង់​​ទ្រព្យ​សម្បត្តិ​ ​មនុស្ស​​​ជា​ទី​ស្រលាញ់​ ឱកាស​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ មិត្តភាព សម្រាល​កូន​(១០-១៥​% នៃ​ស្ត្រី​​កើត​មាន​​​​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​រយៈ​ពេល​ខ្លី​​បន្ទាប់​​ពី​សម្រាល​​​​កូន)...ដែល​​កត្តា​ទាំង​នោះ​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ។ នេះ​​​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ បណ្ឌិត​ ឈឹម​ សុធារ៉ា វេជ្ជបណ្ឌិត​ឯក​ទេស​ចិត្ត​សាស្ត្រ។

រូបតំណាង

វេជ្ជបណ្ឌិត​ឯក​ទេស​ដែល​បាន​​ទទួល​សញ្ញា​ប័ត្រ​ពី​សាកល​វិទ្យាល័យ ញ៉ូវ​សោវែល និង​សាកលវិទ្យាល័យ​ម៉ូណាស់ នៃ​ប្រទេស​អូស្ត្រាលី​ ​បាន​ឲ្យ​​ដឹង​ថា បើ​សិន​បុគ្គល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ យ៉ាង​ហោច​ណាស់​​មាន​រោគ​សញ្ញា​ចំនួន​២ ក្នុង​ចំណោម​រោគ​សញ្ញា​​ខាង​ក្រោម​ ដែល​កើត​មាន​យ៉ាង​តិច​​រយៈ​ពេល​ ២​សប្ដាហ៍​៖​

រូបតំណាង

-អារម្មណ៍​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​កើត​មាន

-តូច​ចិត្ត​ខ្លួន​​ឯង

-យល់​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ (បាត់​បង់​ទំនុក​ចិត្ត​​លើ​ខ្លួន​​ឯង​ ឬ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ទាប)

-អារម្មណ៍​​ក្រៀម​ក្រំ​ខុស​ពី​ធម្មតា​ មាន​ជាប់​ជា​ប្រចាំ​

-បាត់​បង់​​ចំណង់​ចំណូល​ចិត្ត​ និង​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​​ដែល​ធ្លាប់​​ចូល​ចិត្ត​ពី​មុន​

-បាត់​បង់​ថាមពល​ និង​គ្មាន​កម្លាំង​កំហែង

-ពិបាក​ផ្ចង់​អារម្មណ៍​ ឬ​ធ្វើ​ការ​សម្រេច​ចិត្ត​

-មាន​ចលនា​យឺត​ ឬ​ជួន​កាល​បែរ​ជា​ឡេះ​ឡះ និង​មិន​អាច​សម្រួល​បាន​

-ពិបាក​ក្នុង​ការ​គេង​ ឬ​ជួន​កាល​គេង​ច្រើន​ជ្រុល​

-បាត់​បង់​ចំណង់​បរិភោគ​ ឬ​ជួន​កាល​ហូប​ច្រើន​ជ្រុល​។

ការ​ព្យាបាល​៖

តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​ជំនាញ​ខាង​លើ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​អាច​ព្យាបាល​​បាន​​​ធូរ​ស្បើយ​ឆាប់​រហ័ស​ នៅ​ពេល​ទទួល​បាន​អន្តរាគមន៍​ត្រឹម​ត្រូវ​។ គ្រួសារ​ និង​មិត្តភ័ក្ដិ​​មាន​តួនាទី សំខាន់​ក្នុង​ការ​​គាំទ្រ​ផ្លូវ​ចិត្ត​ ដល់​បុគ្គល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។ ​

របៀប​ជួយ​៖

-ជំងឺ​ធ្លាក់​ទឹក​ចិត្ត​មិន​មែន​ជា​ជំងឺ​​មិន​គ្រប់​ទឹក​ ឬ​អន់​ខ្សោយ​ ឬ​ក៏​ខ្ជិល​ច្រអូស​​នោះ​ឡើយ

-អនុញ្ញាត​​ឲ្យ​បុគ្គល​​នោះ និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ ដែល​កំពុង​កើត​មាន​

-ស្ដាប់​ដោយ​​មិន​វិនិច្ឆ័យ​​ដើម្បី​ស្វែង​យល់​ពី​បញ្ហា

-កុំ​រិះ​គន់ និង​មិន​ត្រូវ​​បង្ហាញ​ការ​ខក​ចិត្ត​​របស់​អ្នក ចំពោះ​បុគ្គល​មាន​រោគ​សញ្ញា​ធ្លាក់​ទឹក​ចិត្ត៕

​​​​​​

អត្ថបទ៖ មាន រតនា