សារប្រយោជន៍​ទាំង​​៧​ ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​ពី​ការ​បោះ​ជំរំ​ជា​ក្រុម

  • 2017-01-12 08:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​បោះ​ជំរំ​ជា​ក្រុម​គឺ​ជា​សកម្មភាព​នៃ​ការ​ហ្វឹក​ហាត់​រៀង​កាយ​ខ្លួន​ឯង​​​ រួម​ជា​មួយ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​ដ៏​ស្រស់​ស្អាត​​មួយ​ដែល​មនុស្ស​ភាគ​តិច​បាន​ទៅ​ដល់​​ ជាមួយ​ក្រុម​ការ​ងារ​ រឺ​ មិត្ត​ភក្តិ​របស់​​​។​ ​​​ការ​បោះ​ជំរំ​​​​​ជា​ក្រុម​ បាន​ផ្ដល់​នូវ​សារប្រយោជន៍​​ជា​ច្រើន​មាន​​ដូចជា​៖​​​​​

១ ឯករាជ្យ​ភាព

​ ​ពិត​ណាស់​ នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​​កម្សាន្ត​​ជា​លក្ខណៈ​ទេសចរណ៍​ជាមួយ​​ក្រុម​គ្រួសារ​ អ្នក​ប្រាកដ​ជា​ស្ថិត​នៅ​ក្រោម​​ការ​​រៀប​ចំ​​របស់​ឪពុកម្ដាយ​​ជា​មិន​ខាន។​​ ហើយ​មិន​អាច​​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ច្រើន​ពេក​នោះ​ទេ​។​ ឧទាហរណ៍​ ដើរ​ថតរូប​ច្រើន​សន្លឹក​ ​ ដើរ​ទិញ​អីវ៉ាន់​បាន​យូរ​​ជា​ដើម​។​​ ប៉ុន្តែ​នៅ​ពេល​អ្នក​ទៅ​បោះ​ជំរំ​ជា​ក្រុម​វិញ​ អ្នក​នឹង​មាន​សេរីភាព​​​ និង​ ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ទៅ​ទី​កន្លែង​ណា​ដែល​អ្នក​ពេញ​ចិត្ត​ និង អាច​ស្វែង​យល់​ពី​របស់​នានា​នៅ​តំបន់​នោះ​។​​​​​

២ ការ​លត់​ដំ​ខ្លួន​

​គោល​បំណង​នៃ​ការ​បោះ​ជំរំ​មិន​មែន​ជា​ការ​​​ញ៉ាំ​​​អាហារ​ឆ្ងាញ់​ៗ​ ​និង ​ដេក​ស្រួល​ដូច​ក្នុង​សណ្ឋាគារ​ផ្កាយ​៥​នោះ​ឡើយ​។​ ​​អ្នក​ត្រូវ​រៀន​រស់​នៅ​ដោយ​​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​ប្រជាជន​ក្នុង​តំបន់​ និង បរិភោគ​អាហារ​ដូច​ពួក​គាត់​ដែរ​។​​​​

៣ ធ្វើ​អោយ​មាន​សុខ​ភាព​ល្អ​

អ្នក​អាច​ស្រម៉ៃ​​ឃើញ​ថា​ ពេល​អ្នក​ដើរ​​​កម្សាន្ត​​ជាមួយ​គ្រួសារ​ អ្នក​ច្បាស់​ជា​ជិះ​រថយន្ត​ ម៉ូតូ​​ជាប់​ជា​មិន​ខាន។​ ប៉ុន្តែ​ការ​បោះ​ជំរំ​នៅ​តាម​តំបន់​ព្រៃ​​ភ្នំ​ អ្នក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដើរ​ថ្មើរ​ជើង​នោះ​ទេ​។​ ប៉ុន្តែ​ប្រការ​នេះ​នឹង​ជួយ​​អោយ​អ្នក​មាន​សុខភាព​ល្អ ដូច​ជា​​​រាង​កាយ​រឹង​មាំ​​ កាត់​បន្ថយ​ជំងឺ​បេះ​ដូង​ មាន​ភាព​រហ័ស​រហូន​ ព្រម​ទាំង​​មាន​ភាព​តស៊ូ​អំណត់​ជាង​មុន​ផង​ដែរ។​ ​

​៤ មាន​អារម្មណ៍​ស្រស់​ស្រាយ​

​ពេល​ដែល​អ្នក​បាន​ចូល​រួម​ការ​បោះ​ជំរំ​ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​សប្បាយ​អស់​ទុក្ខ​កង្វល់​ និង​ អារម្មណ៍​ស្រ្តេស​នានា​​ ដោយសារ​អ្នក​បាន​ជួប​ជាមួយ​​សម្រស់​នៃ​​​ធម្មជាតិ​ដ៍​ស្រស់​បំព្រង​​ដែល​មិន​ធ្លាប់​បាន​​ឃើញ​ពី​មុន​មក​។​ លើស​ពី​នេះ​ទៅ​ទៀត​ ការ​បោះ​ជំរំ​ជា​ក្រុម​តែង​មាន​កម្មវិធី​កម្សាន្ត​ប្លែក​ៗ​ជា​ច្រើន​​ដូច​ជា​ ​​​​ការ​រាំ​ច្រៀង​ ការ​និយាយ​រឿង​និទាន​ ការ​លេង​ហ្គីតា​ ការ​​សម្លឹង​មើល​​វ៉ូង​តារា​​ជា​ដើម​។​​​​​​

៥ មាន​ភាព​ឆ្នៃ​ប្រឌិត​ និង ភាព​ជា​​អ្នក​ដឹក​នាំ​

​នៅ​ពេល​ដែល​អ្នក​បាន​​ផ្ដល់​​យោបល់​ ក៏​ដូច​ជា​ប្រឹង​ប្រែង​សម្រាប់​​ការ​ងារ​ក្រុម ពេល​​នោះ​អ្នក​បាន​បង្ហាញ​ពី​ភាព​ឈ្លាស​វៃ​ ច្នៃ​ប្រឌិត​​​រួច​​ទៅ​ហើយ​។​ មិន​តែ​ប៉ុណ្ណោះ​​ការ​រៀប​ចំ​ក្រុម​ ការ​ដាក់​ផែន​ការ​យុទ្ធ​សាស្ត្រ​​នានា​គឺ​សុទ្ធ​តែ​​​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​​​ដែល​អ្នក​កំពុង​មាន​​។​​​​​

៦​ មាន​ទំនាក់​ទំនង​ល្អ​ និង សាមគ្គីភាព​

​​ជា​ធម្មតា​ ការ​បោះ​ជំរំ​ជា​ក្រុម​ ​តែង​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​ ដូចនេះ​វា​ជា​ឱកាស​មួយ​យ៉ាង​ល្អ​ដែល​អ្នក​អាច​​​ស្គាល់​មនុស្ស​ជា​ច្រើន​ ​មាន​សមត្ថភាព​ពិសេស​ផ្សេង​ៗ​គ្នា​ ហើយ​អ្នក​ក៏​អាច​បង្កើន​សាមគ្គីភាព​រវាង​គ្នា​ និង គ្នា​​បាន​ផង​ដែរ​។​​​​​

៧​​ ចំណេញ​លុយ​

​​ការ​បោះ​ជំរំ​នឹង​ធ្វើ​អោយ​អ្នក​ចំណាយ​អស់​លុយ​តិច​ ព្រោះ​អ្នក​​មិន​បាន​ចំណាយ​លើ​ថ្លៃ​សណ្ឋាគារ​ ថ្លៃ​​​ម្ហូប​​​អាហារ​​​ឆ្ងាញ់​ៗ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ឡើយ​​គឺ​អ្នក​គ្រាន់​តែ​​មាន​តង់​ អាហារ​កំប៉ុង​ អាហារ​ក្រៀម​ៗ​ ទឹក​​ផឹក​ និង សម្ភារៈ​មួយ​ចំនួន​តាម​ខ្លួន​ប៉ុណ្ណោះ​​ ​គឺ​ជា​ការ​ស្រេច​​ទៅ​ហើយ​។

ប្រភព៖​ Anussa Event Planner, Joy Tour & Travel​​

អត្ថបទ៖ ចន្ថា

អត្ថបទពេញនិយម